អ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេងអន្ដរជាតិមួយគ្រឿងទៀតហើយ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យ។ ការរឹបអូសនេះជានាវាអន្ដរជាតិទីបីក្នុងរយៈពេលមួយខែ ចន្លោះពេលភាពតានតឹងរវាងអ៊ីរ៉ង់ជាមួយអាមេរិកកំពុងកើនឡើងខ្លាំង។ កងទ័ពបដិវត្ដន៍អ៊ីរ៉ង់បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា បានឃាត់នាវាមួយគ្រឿងនៅក្បែរកោះFarsi ដែលដឹកប្រេងប្រមាណ៧សែនលីត្រ។ មនុស្សចំនួន៧នាក់ត្រូវបានចាប់ខ្លួនផងដែរ នៅក្នុងប្រតិបត្ដិការបង្ក្រាបរបស់កងទ័ពអ៊ីរ៉ង់កាលពីយប់ថ្ងៃពុធសប្ដាហ៍មុន។
គួរបញ្ជាក់ថា ភាពតានតឹងអ៊ីរ៉ង់និងអាមេរិកបានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបង្កើនយុទ្ធនាការដាក់សម្ពាធជាអតិបរមាប្រឆាំងទីក្រុងតេរ៉ង់។ អាមេរិកបានបាញ់ទម្លាក់យន្ដហោះស៊ើបការណ៍គ្មានមនុស្សបើកអ៊ីរ៉ង់មួយគ្រឿង ហើយអ៊ីរ៉ង់ក៏បានអះអាងថាបាញ់ទម្លាក់យន្ដហោះស៊ើបការណ៍គ្មានមនុស្សបើករបស់អាមេរិកមួយគ្រឿងដែរ បង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងខ្លាចផ្ទុះអាវុធទ្រង់ទ្រាយធំ។ បច្ចុប្បន្នមិនទាន់មានដំណោះស្រាយសមស្រប អាចបន្ធូរស្ថានការណ៍វឹកវរនៅឡើយ៕