អាមេរិក​៖​​ការ​ធ្វើតេស្ដ​​មី​ស៊ី​ល​ជាថ្មី​​របស់​កូរ៉េខាងជើង​​មិន​ប៉ះពាល់​​កិច្ចចរចា​​នុយក្លេអ៊ែរ​ទេ​

08-08-2019 8:13 pm 276
រដ្ឋមន្ដ្រីការបរទេសអាមេរិក​លោក​​Mike Pompeo

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូកាល​ពីថ្ងៃ​ពុធ​បាន​និយាយថា ការ​ធ្វើតេស្ដ​មី​ស៊ី​ល​ជាថ្មី​របស់​កូរ៉េខាងជើង មិន​ប៉ះពាល់​ដល់​កិច្ចចរចា​រំលាយ​នុយក្លេអ៊ែរ​ទេ​។ ការលើកឡើង​នេះ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចូលក្នុង​សមុទ្រ ជា​ការព្រមាន​ប្រឆាំងនឹង​សមយុទ្ធ​យោធា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង​។ នៅពេល​អ្នកសារព័ត៌មាន​សាកសួ​រថា ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​កិច្ចចរចា​នុយក្លេអ៊ែរ​ទេ លោក​ផុម​ភី​អូ​និយាយ​ថាវា​មិន​ប៉ះពាល់​ទេ​។ 

​លោក​ផុម​ភី​អូ​សង្កត់ធ្ងន់ថា យុទ្ធសាស្ដ្រ​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ជាមួយនឹង​ការគោរព​កូរ៉េខាងជើង​គឺ​មិន​ប្រែប្រួល​ទេ​។ ការប្រឹងប្រែង​របស់​អា​មេរិក​គឺ​ធ្វើយ៉ាងណា​សម្រេច​ឲ្យបាន​កិច្ចព្រមព្រៀង​ចុងក្រោយ ដើម្បី​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ អាមេរិក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ភាគី​ទាំងពីរ​អាច​ត្រឡប់​ទៅរក​តុ​ចរចា​ឡើងវិញ​។ លោក​រដ្ឋមន្ដ្រី​បន្ថែមថា​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​ធ្វើតេស្ដ មិនមែនជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដូច​បានប្រកាស​អាសន្នកាល​ពី​ឆ្នាំ​២០១៧​ទេ​។ ដូច្នេះ​បានន័យថា​កូរ៉េខាងជើង​ឈប់​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​តាំងពី​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​បច្ចុប្បន្ន​កាតព្វកិច្ច​សំខាន់បំផុត​គឺ​ធ្វើ​យ៉ាងណាឲ្យ​មេដឹកនាំ​ប្រទេស​ទាំងពីរ ឯកភាព​ត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​ក្នុងប្រទេស​សិង្ហ​បុរី​វិញ គឺជា​កិច្ចព្រមព្រៀង​ស្ដីពី​ការប្ដេជ្ញា​រំលាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ពេលនេះ​កំពុង​ផ្ដោត​យកចិត្ដទុកដាក់ និង​កំពុង​រៀបចំ​ផែនការ​ចរចា​ជាថ្មី​ក្នុងពេល​ពីរ​បី​សប្ដាហ៍​ខាងមុខ ហើយ​រំពឹង​ក្រុម​ដឹកនាំ​កិច្ចចរចា​តំណាង​ប្រទេស​ទាំងពីរ​នឹង​វិលត្រឡប់​មកវិញ​ជាមួយគ្នា​។​

​គួររម្លឹកថា ក្នុងអំឡុង​កិច្ច​ជំនួប​កាលពី​ខែមិថុនា​នៅ​តំបន់​គ្មាន​យោធា​ព្រំដែន​កូរ៉េ រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន មេដឹកនាំ​ទាំង​ពីរបាន​ព្រមព្រៀង​ឲ្យ​បន្ដ​កិច្ចពិភាក្សា ប៉ុន្ដែ​កិច្ចពិភាក្សា​កម្រិត​ការងារ​នៅ​មិនទាន់​ចាប់ផ្ដើម​ទេ​។ អ្នកវិភាគ​និយាយថា​សមយុទ្ធ​យោធា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង អាច​អូសបន្លាយ​កិច្ចពិភាក្សា​កាន់តែ​យូរ ស្របពេល​ទីក្រុង​ព្យុងយ៉ាង​បានបង្ហាញ​សញ្ញា​កាលពី​ថ្ងៃ​អង្គារ​ថា គ្មាន​ចិត្ដ​ក្នុង​ការ​និយាយគ្នា​ទៀត​ទេ​៕

ព័ត៌មានផ្សេងទៀត