បក្ស​មូលដ្ឋាន​ ចាត់ទុក​ព្រឹត្តិការណ៍​២៣ តុលា​ ជា​សង្គ្រាម​​ប្រជាធិបតេយ្យ​​ដែល​ខ្មែរ​​ជោគជ័យ​

07-08-2019 3:30 pm 839
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយពី​រដ្ឋាភិបាល​សម្រេច​លុប ថ្ងៃ​២៣ តុលា ចេញពី​ប្រតិទិន​ឈប់សម្រាក​ប្រចាំឆ្នាំ មាន​មហាជន អ្នកវិភាគ អ្នកនយោបាយ រួមទាំង​គណបក្សនយោបាយ​ផង សម្តែ​ការមិនពេញចិត្ត និង​រិះគន់​លើ​ចេតនា​របស់​រដ្ឋាភិបាល​កម្ពុជា​ថា​អាច​នឹង​ធ្វើឲ្យ​ពលរដ្ឋ​ភ្លេច​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​នេះ និង​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ កាន់តែ​មើលឃើញថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​តាម​យន្តការ​ប្រជាធិតេយ្យ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ទេ​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បណ្តុំ​ដោយ​ក្រុម​បញ្ញវន្ត​ស៊ីវិល័យ លើកឡើងថា ២៣ តុលា បានធ្វើឲ្យ​សង្គ្រាមស៊ីវិល និង​ការប្រកាន់​និន្នាការ​នយោបាយ​ខុសគ្នា​រវាង​ខ្មែរ​ជាច្រើន​ក្រុម ត្រូវ​បានបញ្ចប់ ហើយ​អ្នកនយោបាយ​ខ្មែរ បាន​រួមគ្នា​កំណត់រ​បត់​នយោបាយ​ថ្មី ក្នុង​ការរួមចំណែក​ក​សាង​ជាតិ និង​លើកកម្ពស់​កម្រិត ជីវភាព​របស់​ប្រជាពលរដ្ឋ​តាមរយៈ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​និង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​គណបក្ស​នេះ មើលឃើញថា ក្នុង​រយៈពេល ២៨​ឆ្នាំ​នៃ​ការប្រកួតប្រជែង នយោបាយ​ដឹកនាំ​ប្រទេស​ខ្មែរ ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពេលខ្លះ​ឡើង ពេលខ្លះ​ចុះ ដែល​ឆ្លុះបញ្ចាំង ពី​សមត្ថភាព​នៃ​ការគ្រប់គ្រង​អភិបាលកិច្ច​រដ្ឋាភិបាល ការបង្កើត​លំហ​សេរីភាព ការគោរព​សិទ្ធិមនុស្ស និង កម្រិត​នៃ​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការរក្សា​លំនឹង​។​

២៣ តុលា ជា​ដំណើរ​ផ្លូវ​របស់​ព្រឹត្តិការណ៍ ដែល​ខ្មែរ​ប្រកាសថា ការប្រកួត​គ្នា​ដោយ​ប្រើ​ចុង​កាំភ្លើង ត្រូវបាន​បិទ​បញ្ចប់ ហើយ​ងាក​មក ប្រជែង​គំនិត ក្នុង​ការសុំ​ខ្លួន​មក​បម្រើ​ប្រយោជន៍​ជាតិ​វិញ ប៉ុន្តែ​គួរឲ្យ​ស្តាយ ព្រឹត្តិការណ៍​នេះ ត្រូវបាន​លុប​ចេញពី​ប្រតិទិន ឈប់សម្រាក ទៅវិញ​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) លើកឡើងថា «​យើង​ជា​ខ្មែរ ត្រូវតែ​រក្សាទុក ថ្ងៃ​២៣ តុលា ជា​ថ្ងៃបុណ្យ​ជាតិខ្មែរ ហើយ​ចងចាំ ថ្ងៃ​២៣​តុលា ឱ្យបាន​ជាប់​ជានិច្ច ព្រោះ​វា​ជា​ថ្ងៃ ដែល​៖ ទី​១. នាំមក​នូវ​ការបង្រួបបង្រួម ជាតិ ទី​២. នាំមក​នូវ​សន្តិភាព ទី​៣. នាំមក​នូវ​សេរីភាព និង​ឯករាជ្យ​ជាតិ ទី​៤. នាំមក​នូវ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ទី​៥. នាំមក​នូវ​ការកើតឡើង​វិញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​៦. នាំមក​នូវ​ជំនួយ​អភិវឌ្ឍន៍ និង ការវិនិយោគទុន​បរ​ទេស ហើយ ទី​៧. នាំ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់សែន​នាក់​ឲ្យធ្វើ​មាតុភូមិនិវត្តន៍​។​»

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដដែល ចាត់ទុក​ព្រឹត្តិការណ៍ ២៣ តុលា ជា​ថ្ងៃ​ជោគជ័យ សម្រាប់​ក្រុមបក្សនយោបាយ និង​ជា​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ខ្មែរ  ហើយ​ការ​លុប ថ្ងៃ (២៣ តុលា​) នេះ​ចោល​ជា​រឿង​គួរឱ្យ​សោកស្តាយ​សម្រាប់​ជាតិខ្មែរ ទោះបីជា​មានការ ខ្វែងគំនិត​គ្នា​លើ ការបកស្រាយ​អត្ថន័យ​វា​យ៉ាងណាក៏ដោយ​។​

​សូម​រំលឹកថា ២៣ តុលា ១៩៩១ ជា​ថ្ងៃ​ដែល​ក្រុម​អ្នកនយោបាយ​ខ្មែរ​ឯកភាពគ្នា​ចុះ​កិច្ចព្រមព្រៀង នៅ​ទីក្រុង​បារី​ស អំពី​បញ្ហា​កម្ពុជា ដែល​ភាគី​នយោបាយ​ខ្មែ​រទាំង​៤ បាន​ឯកភាពគ្នា​បញ្ចប់សង្គ្រាម​បង្ហូរឈាម ដណ្តើម​អំណាច​ដឹកនាំ​ប្រទេស ដោយ​ងាក​មក​ធ្វើ​ការប្រកួតប្រជែង​គ្នា​វិញ តាមរយៈ​ការបោះឆ្នោត​ដោយ​ឈរលើ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ដោយមាន​ការជួយជ្រោមជ្រែង​ពី​អង្គការសហប្រជាជាតិ តាមរយៈ​អាជ្ញាធរ​អ៊ុនតាក់ (United Nations Transitional Authority in Cambodia - UNTAC) ការបោះឆ្នោតជាតិ​មួយ ត្រូវបាន​រៀបចំ​ឡើងទៅ​ខែ​ឧសភា ឆ្នាំ​១៩៩៣​។ រដ្ឋធម្មនុញ្ញ​ថ្មី មួយ​ក៏​ត្រូវបាន​បង្កើត និង​អនុម័ត​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ដែល​បានចែង ថា ប្រទេស​កម្ពុជា​ប្រកាន់យក​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​រដ្ឋាភិបាល បានសម្រេច​លុប​ចេញពី​ប្រតិទិន​ឈប់សម្រាក​ប្រចាំឆ្នាំ មានដូចជា បុណ្យ​មាឃបូជា ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣​តុលា និង​លុបចោល ២​ថ្ងៃ សម្រាប់​ព្រះរាជ​ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ នរោត្តម សីហមុនី​។​

​មហាជន​ទូទៅ បានបង្ហាញ​ការខកចិត្ត​ចំពោះ​ការ​លុប​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ និង​ជាពិសេស​ទិវា​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​នេះ តែម្តង​។ ពីព្រោះថា កិច្ច​ព្រមព្រៀ​អន្តរជាតិ​នេះ បាន​នាំមក​នូវ​បទ​ឈប់​បាញ់​គ្នា ពី​គ្រប់ភាគី​ខ្មែរ ជំនួស​មកវិញ​ដោយ​ជំនួយ ពី​សហគមន៍​អន្តរជាតិ សម្រាប់​អភិវឌ្ឍ​ជាតិ នាំមក​នូវ​ការគោរព​សិទ្ធិ​នុស្ស និង​ប្រជាធិបតេយ្យ​។​

​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ មាន​ប្រទេស​ចំនួន ១៨ បាន​ចុះហត្ថលេខា​ទទួលស្គាល់ ក្នុងនោះ​មាន​ទាំង​មហាអំណាច​ទាំង ៥​ផងដែរ ដូចជា ចិន រុស្ស៊ី បារាំង និង​សហរដ្ឋអាមេរិក ជាដើម​។​

​ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣​តុលា ១៩៩១​នេះ ធ្លាប់​ត្រូវបាន​រដ្ឋាភិបាល​លុប​ចេញពី​ប្រតិទិន​ឈប់សម្រាក​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០០៥ ប៉ុន្តែ បានសម្រេច​ដាក់បញ្ចូល​វិញ​នៅ​ឆ្នាំ​២០១២ ពោលគឺ​ក្រោយ​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ចូល​ទិវង្គត​។​

​គួរ​បញ្ជាក់ដែរថា កន្លងមក ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ត្រូវបាន​អ្នកនយោបាយ​បកស្រាយ​យកចំណេញ​រៀងៗ​ខ្លួន ប៉ុន្តែ ធាតុពិត ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ ហាក់​មិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ទាំងស្រុ​ង​ទេ​។ 

​គណបក្សកាន់អំណាច ដែល​នៅតែ​រំលេច​ថ្ងៃ​៧​មករា​១៩៧៩ ថា​ជា​ស្នាដៃ​គ្មាន​ពីរ​របស់ខ្លួន​នោះ ចាត់ទុក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ថា ជា​«​ប្អូន​» របស់​ថ្ងៃ​៧​មករា​តែប៉ុណ្ណោះ ខណៈ​កន្លងមក អតីត​គណបក្សប្រឆាំង មិនដែល​ទទួលស្គាល់​ថ្ងៃ​៧​មករា ទេ​។​

​ក្នុង​បរិបទ​នេះ បង្ហាញឲ្យឃើញថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅតែ​បង្ហាញ​ពី​ភាពចម្រូងចម្រាស​ក្នុងចំណោម​អ្នកនយោបាយ​នៅឡើយ ៕

 ពាក្យគន្លឹះ  បក្សមូលដ្ឋាន២៣តុលា

ព័ត៌មានផ្សេងទៀត