​ជប៉ុន​នៅតែ​បារម្ភ​​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​និង​ចាប់ខ្លួន​លោក​កឹម សុខា​​

06-08-2019 4:02 pm 2478

​ភាគី​ជប៉ុន នៅ​ក្នុងជំនួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី នៅតែ​សម្ដែង​ការព្រួយបារម្ភ​ រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ការជួបជុំ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ការបាញ់សម្លាប់​លោក កែម ឡី អ្នកវិភាគ​បញ្ហា​សង្គម​ផងដែរ​។

​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន ក្រោយជំនួប​ជាមួយ​ភាគី​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩ ថា ភាគី​ជប៉ុន​បាន​សម្ដែង​ការព្រួយបារម្ភ រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ការជួបជុំ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ការបាញ់សម្លាប់​លោក កែម ឡី អ្នកវិភាគ​បញ្ហា​សង្គម នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ផងដែរ​……………

​សំឡែង​៖

​ក៏ប៉ុន្តែ​លោក កែវ រ៉េមី បាន​បកស្រាយ​ទាំង​អង្គហេតុ និង​អង្គច្បាប់ ប្រាប់​ទៅ​ភាគី​ជប៉ុន ដែល​តុលាការ​កម្ពុជា បាន​អនុវត្ត​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់ឃុំខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំពោះ​សិទ្ធិ​នៃ​ការជួបជុំ​របស់​អង្គការ​សង្គម​ស៊ីវិល​វិញ លោក បាន​បញ្ជាក់ថា កម្ពុជា​មិនបាន​រឹតត្បិត​សិទ្ធិសេរីភាព​នៃ​ការជួបជុំ​នោះឡើយ​។ លោក កែវ រ៉េមី បាន​អួត​ប្រាប់​ជប៉ុន​ផងដែ​រថា កម្ពុជា​ជា​ប្រទេស ដែលមាន​ការបើក​សិទ្ធិសេរីភាព ទូលាយ​ជាងគេ នៅក្នុង​ចំណោម​បណ្ដា​ប្រទេស​ទាំងអស់​នៅក្នុង​អាស៊ី​។​

​សំឡេង​៖

​ជាមួយគ្នា​នោះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ ក៏បាន​បញ្ជាក់ប្រាប់​ភាគី​ជប៉ុន​ទៀតថា កម្ពុជា បាន​អនុញ្ញាតឲ្យ​បន្តអា​ណ​ត្តិ​របស់​អ្នករាយការណ៍​ពិសេសស្ដីពីសិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ការិយាល័យ​ឧត្តមស្នងកា​រ​សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំ​នៅ​កម្ពុជា ហើយ​មានតែ​កម្ពុជា​ទេ មាន​លក្ខណៈពិសេស គឺ​ខុសប្លែក​ពី​គេ​ត្រង់​ថា ក្នុងចំណោម​ប្រទេស​ទាំងអស់​នៅក្នុង​អាស៊ី សួរថា ប្រទេស​ណា​ដូច​កម្ពុជា​ដែល​អនុញ្ញាតឲ្យ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិទ​ទួលបន្ទុក សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ពិនិត្យមើល​រឿង​សិទ្ធិមនុស្ស​។​

​សូមបញ្ជាក់ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានរៀបចំ​នូវ​កិច្ចសន្ទនា ស្តីពី​សិទ្ធិមនុស្ស​កម្ពុជា​-​ជប៉ុន​លើក​ទី​១០ ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩​។ កិច្ចសន្ទនា​ស្តីពី​សិទ្ធិមនុស្ស​កម្ពុជា​-​ជប៉ុន លើក​ទី​១០​នេះ ធ្វើឡើង​ក្រោម​វត្តមាន​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា រួមទាំង​តំណាង​ក្រសួង​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ភាគី​ជប៉ុន ដឹកនាំ​ដោយ​លោក ម៉ាសា​តុ អូ​តា​កា អគ្គនាយករង នៃ​ការិយាល័យ​គោលនយោបាយ​ការបរទេស និង​ជា​ឯកអគ្គរាជទូត ទទួលបន្ទុក​កិច្ចការ​សហប្រជាជាតិ នៃ​ក្រសួងការបរទេស​ជប៉ុន​៕

 ពាក្យគន្លឹះ  លោកកែវរ៉េមីជប៉ុន

ព័ត៌មានផ្សេងទៀត