លោកហ៊ុន សែន​ ប្រាប់​ពី​សក្តានុពល​វិនិយោគ​៥​ចំនុច​​ទៅ​អ្នកវិនិយោគ​ស្រីលង្កា​​

08-08-2019 2:15 pm 251

​លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​ធុរជន និង​អ្នកវិនិយោគ​ស្រីលង្កា​អំពី​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ ៥​ចំណុច​មាន​ជាអាទិ៍​៖

១) ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ។ ក្រោយពី​បញ្ឈប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំ​រៃ​កាលពី​ចុងឆ្នាំ​១៩៩៨ កម្ពុជា​បាន​ដាក់ចេញ​នូវ “​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​” ធ្វើឲ្យ​កម្ពុជា​ប្រែមុខ​មាត់​ថ្មីទាំង​ក្នុង​តំបន់ និង​សកល ហើយ​បច្ចុប្បន្ន​កម្ពុជា​ទទួលបាន​ទាំង​ស្ថិរភាព​នយោបាយ សន្តិភាព និង​ម៉ាក្រូសេដ្ឋកិច្ច​ពេញលេញ​ដែល​បាន​ទាក់ទាញ​ធុរជន និង​វិនិយោគិន​មក​ធ្វើជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា​។​

២)​ការបើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​
​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​។​

៣)​កម្លាំង​ពលកម្ម​ដែលមាន​ភាព​សម្បូរបែប​និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ​៣៥​ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ ៧២% នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែលមាន​ភាព​ប្រកួតប្រជែង​។​

៤)​កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា​“​រោងចក្រ​នៃ​អាស៊ី​” ។ ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុងស្រុក ទីផ្សារ​អនុតំបន់​មេគង្គ​, ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សំខាន់ៗ​ដទៃទៀត​ក្នុង​ពិភពលោក​។​

៥)​កម្ពុជា​មាន​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ “​វប្បធម៌​និង​ធម្មជាតិ រួមមាន សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែល​ប្រវត្តិសាស្ត្រ ព្រមទាំង​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ឆ្នេរសមុទ្រ ដែល​ទាំងនេះ​មាន​ភាព​ទាក់ទាញ​សម្រាប់​ទីផ្សារ​ទេសចរណ៍​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។​

សូមបញ្ជាក់ថា តួលេខ​វិនិយោគ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ បង្ហាញ​ពី​ភាព​វិជ្ជមាន​ជាច្រើន ដែល​គម្រោង​វិនិយោគ​ត្រូវ​បានអនុម័ត មាន​ចំនួន ១៥៣​គម្រោង ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,២​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ដោយ​ចំនួន​គម្រោង​មាន​ការកើនឡើង ៤៨​គម្រោង ខណៈដែល​ទុនវិនិយោគ​មាន​ការកើនឡើង​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក​៕

 ពាក្យគន្លឹះ  កម្ពុជាស្រីលង្កា

ព័ត៌មានផ្សេងទៀត