អាមេរិក​ប្ដេជ្ញា​​ប្រើ​គ្រប់​មធ្យោបាយ​​បញ្ចប់​របប​​លោក​ម៉ា​ឌូ​រ៉ូ​​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា​

07-08-2019 11:03 am 1653

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​បាន​អះអាងថា នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដែល​សមស្រប ដើម្បី​បញ្ចប់​ភាពជា​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា​របស់​លោកនីកូ​ឡាស ម៉ា​ឌូ​រ៉ូ​។ ការលើកឡើង​ដូច្នេះ​បន្ទាប់ពី​លោក​ដូណាល់ ត្រាំ ចេញ​បញ្ជា​ឲ្យ​បង្កក​ទ្រព្យសម្បត្ដិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​មាន​មូលដ្ឋាន​នៅ​អាមេរិក​។ រដ្ឋលេខាធិការ​សារព័ត៌មាន​នៃ​សេត​វិមាន​អ្នកស្រី​ស្ទេ​ហ្វា​នី ហ្គ្រា​ហែម បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា របប​ផ្ដាច់ការ​របស់លោក​ម៉ា​ឌូ​រ៉ូ​ត្រូវតែ​បញ្ចប់​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា ដើម្បីឲ្យ​ប្រទេស​នេះមាន​អនាគត មាន​ស្ថិរភាព​ប្រជាធិបតេយ្យ​និង​វិបុលភាព រួចផុត​ពី​ភាពភ័យខ្លាច​។​

​អ្នកស្រី​បន្ថែមថា រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បានបញ្ជាក់​យ៉ាង​ច្បាស់លាស់ គឺ​គ្រប់​ជម្រើស​ទាំងអស់​ត្រូវយក​មក​ដាក់​លើ​តុ​។ អាមេរិក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​បញ្ចប់​របប​គ្រប់គ្រង​លោក​ម៉ា​ឌូ​រ៉ូ​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា ហើយ​គាំទ្រ​ឲ្យ​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទទួលបាន​ជំនួយ​មនុស្សធម៌ និង​ធានា​នូវ​ការផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

​លោក​ត្រាំ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​កាលពី​ថ្ងៃ​ចន្ទ រារាំង​រាល់​ទ្រព្យសម្បត្ដិ​និង​ផលប្រយោជន៍​ទាំងអស់​របស់​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡានៅ​ក្នុង​ដែន​សមត្ថកិច្ច​អាមេរិក និង​អនុញ្ញាតឲ្យ​មាន​ការដា​ក់​ទណ្ឌកម្ម​លើ​អ្នក​ដែល​ផ្ដល់​ការគាំទ្រ​ដល់​របប​លោក​ម៉ា​ឌូ​រ៉ូ​។ បទបញ្ជា​នេះ​ក៏​រឹតត្បិត​ការចូលទៅ​ក្នុង​ទឹកដី​អាមេរិក ចំពោះ​អ្នក​ដែល​ទទួល​ទណ្ឌកម្ម​ផងដែរ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​បានសរសេរថា បទបញ្ជា​ប្រតិ​បត្ដិកា​រនេះ​បានកំណត់​គោលដៅ​ដោយផ្ទាល់​លើ​អ្នក​ទាំងឡាយណា ធ្វើឲ្យ​អន្ដរាយ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្ដិ ដែល​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង​នោះ​គឺ​រដ្ឋសភា ឬ​ធ្វើឲ្យប៉ះពាល់​ដល់​ប្រធានាធិបតី​បណ្ដោះអាសន្ន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​ជូ​អាន ហ្គៃ​ដូ​។​

​គួររម្លឹកថា វិបត្ដិ​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ជាប់គាំង តាំងពី​លោក​ហ្គៃ​ដូ​មេ​បក្សប្រឆាំង​ប្រកាស​តែងតាំង​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្ដីទី​កាលពី​ខែមករា​។ កាលនោះ​លោក​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​ប្រមាណ​៥០ ឲ្យធ្វើជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​ហើយ​ទាមទារ​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​។ ប៉ុន្ដែ​លោក​ម៉ា​ឌូ​រ៉ូ​មិន​ព្រម​ចុះចេញ​ឡើយ និង​ឆ្លើយតប​ថា​លោក​ជា​ប្រធានាធិបតី​ស្របច្បាប់ គ្មាន​នរណា​អាច​បណ្ដេញ​លោក​ចេញ​បានទេ​។ លោក​ម៉ា​ឌូ​រ៉ូក៏​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​ចិន រុស្ស៊ី និង​ប្រទេស​មួយចំនួនទៀត​ដែរ​។ ដោយសារតែ​ការប្រកាន់​គោលជំហរ​រៀងៗ​ខ្លួន ទើប​ធ្វើឲ្យ​វិបត្ដិ​ជាប់គាំង​ដល់​បច្ចុប្បន្ន​នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត