មាន​ភស្ដុតាង​អ្វី​​ចិន​​ហ៊ាន​ចោទ​​អាមេរិក​​នៅ​ពីក្រោយ​​ការតវ៉ា​​​​ក្នុងក្រុង​​ហុងកុង​?

06-08-2019 1:55 pm 1321
រូបភាពតវ៉ានៅហុងកុង

​បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​រវាង​ហុងកុង​ជាមួយ​ចិន ភាពចម្រូងចម្រាស​ក៏​រីក​រាលដាល​កាន់តែខ្លាំង ហើយ​ការតវ៉ា​ក៏​មិនទាន់​បញ្ចប់​ទោះបី​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ត្រូវ​លុបចោល​។ ការតវ៉ា​នេះ​មេដឹកនាំ​ហុងកុង​បានប្រកាសថា ពិតជា​ស្ថិតក្នុង​ការព្រួយបារម្ភ​ខ្ពស់​ណាស់ ព្រោះ​វា​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន ប៉ះពាល់​ដល់​សេដ្ឋកិច្ច ប៉ះពាល់​សន្ដិសុខ​សណ្ដាប់ធ្នាប់ និង​ប៉ះពាល់​ដល់​ច្បាប់​ហុងកុង​ផងដែរ​។ និយាយ​ពី​ប្រទេស​ចិន​បាន​បញ្ចេញ​កំហឹង​យ៉ាងខ្លាំង​ដាក់​ក្រុមបាតុករ​ក្រោយ​ឈានដល់​អំពើហិង្សា ហើយ​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ចាប់ខ្លួន​អ្នកបង្ក​មក​កាត់ទោស​ឲ្យ​ខាន​តែ​បាន​។ ចិន​ក៏បាន​បន្ទោស​សហរដ្ឋអាមេរិក​ថា ជា​អ្នកគាំទ្រ​និង​រុញច្រាន​ឲ្យ​ផ្ទុះ​ការតវ៉ា​ឈានដល់​ហិង្សា​នេះ​។ តើ​សម្អាង​លើ​ភស្ដុតាង​អ្វីខ្លះ​បានជា​ចិន​ហ៊ាន​ទម្លាក់កំហុស​លើ​អាមេរិក​ដូច្នេះ​? 

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ ដែល​រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​

​សំឡេង​៖

មុន​និយាយ​ពី​ទឡ្ហីករណ៍​ដែល​ធ្វើឲ្យ​ចិន​ចោទថា អាមេរិក​នៅ​ពីក្រោយ​ការតវ៉ា​នៅ​ហុងកុង យើង​ចាប់អារម្មណ៍​បន្ដិច​សិន​ពី​ចលនា​តវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង​។ ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​បានចាប់ផ្ដើម​ប្រមូលផ្ដុំ​តវ៉ា កាលពី​ថ្ងៃទី​០៩​ខែមិថុនា​ឆ្នាំ​២០១៩​។ មូលហេតុ​ដោយសារ​ពួកគេ​មិន​ពេញចិត្ដ​នឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែល​រដ្ឋាភិបាល​ហុងកុង​ដឹកនាំ​ដោយ​លោកស្រី​ខា​រី ឡា​ម ចង់​អនុម័ត​ឲ្យប្រើ​ប្រាស់​កាលពី​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។ ប៉ុន្ដែ​សេចក្ដីព្រាងច្បាប់​ត្រូវ​លោកស្រី​មេដឹកនាំ​សម្រេច​លុច​ចោល​វិញ ក្រោយ​ការតវ៉ា​ផ្ទុះ​ជា​អំពើហិង្សា​។​

​ដំបូង​ឡើយ​ការតវ៉ា​ធ្វើឡើង​ដោយ​សន្ដិភាព ប៉ុន្ដែ​ក្រោយមក​ក៏មាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក បាញ់កាំភ្លើង​គ្រាប់​ជ័រ ហើយ​ក្រុមបាតុករ​ក៏​ឈានដល់​គប់​ដុំថ្ម ដប​ទឹក​ដាក់​ប៉ូលិស ព្រមទាំង​វាយកម្ទេច​ទ្រព្យសម្បត្ដិ​សាធារណៈ និង​ចុងក្រោយ​ផ្ទុះ​ការប៉ះទង្គិច​បណ្ដាលឲ្យ​មនុស្ស​របួស​ជា​ច្រើននាក់​។ ក្រោយពី​នោះ​ក៏មាន​ការចាប់ខ្លួន ហើយ​បាន​ចោទប្រកាន់​ក្រុមបាតុករ​ប្រមាណ​ជាង​៤០​នាក់​ករណី​បង្កឲ្យមាន​កុបកម្ម​។ កាលពី​ថ្ងៃទី​០៥​សីហា​អាជ្ញាធរ​ហុងកុង​បានប្រកាសថា មនុស្ស​ជាច្រើន​រយ​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​ជាថ្មី​។ 

ក្រុមបាតុករ​ពេលនេះ​បាន​បង្វែរ​ការចាប់អារម្មណ៍​ទៅលើ​ការទាមទារ​ទម្លាក់​មេដឹកនាំ​ហុងកុង​ចេញពី​តំណែង និង​ទាមទារ​រក​យុត្ដិធម៌​ករណី​ពួកគេ​រង​នូវ​អំពើហិង្សា ជាជាង​ការប្រឆាំង​ច្បាប់​ធ្វើ​បត្យាប័ន​ដោយសារតែ​សេចក្ដីព្រាងច្បាប់​នេះ​បាន​លុបចោល​ហើយ​។ ក្រុមបាតុករ​ចង់ឲ្យមាន​ដំណោះស្រា​យឆាប់ៗ និង​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់ ប៉ុន្ដែ​ពុំទាន់​មាន​ការឆ្លើយតប​ពី​អាជ្ញាធរ​នៅឡើយ​។​

​ការតវ៉ា​នៅ​ហុងកុង​ពេលនេះ​គឺជា​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បំផុត បន្ទាប់ពី​ការតវ៉ា​ដែល​គេ​ហៅថា​ចលនា​ឆត្រ​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០១៤​។ សម្រាប់​ទីក្រុង​ប៉េកាំង​ពិតជា​មិន​សប្បាយ​ចិត្ដនឹង​ភាពចលាចល​កំពុងកើ​តឡើង​នៅ​ហុងកុង​ឡើយ​។ ចិន​បាន​ចោទថា​រឿងរ៉ាវ​កាន់តែ​ធំ​ដោយសារតែ​មាន​អ្នក​រុញច្រាន​ពីក្រោយ នោះ​គឺ​សហរដ្ឋអាមេរិក​ផ្ទាល់​តែម្ដង​។ ពុំមាន​ភស្ដុតាង​បង្ហាញថា​អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​ទេ ប៉ុន្ដែ​យ៉ាងណាមិញ​ចិន​ថា​ទីក្រុង​វ៉ាស៊ីនតោន បាន​ភ្ជាប់​ខ្លួន​ទៅនឹង​រឿង​នយោបាយ​ក្នុងប្រទេស​ជាច្រើន​កាលពី​អតីតកាល​។ 

មិនត្រូវ​ភ្លេច​ទេ​ថា​អាមេរិក​ជា​មហាអំណាច​ប្រជាធិបតេយ្យ ដូច្នេះ​ទីណា​មាន​ករណី​រំលោភបំពាន​ប្រជាធិបតេយ្យ ទីនោះ​តែងតែមាន​វត្ដ​មាន​អាមេរិក​។ កាលពី​ឆ្នាំ​២០១៤​អាមេរិក​ក៏​ចេញមុខ​គាំទ្រ​ចលនា​តវ៉ា​នៅ​ហុងកុង​ដែរ ហើយ​លើក​នេះ​ដ្បិត​អាមេរិក​មិន​បង្ហាញ​ការគាំទ្រ ប៉ុន្ដែ​អាមេរិក​បាន​ទទូច​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់ និង​ស្នើ​កុំឲ្យ​មាន​ការរំលោភបំពា​ន​សិទ្ធិសេរីភាព​នៅ​ហុងកុង​។ តាមរយៈ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​០៦​សីហា​នេះ បាន​ចោទ​ចំឈ្មោះ​អាមេរិក​ជា​អ្នកបង្កើន​ឥទ្ធិពល​លើ​ក្រុមបាតុករ​ហុងកុង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​អ្នកស្រី​ហ័រ ឈុន​យី​ង បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា ដូច​បានដឹង​ហើយ​ទាំងអស់នេះ​គឺជា​ការងារ​របស់​អាមេរិក​។ ចិន​នឹងមិន​អនុញ្ញាតឲ្យ​បរទេសចូ​ល​ជ្រៀតជ្រែ​កកិច្ចការ​ផ្ទៃក្នុង ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​នេះ​ដាច់ខាត​។ ចិន​ព្រមាន​ថា​អ្នក​ដែល​ហ៊ាន​ប្រលែង​នឹង​ភ្លើង គឺ​ពួកគេ​ខ្លួនឯង​ដែល​ត្រូវ​ភ្លើង​ឆេះ​។​

​ហេតុផល​មួយទៀត​ដែល​អាច​និយាយបានថា អាមេរិក​ជា​អ្នកគាំទ្រ​ការតវ៉ា​នៅ​ហុងកុង គឺ​នៅក្នុង​ក្បួន​តវ៉ា​តាម​បណ្ដា​ទីតាំង​មួយចំនួន ក្រុមបាតុករ​បាន​លើក​ទង់ជាតិ​អាមេរិក​ឡើង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ក៏បាន​បន្ទោស​អាមេរិក​ចំពោះ​ភាពចលាចល​នេះ​។ កាសែត​ចិន​Global Times​កាលពី​ថ្ងៃទី​០៥​សីហា​បាន​ចោទថា មេដឹកនាំ​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង មាន​ទំនាក់ទំនង​មិនធម្មតា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច​។ កាសែត​បាន​ចេញផ្សាយ​ថា ការតវ៉ា​ប្រឆាំង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ត្រូវបាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សហរដ្ឋអាមេរិក​។ ចំណែក​កូរ៉េខាងជើង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ចេញផ្សាយ​កាលពី​ថ្ងៃទី​០២​សីហា​បាន​អះអាង​ដែរថា ការតវ៉ា​នៅ​ហុងកុង​គឺជា​លទ្ធផល​ដែល​ញុះញង់​ដោយ​អាមេរិក​និង​ប្រទេស​លោកខាងលិច​។ ប៉ុន្ដែ​កូរ៉េខាងជើង​ក៏​គ្មាន​ភស្ដុតាង​ច្បាស់លាស់​ជុំវិញ​ការចោទប្រកាន់​អាមេរិក​ដែរ​។​

​អ្វី​ជា​ការកត់សម្គាល់​បន្ថែម ដូច​ដឹង​ហើយ​អាមេរិក​និង​ចិន​កំពុងមាន​ជម្លោះ​ជាមួយគ្នា​លើ​បញ្ហា​ជាច្រើន តែ​បញ្ហា​ធំៗ​មាន​សង្គ្រាម​ពាណិជ្ជកម្ម ករណី​នៅ​តៃវ៉ាន់ និង​វិបត្ដិ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។ ហេតុនេះ​គ្មានអ្វី​ប្លែក​ទេ​ប្រសិនបើ​អាមេរិក​ចង់​គាំទ្រ​ចលនា​ប្រឆាំងនឹង​ប្រទេស​ចិន ព្រោះ​នៅពេល​ចិន​រវល់​កាន់តែខ្លាំង​ក្នុង​ការដោះស្រាយ​វិបត្ដិ អាមេរិក​អាច​ឆ្លៀតឱកាស​ឈានជើងដើរ​កាន់តែ​លឿន​ជាង​ចិន មិន​ថា​ផ្នែក​នយោបាយ ទំនាក់ទំនង​ការបរទេស វិស័យសេដ្ឋកិច្ច ឬ​កេរ្ដិ៍ឈ្មោះ​នៅលើ​ឆាក​អន្ដរជាតិ​ក៏ដោយ​។​

​យ៉ាងណាមិញ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស អាមេរិក​បាន​ហៅ​សេចក្ដីថ្លែងការណ៍​របស់​ចិន​គឺជា​រឿង​គួរឲ្យ​អស់សំណើច​។ ពិតជា​រឿង​មិនគួរឲ្យ​ជឿ​ទេ​ដែល​មនុស្ស​រាប់លាន​នាក់ គ្រាន់តែ​ប្រមូលផ្ដុំ​តវ៉ា​ចង់បាន​សិទ្ធិសេរីភាព ចង់បាន​សង្គម​សេរី​និង​បើកចំហរ ចាំបាច់​ត្រូវមាន​គេ​រៀបចំ​ឲ្យ​នោះ​។ ការចោទប្រកាន់​របស់​ចិន​ពិតជា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​៕

ព័ត៌មានផ្សេងទៀត