លោកពូ​ទីន ​៖ ​រុស្ស៊ី​នឹង​អភិវឌ្ឍន៍​នុយក្លេអ៊ែរ បើ​អាមេរិក​ធ្វើ​រឿងនេះ​មុន​

06-08-2019 2:41 pm 309

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា ឌី​មៀ​ពូ​ទីន កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ជា​ឲ្យ​ក្រសួង​ការពារជាតិ ក្រសួងការបរទេស និង​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​បរទេស​របស់​រុស្ស៊ី ឃ្លាំមើល​ឲ្យបាន​ដិតដល់ នូវ​រាល់​ជំហាន​នានា​របស់​សហរដ្ឋអាមេរិក ក្នុង​ការអភិវឌ្ឍន៍ ផលិត​ឬ​ដាក់ពង្រាយ​មី​ស៊ី​ល ដែល​ហាមឃាត់ ក្រោម​សន្ធិសញ្ញា ស្តីពី អាវុធ​នុយក្លេអ៊ែរ​កម្រិត​មធ្យម ( INF ) ដែល​អាមេរិក​បាន​ដកខ្លួន​ចេញ​។ ប្រសិនបើ​រុស្ស៊ី​ប្រមូល​ព័ត៌មាន​ជាក់លាក់ បង្ហាញថា អាមេរិក​ពិតជា​បានបញ្ចប់​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ទាំងនេះ និង​ចាប់ផ្តើម​ផលិត​អាវុធ​ដែល​ហាមឃាត់​ពិតមែន នោះ​រុស្ស៊ី​គ្មាន​ជម្រើស​អ្វី ក្រៅតែពី​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង អភិវឌ្ឍន៍​មី​ស៊ី​ល​ដូច​អាមេរិក​ដែរ​នោះទេ​។ ក្រៅពីនោះ រុស្ស៊ី​បាន​ត្រៀមខ្លួន​ឆ្លើយតប រាល់​ការគំរាមកំហែង​នានា​ពី​អាមេរិក​ផងដែរ​។​

​យ៉ាងណាក៏ដោយ លោកពូ​ទីន នៅតែ​បង្ហាញ​ពី​សារសំខាន់ ដែល​ទីក្រុង​មូ​ស្គូ​និង​វ៉ាស៊ីនតោន ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ធំជាងគេ​បង្អស់​របស់​ពិភពលោក គួរ​បន្ត​ការពិភាក្សា អំពី ការគ្រប់គ្រង​អាវុធ ដើម្បី​ការពារ​នូវ​អ្វីដែល​លោក​បាន​ពណ៌នា​ថា ជា​ការប្រកួតប្រជែង​អាវុធ​ដោយ​គ្មាន​ដែន​កំណត់​។ សម្រាប់​អាមេរិក ថា វា​ស្ថិតនៅ​គម្លាត​មួយ​វែងឆ្ងាយ​ណាស់ ដែល​អាមេរិក​នឹង​ឆ្ពោះទៅ​ធ្វើតេស្ត​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ដើម្បី​ប្រឆាំង​ជាមួយ​រុស្ស៊ី​។ 

​ការ​គំរាម​របស់​លោកពូ​ទីន អំពី ការអភិវឌ្ឍន៍​នុយក្លេអ៊ែរ ធ្វើឡើង​បន្ទាប់ពី​អាមេរិក បាន​ដកខ្លួន​ចេញពី សន្ធិសញ្ញា ស្តីពី អាវុធ​នុយក្លេអ៊ែរ​កម្រិត​មធ្យម ជាមួយ​រុស្ស៊ី​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​។ អាមេរិក​ដកខ្លួន ក្រោម​ហេតុផល​ថា រុស្ស៊ី​បាន​ដាក់ពង្រាយ​មី​ស៊ី​ល រំលោភ​លើ​ខ្លឹមសារ ដែល​មានចែង​នៅក្នុង​សន្ធិសញ្ញា​នេះ​។ មី​ស៊ី​ល​នោះ​ថែមទាំង​មាន​ដាក់តាំង​កំញ៉ើញ​

​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​រុស្ស៊ី ដែលមាន​សមត្ថភាព វាយប្រហារ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​មួយចំនួន​ទៀតផង​។ តែ​ប្រទេស​រុស្ស៊ី បាន​បដិសេធ​ការចោទប្រកាន់​នេះ ដោយ​និយាយថា មី​ស៊ី​ល​បាន​ដាក់ពង្រាយ​នោះ គឺ​ស្ថិតនៅ​ខាងក្រៅ​សន្ធិសញ្ញា​ទេ​។​

​សូមបញ្ជាក់ថា សន្ធិសញ្ញា ស្តីពី អាវុធ​នុយក្លេអ៊ែរ​កម្រិត​មធ្យម ត្រូវបាន​ចុះហត្ថលេខា ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក​Ronald Reagan និង​មេដឹកនាំ​សហភាពសូវៀត​លោក​Mikhail Gorbatchev នៅ​ឆ្នាំ​១៩៨៧​។ ការបង្កើតឲ្យមានស​ន្ធិ​សញ្ញា​នេះឡើង ដើម្បី​បិទ​បញ្ចប់​ភាព​តានតឹង​ផ្នែក​យោធា នៅ​សម័យ​សង្គ្រាមត្រជាក់​។ សន្ធិសញ្ញា ស្តីពី អាវុធ​នុយក្លេអ៊ែរ​កម្រិត​មធ្យម ចងក្រង​ដោយ​បង្កប់​ខ្លឹមសារ ហាម​មិន​ឲ្យប្រើ​មី​ស៊ីល​គ្រប់​ប្រភេទ រួមមាន​មី​ស៊ី​ល​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ ឬ​មី​ស៊ី​ល​សម្រាប់​សង្គ្រាម ដែល​អាច​បាញ់​បាន​ពី​ចម្ងាយ​៥០០​ទៅ​៥ ៥០០​គីឡូម៉ែត្រ​៕


ព័ត៌មានផ្សេងទៀត