លោក​ស​ខេង​៖ ចំនួន​អ្នក​ស្លាប់​ថយចុះ​ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភាព​១៣​ថ្ងៃ

05-08-2019 8:01 pm 290
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​រដ្ឋមន្ត្រី ស ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែងថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ បើ​ធៀប​នឹង​មុនពេល​ការដាក់ចេញ​នូវ​យុទ្ធនាការ​រឹង​បន្តឹង​ការ​ពាក់មួក​សុវត្ថិភាព​១៣​ថ្ងៃ ។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា ទោះបីជា​ទទួលបាន​លទ្ធ​ផល​ជា​វិជ្ជមាន​យ៉ាងណាក្តី អត្រា​មរណៈ​នៅ​មាន​ចំនួន​ច្រើន​នៅឡើយ ...

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​ថ្លែងថា យោងតាម​របាយការណ៍​លទ្ធផល​នៃ​យុទ្ធនាការ​រឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភាព ក្នុង​រយៈពេល​១៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣១ កក្កដា បង្ហាញថា អត្រា​មរណៈ​ចំពោះ​អ្នក​ប្រើប្រាស់​មធ្យោបាយ​ទោចក្រយានយន្ត បាន​ថយចុះ​៩​នាក់ ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព​បាន​ថយចុះ​៥​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា មុន​ការអនុវត្ត​យុទ្ធនាការ ។​

​ថ្លែង​លើ​ទំព័រ​ហ្វេ​សប៊ុក នៅ​រសៀល​ថ្ងៃ​ទី​៥ សីហា លោក ស ខេង បញ្ជាក់ថា ផ្អែក​តាម​លទ្ធផល​នេះ លោក​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​យុទ្ធនាការ​រឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភាព លើ​អ្នកធ្វើដំណើរ​តាម​មធ្យោបាយ​ទោចក្រយានយន្ត​ទូទាំងប្រទេស ដែល​បាន​ធ្វើឱ្យ​អត្រា​មរណៈ​ថយចុះ ។​

​យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ទោះបីជា​ការអនុវត្ត​យុទ្ធនាការ​រឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភាព​មួយ​រយៈ​នេះ ទទួលបាន​លទ្ធផល​វិជ្ជមាន​យ៉ាងណាក្តី ប៉ុន្តែ អត្រា​មរណៈ​នៅតែ​មាន​ចំនួន​ច្រើន ហើយ​ចំនួន​អ្នក​របួស​នៅ​តែ​បន្ត​កើនឡើង​ដោយ​ពុំ​ទាន់​មាន​សញ្ញា​ថមថយ​នៅឡើយ ។​

​លោក​ថា ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក​អំពាវនាវ​ដល់​ព​ល​រដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​ស្មារតី​ភ្ញាក់រឭក​ខ្ពស់ ដើម្បី​ការពារ​សុវត្ថិភាព និង​អាយុជីវិត​ផ្ទាល់ខ្លួន និង​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់ៗ​គ្នា ៕

ព័ត៌មានផ្សេងទៀត