​ក្រសួង​ការងារ​​នឹង​រៀបចំ​កម្មវិធី​​​ប្រកួតប្រជែង​​កម្មករនិយោជិត​ឆ្នើម​ឆ្នាំ​២០១៩​

07-08-2019 3:31 pm 196
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​បុគ្គលិក កម្មករនិយោជិត​ឆ្នើម​ឆ្នាំ​២០១៩ ដើម្បី​ជម្រុញ​ការយល់ដឹង និង​លើកកម្ពស់​ផលិតភាព​នៅ​កម្ពុជា ព្រមទាំង​ចូលរួម​អបអរ​កម្មវិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ថ្ងៃទី​០២-០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​ក្រសួង​ការងារ​បាន​បញ្ជាក់ថា ការប្រកួតប្រជែង​បុគ្គលិក កម្មករនិយោជិត​ឆ្នើម​នេះ មាន​មុខតំណែង​ចំនួន​៥​ប្រភេទ ១. អ្នកគ្រប់គ្រង ២.​មេកា​បុគ្គលិក​ជាន់ខ្ពស់  ៣.​ប្រធាន​ក្រុម ៤.​អ្នក​ដេរ ឬ​បុគ្គលិក​ការិយាល័យ និង ៥.​បុគ្គលិក ឬ​កម្មករ​ទូទៅ​(​អ្នក​បើកឡាន អ្នក​ថែ​សួន អ្នក​សម្អាត​...) ដោយ​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃទី​១ ខែ​សីហា រហូតដល់​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០១៩​។ ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​មានបំណង​ចូលរួម​សូម​បញ្ជូន​ឈ្មោះ និង​ប្រវត្តិរូប​សង្ខេប​របស់​បុគ្គលិក កម្មករ​របស់ខ្លួន មកកាន់​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​។​

​ក្រសួង​ការងារ​បាន​បញ្ជាក់បន្ថែម​ថា អត្ថប្រយោជន៍​អ្នក​ដែល​ជាប់ ជ័យលាភី​ទាំងអស់​នឹង​ទទួលបាន​វិញ្ញាបនបត្រ​បុគ្គលិក កម្មករ​បុគ្គលិក​ឆ្នើម​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយនឹង​ជ័យលាភី​លេខ​១ ទទួលបាន​ប្រាក់​៣០០​ដុល្លារ និង​ប័ណ្ណ​តម្លៃ​៥០០​ដុល្លារ សម្រាប់​វគ្គ​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន​CGTI​។ ជ័យលាភី​លេខ​២ ទទួលបាន​ប្រាក់​២០០​ដុល្លារ និង​ប័ណ្ណ​តម្លៃ​៥០០​ដុល្លារ សម្រាប់​វគ្គ​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន CGTI និង​ជ័យលាភី​លេខ​៣ ទទួលបាន​ប្រាក់​១០០​ដុល្លារ និង​ប័ណ្ណ​តម្លៃ​៥០០​ដុល្លារ សម្រាប់​វគ្គ​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន CGTI​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន ក្រសួង​ការងារ បាន​សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា រៀបចំ​កម្មវិធី​ប្រកួតប្រជែង​បុគ្គលិក កម្មករនិយោជិត​ឆ្នើម ដែល​ប្រព្រឹត្តធ្វើ​នា​ថ្ងៃទី​២៧-២៨ ខែតុលា ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត