លោក​ហ៊ុន សែន​ អួត​ពី​អភិបាលកិច្ច​ ក្រោម​ការដឹកនាំ​​របស់​លោក​​

05-08-2019 2:46 pm 811

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​០៥ សីហា បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ទាំងអស់​ឱ្យខិត​ខំប្រឹងប្រែង​រួមគ្នា​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ដែល​សម្រេចបាន​ក្នុង​អត្រា​៧%​ជា​រៀងរាល់ឆ្នាំ​។ លោក​ហ៊ុន សែន និយាយថា នេះ​ដោយសារតែ​អភិបាលកិច្ច​ល្អ ហើយ​បើ​អភិបាលកិច្ច​របស់​កម្ពុ​ជា​ស្មោកគ្រោក សេដ្ឋកិច្ច​កម្ពុជា ក៏​មិនអាច​ឈរ​នៅ​កំពូល​តារាង ដែល​សម្រេចបាន​កំណើន​អត្រា​៧%​នៅ​ឆ្នាំ​២០១៩ ខ្ពស់ជាង​គេ​បំផុត​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន ដែលរ​វាយតម្លៃ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ។​

​លោក​ហ៊ុន សែន អះអាងថា ថ្មីៗ​នេះ ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB បាន​ព្យាករណ៍ ថា​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ក្នុងចំណោម​បណ្តាល​ប្រទេស​អាស៊ាន គឺ​នៅ​ខ្ពស់​ជាងគេ គឺ​៧% ដែល​ឈរ​លេខ​១ ឯ​វៀតណាម​ទី​២ ដែល​នៅក្រោម​៧%​។ លោក​ថា កម្ពុជា មិនអាច​ទទួល​កំណើន​សេដ្ឋកិច្ច​៧% បានទេ ប្រសិនបើ​អភិបាលកិច្ច​ស្មោក​គ្រោក​។  លោក​បន្តថា អភិបាលកិច្ច​មិនមែន​គ្រាន់តែ​ទាក់ទង​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ទាក់ទង​ជាមួយនឹង​បញ្ហា​ថវិកា​នោះទេ ក៏ប៉ុន្តែ​វា​ទាក់ទង​ទាំងអស់ ជា​កញ្ចប់​តែម្តង​។​

​សូមជម្រាបថា ថ្មីៗ​នេះ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាក​រថា​ផលិតផល​នៅ​ក្នុងស្រុក ឬ GDP របស់​កម្ពុជា នឹងមាន​អាត្រា​កំណើន​៧%​នៅ​ឆ្នាំ​២០១៩​នេះ ដែលជា​កំណើន​ខ្ពស់ជាង​គេ​បំផុត ក្នុងចំណោម​បណ្ដា​ប្រទេស ជា​សមាជិក​អាស៊ាន​ដទៃទៀត​។​

​នៅក្នុង​របាយការណ៍​មួយ​របស់ខ្លួន ADB ក៏បាន​បញ្ជាក់ដែរថា GDP របស់​កម្ពុជា​នឹងមាន​អាត្រា​កំណើន​៦.៨%​នៅ​ឆ្នាំ​២០២០ ខណៈ​អតិផរណា​នឹងមាន​អាត្រា​២.៥ %​ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។ លើសពីនេះទៅទៀត GDP សម្រាប់​ប្រជាជន កម្ពុជា​ម្នាក់​ក៏​ត្រូវបាន​រំពឹង​ផងដែ​រថា នឹងមាន​កំណើន​៤.៤%​ក្នុង​ឆ្នាំ​២០១៩ និង​៤.២%​ក្នុង​ឆ្នាំ​២០២០​។​

​ចំណែក ធនាគារពិភពលោក (World Bank) និង​មូលនិធិ​រូបិយវត្ថុ​ពិភពលោក (IMF) សុទ្ធតែ​បាន​ព្យាករ​ផងដែ​រថា សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​រក្សា​កំណើន​រង្វង់​ជិត​៧% ក្នុង​ឆ្នាំ​២០១៩​។​

​ប៉ុន្តែ បើតាម​ការស្រាវជ្រាវ មួយ​នៃ​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន ដែលមាន​ការចូលរួម​របស់​ធនាគារពិភពលោក​ផងដែរ បាន​មើលឃើញថា គុណភាព​នៃ​អភិបាលកិច្ច ដោយ​ក្នុងនោះ​មាន​ទាំង​ការគ្រប់គ្រង​អំពើពុករលួយ​ផង មាន​ផលប៉ះពាល់​ជាខ្លាំង​មកលើ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ ការស្រាវជ្រាវ បង្ហាញថា បើទោះជា​ប្រទេស​មួយចំនួន មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​រយៈពេល​ខ្លី តែបើ​ក្នុងស្ថានភាព​អភិបាលកិច្ច​មិនល្អ និង​មាន​អំពើពុករលួយ​ជ្រាលជ្រៅ គឺ​កំណើន​សេដ្ឋ​កិ​ច​នេះ និង​ផុយស្រួយ និង​មិន​ស្ថិតស្ថេរ​ឡើយ​។​

​កន្លងមក ក្រុមអ្នកតាមដាន​សង្គម និង​អភិបាលកិច្ច​នៅ​កម្ពុជា នៅតែ​មើលឃើញ​ពី​កម្សោយ​នៃ​អភិ​បាក​កិច្ច ក្នុងនោះ មានដូចជា កង្វះ​ធនធានមនុស្ស កង្វះ​ប្រព័ន្ធគ្រប់គ្រង​ដោយ​ប្រសិទ្ធភាព និង​កង្វះ​តម្លាភាព​អំពី​ចំណូល​ចំណាយ​ដែល​ទទួលបាន​ពី​ធនធាន គឺជា​ឧបសគ្គ​មិនអាច​ធ្វើឲ្យ​ប្រទេស​រីកចម្រើន​បាន​៕

ព័ត៌មានផ្សេងទៀត