មេដឹកនាំ​ហុងកុង​ថា​​ការតវ៉ា​ជាថ្មី​​កំពុង​រុញឲ្យ​ស្ថានការណ៍​​ធ្លាក់​ដល់​​ចំណុច​គ្រោះថ្នាក់​

05-08-2019 4:45 pm 417
  ស្តាប់
មេដឹកនាំហុងកុងលោកស្រីខា​រី ឡា​ម
ស្តាប់ជាសំឡេង

​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​នៅ​ថ្ងៃទី​០៥​សីហា​នេះ បានធ្វើ​សន្និសីទកាសែត​ដ៏​កម្រ​មួយ ខណៈដែល​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​កំពុង​ជួបជុំ​នៅក្នុង​ក្រុង​។ នៅក្នុង​សន្និសីទកាសែត​លោកស្រី​និយាយថា លោកស្រី​នឹងមិន​ចុះ​ចេញពី​តំណែង​ទេ ខណៈដែល​រដ្ឋាភិបាល​លោកស្រី​កំពុង​ផ្ដោត​សំខាន់​លើ​ការជួសជុល​ច្បាប់​និង​សណ្ដាប់ធ្នាប់​ក្នុង​ទីក្រុង​ឡើងវិញ​។​

​លោកស្រី​ខា​រី ឡា​ម​សង្កត់ធ្ងន់ថា “​ការតវ៉ា​និង​ក្បួន​ដង្ហែ​រៀបចំឡើង​ថ្មីៗ​នេះ បង្កឲ្យមាន​អំពើហិង្សា​កើតឡើង ហើយ​សកម្មភាព​ដ៏​គួរឲ្យ​បារម្ភ​នេះ​ទៀតសោត ធ្វើឡើង​បន្ទាប់ពី​ការប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​។ ការតវ៉ា​ដែល​កំពុង​រីក​រាលដាល​ជា​អំពើហិង្សា​កាន់តែខ្លាំង ពិតជា​ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ច្បាប់​និង​សណ្ដាប់ធ្នាប់​ហុងកុង ហើយ​កំពុង​រុញច្រាន​ឲ្យ​ទីក្រុង​ធ្លាក់​ដល់​ស្ថានការណ៍​មួយ​គ្រោះថ្នាក់​បំផុត​។​”

​លោកស្រី​មេដឹកនាំ​បន្ថែមទៀតថា ប្រជាជន​ហុងកុង​ភាគច្រើន​កំពុង​ប្រឈម​បញ្ហា​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ អ្នកខ្លះ​មិន​ទាំង​ដឹងផង​ថា​អាច​បន្ដ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​បាន​ទៀត​ឬ​អត់ ស្របពេល​អ្នកផ្សេង​កំពុង​ត្រូវបាន​គេ​ហាមឃាត់​មិនឲ្យ​ទៅធ្វើការ​។ រដ្ឋាភិបាល​បានប្រកាស​រួចហើយ​ថា សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​បាន​ស្លាប់​ហើយ ប៉ុន្ដែ​ក្រុមបាតុករ​នៅតែ​បន្ដ​ប្រមូលផ្ដុំ​តវ៉ា​ដដែល​។ ដូច្នេះ​រដ្ឋាភិបាល​ប្ដេជ្ញាចិត្ដ​ក្នុង​ការរ​ក្សាច្បាប់ សណ្ដាប់ធ្នាប់​នៅ​ហុងកុង និង​ស្ដារ​ទំនុកចិត្ដ​ឡើងវិញ​។ នេះ​ជា​ពេលវេលា​ដែល​ត្រូវ​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ដោះស្រាយ​ភាព​ខ្វែងគំនិត កុំឲ្យ​មាន​ភាពវឹកវរ​កើតឡើង​បន្ដទៀត​។​

​សូម​រម្លឹកថា ការតវ៉ា​នៅក្នុង​ក្រុង​ហុងកុង​បានចាប់ផ្ដើម​ឡើង​តាំងពី​ថ្ងៃទី​០៩​ខែមិថុនា គិត​មកដល់ពេលនេះ​ជិត​ពីរ​ខែ​ហើយ​។ ការតវ៉ា​បាន​ឈានដល់​អំពើហិង្សា​បណ្ដាលឲ្យ​មនុស្ស​របួស​ជា​ច្រើននាក់ និង​ចាប់ខ្លួន​ជាច្រើន​នាក់​ទៀត​ក្រោម​បទ​ចោទថា​ប្រព្រឹត្ដ​អំពើ​កុប​កម្ម​។ ដើមហេតុ​នៃ​ការតវ៉ា​ដើម្បី​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែល​ហុងកុង​គ្រោង​អនុម័ត​កាលពី​ខែកក្កដា ប៉ុន្ដែ​សេចក្ដីព្រាងច្បាប់​ត្រូវ​លុបចោល​វិញ​។ ក្រុមបាតុករ​បារម្ភ​ខ្លាច​ជនសង្ស័យ​ដែល​ត្រូវ​បញ្ជូនទៅ​កាត់ទោស​នៅ​ចិន អាច​រង​នូវ​អំពើ​អ​យុត្ដិធម៌ ការគាបសង្កត់​ផ្សេងៗ ហេតុនេះហើយ​ទើប​ពួកគេ​ប្រកាស​ជំទាស់​ដាច់ខាត​៕

ព័ត៌មានផ្សេងទៀត