​លោក​ផៃ ស៊ី​ផាន​៖​​អ្នកជំទាស់​រឿង​លុប​ថ្ងៃបុណ្យ​១០​ធ្នូ​​និង​២៣​តុលា​ក្នុងន័យ​នយោបាយ​​

09-08-2019 7:07 am 1812
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន បានចាត់ទុក​អ្នក​រិះគន់​ជំទាស់​ទៅនឹង​រដ្ឋាភិបាល​រឿង លុប​ថ្ងៃ​បុណ្យទិវាសិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ និង ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣​តុលា ចេញ​ប្រតិទិន ឈប់សម្រាក​ប្រចាំឆ្នាំ​២០២០ ក្នុងន័យ​នយោបាយ​តែប៉ុណ្ណោះ ដោយ​លោក​បញ្ជាក់ថា ការ​លុប​ថ្ងៃ​ឈប់សម្រាក​ទាំងនេះ គឺមាន​ការពិភាក្សា និង​ឯកភាព​ពី​វិស័យ​ឯកជន ដោយសារតែ​ពួកគេ​ត្អូញត្អែ​ពីថ្ងៃ​ឈប់សម្រាក​នៅ​កម្ពុជា​ច្រើនពេក ធ្វើឱ្យប៉ះពាល់​ដំណើរការ​សេដ្ឋកិច្ច​។

​បន្ទាប់ពី​រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​សម្រេច​លុប​ថ្ងៃ​ឈប់សម្រាក​ចំនួន​៦​ថ្ងៃ ក្នុងនោះ​មាន​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ និង​ថ្ងៃ​ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣​តុលា ចេញពី​ប្រតិទិន​ឈប់សម្រាក​ប្រចាំឆ្នាំ​២០២០ ភ្លាម ត្រូវបាន​អ្នកវិភាគ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែលមាន​និន្នាការ​មិន​គាំទ្រ​រាជរដ្ឋាភិបាល ពួកគេ​បាន​រិះគន់ និង​ជំទាស់​យ៉ាងខ្លាំង ដោយ​ពួកគេ​មើលឃើញថា ការ​លុប​ថ្ងៃ​ឈប់សម្រាក​ទាំងពីរ​ខាងលើ ជា​ចេតនា​របស់​រដ្ឋាភិបាល ចង់ឱ្យ​ពលរដ្ឋ​បំភ្លេច​ការគោរព​សិទ្ធិមនុស្ស និង​បំភ្លេច​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​បាន​ឯកភាព​បញ្ចប់​សង្គ្រាមស៊ីវិល​ជាដើម​។​

​លោក ផៃ ស៊ី​ផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​អ្នក​រិះគន់​ជំទាស់​ទៅនឹង​រដ្ឋាភិបាល​រឿង លុប​ថ្ងៃ​បុណ្យទិវាសិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ និង ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣​តុលា ក្នុងន័យ​នយោបាយ​តែប៉ុណ្ណោះ​ដោយ​លោក​បញ្ជាក់ថា ការ​លុប​ថ្ងៃ​ឈប់សម្រាក​ទាំងនេះ គឺមាន​ការពិភាក្សា និង​ឯកភាព​ពី​វិស័យ​ឯកជន ដោយសារតែ​ពួកគេ​ត្អូញត្អែ​ពីថ្ងៃ​ឈប់សម្រាក​នៅ​កម្ពុជា​ច្រើនពេក ធ្វើឱ្យប៉ះពាល់​ដំណើរការ​សេដ្ឋកិច្ច​។ ជាមួយគ្នា​នោះ លោក​ក៏បាន​ប្រៀបធៀប​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ដទៃ គឺ​កម្ពុជា​ឈប់​ច្រើនជាងគេ ដែល​បញ្ហា​នេះ ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផងដែរ​……….

​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ បានបញ្ជាក់​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​សម្រេច​លុប​ថ្ងៃ​ឈប់សម្រាក​ខាងលើ គឺ​ដោយសារតែ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣​តុលា នេះ ជា​កិច្ចព្រមព្រៀង​រវាង​ខ្មែរ​និង​ខ្មែរ​មិនមែន​កិច្ចព្រមព្រៀង​ន​ផ្ដល់ឱ្យ​បរទេស​មក​លុកលុយ​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នោះទេ​។ ដោយឡែក ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ វិញ រដ្ឋាភិបាល​មិនបាន​បិទ​មិនឱ្យ​ប្រារព្វ​នោះទេ គឺ​គ្រាន់តែ​កាត់​ថ្ងៃ​ឈប់សម្រាក​តែប៉ុណ្ណោះ​………….

សំឡេង​លោក ផៃ ស៊ី​ផាន​៖

​ពាក់ព័ន្ធ​ការ​លុប​ថ្ងៃ​ឈប់សម្រាក​១០​ធ្នូ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ចេញ​ប្រតិទិន​របស់​រដ្ឋាភិបាល​នេះ ត្រូវបាន​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​ជាមួយ​ភាគី​ជប៉ុន នៅ​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩ ថា រាជរដ្ឋាភិបាល​លុប​តែ​ថ្ងៃ​ឈប់សម្រាក​ប៉ុណ្ណោះ តែ​រាជរដ្ឋាភិបាល​នៅតែ​រៀបចំ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ដដែល​។ ជាមួយគ្នា​នោះ លោក កែវ រ៉េមី ក៏បាន​គូសបញ្ជាក់ថា សិទ្ធិ​នៃ​ការជួបជុំ​សម្ដែង​មតិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដូចជា​មិនមាន​ការហាមឃាត់​នោះដែរ​…………

សំឡេង​កែវ រ៉េមី​៖

​សូមបញ្ជាក់ថា រដ្ឋាភិបាល​ប្រកាស​លុបចោល​ថ្ងៃ​ឈប់សម្រាក​ចំនួន ៦​ថ្ងៃ​សម្រាប់​ឆ្នាំ​២០២០ ខាងមុខ​។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២ ខែ​សីហា រដ្ឋាភិបាល​បាន​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជក កម្មករ ប្រចាំឆ្នាំ​២០២០ ពី ២៨​ថ្ងៃ មក​ត្រឹម ២២​ថ្ងៃ​វិញ​។​រដ្ឋាភិបាល​ឲ្យដឹងទៀតថា ថ្ងៃ​ដែល​បាន​លុប​ចេញពី​ប្រតិទិន​នោះ​មាន ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣​តុលា និង​លុបចោល ២​ថ្ងៃ សម្រាប់​ព្រះ​រាជពិធី​គោរព​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ​។​

​គួរ​រំលឹក​ផងដែរ ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣​តុលា ១៩៩១​នេះ ត្រូវ​រដ្ឋាភិបាល​លុប​ចេញពី​ប្រតិទិន​ឈប់សម្រាក​ការងារ​ម្តង​ហើយ​កាលពី​ឆ្នាំ​២០០៥ ប៉ុន្តែ បានសម្រេច​ដាក់បញ្ចូល​វិញ​នៅ​ឆ្នាំ​២០១២ ពោលគឺ​ក្រោយ​អតីតព្រះមហាក្សត្រ នរោត្តម​សីហនុ ចូល​ទីវង្គត​។​រដ្ឋាភិបាល អះអាង​ពេលនោះ​ថា ការដាក់​ឡើង​បញ្ចូល​ថ្ងៃ​២៣ តុលា ទៅក្នុង​ថ្ងៃ​ឈប់សម្រាក​ឡើងវិញ​នេះ​ថា ជា​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅនឹង​វីរភាព​របស់​សម្តេចព្រះ នរោត្តម សីហនុ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​នេះ នាំឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ការបោះ​ឆ្នោត មាន​សភាធម្មនុញ្ញ មាន​រដ្ឋធម្មនុញ្ញ ប្រកាន់យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​៕


ព័ត៌មានផ្សេងទៀត