​បដិមា​ព្រះ​សិវៈ​រាំ​មួយ​ម៉ឺន​បំណែក​​ត្រូវ​បានចាប់ផ្តើម​ផ្គុំ​រូបរាង​ឡើងវិញ​​

05-08-2019 2:27 pm 513
  ស្តាប់
ប្រភពរូបភាពពីអាជ្ញាធរជាតិអប្សរា
ស្តាប់ជាសំឡេង

​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា បដិមា​ព្រះ​សិវៈ​រាំ កម្ពស់​៥​ម៉ែត្រ មាន​ព្រះ​សិរ​២​ជាន់ ព្រះ​ភក្ត្រ​៥ ព្រះ​ហ​ស្ថ​១០ មាន​ប្រភព​មកពី​ប្រាសាទក្រហម​នៅ​កោះ​កេរ នា​ស​.​វ​.​ទី​១០ នៃ​គ​.​ស​. ស្ថិតក្នុង​សភាព​បាក់បែក​ចំនួន​១០០០០​បំណែក បច្ចុប្បន្នកំពុង​ត្រូវបាន​ក្រុម​អ្នកជំនាញ​នៃ​អភិ​រក្សដ្ឋាន​អង្គរ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​ជាតិ​អប្សរា សារៈមន្ទីរ​ជាតិ​ភ្នំពេញ និង​សាលា​បារាំង​ចុង​បូព៌ា​ធ្វើ​ការជួសជុល​ផ្គុំ​រូបរាង​ឡើងវិញ​តាម​ទម្រង់​ដើម​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ភាព​ខ្ទេចខ្ទាំ​រាងកាយ​រាប់ម៉ឺន​បំណែក​នៃ​ទេព​អង្គ​នេះ បណ្តាលមកពី​កត្តា​ធម្មជាតិ​នៃ​អាយុកាល ភាពវឹកវរ​នៃ​សង្គ្រាមស៊ីវិល និង​ពួក​ឈ្មួញ​ទុច្ចរិត​មួយចំនួន ឆ្លៀតឱកាស​ស្រុកទេស​គ្មាន​សុខសន្តិភាព ក៏បាន​អារកាត់​ព្រះ​សិរ​យកទៅ​ជួញដូរ ហើយ​វាយ​បំបែក​រូបរាងកាយ​ដែល​ពុកផុយ​ឱ្យ​បែកខ្ទេច​។ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​បញ្ជាក់ទៀតថា ទាក់ទង​នឹង​ការប្រមូល​បំណែក​នៃ​ព្រះ​សិវៈ​រាំ​មក​ធ្វើ​ការអភិរក្ស​ឡើងវិញ គឺ​នៅ​ឆ្នាំ​២០១២ សាលា​បារាំង​ចុង​បូព៌ា បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានធ្វើ​កំណាយ​ស្រាវជ្រាវ​រួមគ្នា​ដើម្បី​ប្រមូល​នូវ​បំណែក​នៃ​ព្រះ​សិវៈ​រាំ ដែល​សេសសល់​ពី​ការបំផ្លាញ​ទាំង​ក្នុង​ដី​ខ្លះ និង​គរ​លើដី​លាយឡំ​នឹង​បំណែក​ឥដ្ឋ​ខ្លះ មក​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ក៏ប៉ុន្តែ​ដោយសារ​នៅ​ទីនោះ​មាន​ការលំបាក​ក្នុង​ការជួសជុល ក៏បាន​ផ្ទេរ​មក​អភិ​រក្សដ្ឋាន​អង្គ​រវិញ​។ 

​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​បន្ថែមទៀត​ថា ក្នុង​ការជួសជុល​នេះ ក៏បាន​យក​បំណែក​ដៃ​ចំនួន​៥ និង​ព្រះ​ភក្ត្រ​ចំនួន​ពីរ​មកពី​សារមន្ទីរ​ជាតិ​ភ្នំពេញ ដែល​បារាំង​បាន​យកទៅ​រក្សាទុក​នៅ​ឆ្នាំ​១៩៦០ ដើម្បី​ផ្គុំ​ឱ្យចេញ​រូបរាង​ដើម​វិញ​។ ចំពោះ​ដំណើរការ​ជួសជុល លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​ក្រសួង​វប្បធម៌​បានឱ្យដឹងថា មកដល់ពេលនេះ​ការជួលជុល​និង​ផ្គុំ​បំណែក​បដិមា​ព្រះ​សិវៈ​រាំ បាន​ដំណើរការ​ជាង​២​ខែ​មកហើយ ដោយ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ខ្មែរ​មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​ជាតិ​អប្សរា និង​សារមន្ទីរ​ជាតិ​ភ្នំពេញ​។ ជា​លទ្ធផល យើង​ផ្គុំ​បាន​ផ្នែក​ទ្រូង ការព្យាបាល​ពង្រឹង​ថ្ម​ដែល​ពុកផុយ​ខ្លះ រួមទាំង​ផ្នែក​ផ្សេងៗ​ទៀត​។ ក្នុងនោះដែរ​ក៏​ជា​ការសោកស្តាយ ដែល​ព្រះ​ភក្ត្រ​ចំនួន​បី​ត្រូវបាន​បាត់បង់ ហើយ​ក្រុមការងារ​ក៏​កំពុង​ពិចារណា​ថា គួរ​បំពេញបន្ថែម និង​ប្រើ​ថ្ម​ថ្មី​ក្នុង​កម្រិតណា​ក្នុង​ការបំពេញ​នៅ​កន្លែង​បាត់បង់​ផ្នែក​ផ្សេងទៀត​។​

​អនុប្រធាននាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​ក្រសួង​វប្បធម៌​រូបនេះ បន្តទៀតថា ក្នុង​ការអនុវត្ត​ការងារ​នេះ យើង​មិនទាន់​ហ៊ាន​កំណត់​ពី​វេលា​សម្រេច​ទេ ព្រោះ​មាន​ការលំបាក​ខ្លាំង​ដោយសារ​បំណែក​រូប​មាន​ដល់​ទៅមួយ​ម៉ឺន​ដុំ​ទាំង​តូចធំ ដែល​បំណែក​ខ្លះ​តូច​ពិបាក​ក្នុងការ​ផ្គុំ ត្រូវការ​ពេលវេលា​ច្រើន​ក្នុង​ការយក​ថ្ម​មក​ភ្ជាប់​ឱ្យ​ត្រូវ​គ្នា កន្លែង​ខ្លះ​មាន​ស្នាម​មុខ​ដាប់​ច្រើន ឯ​ថ្ម​ខ្លះ​ទ្រុឌទ្រោម​ខ្លាំង​ត្រូវ​ការព្យាបាល​និង​ពង្រឹង​។ ចំពោះ​ការ​ផ្គុំ​ឱ្យចេញ​ជា​រូបរាង គឺ​ផ្គុំ​ពី​សាច់​ក្នុង​មក​ក្រៅ ដែល​ទាមទារ​ការយកចិត្តទុកដាក់ អត់ធ្មត់ ពេលវេលា ការស្រឡាញ់ ទើប​អាចធ្វើ​បានសម្រេច​។​

​លោក ឆាន់ ចំរើន ក៏បាន​ប្តេជ្ញា​ថា មិន​ថា​មាន​ការលំបាក​យ៉ាងណា​នោះទេ ក៏​នឹង​បំពេញ​កិច្ចការ​នេះ​ឱ្យ​បានសម្រេច និង​សំណូមពរ​ឱ្យ​កូន​ខ្មែរ​គ្រប់រូប​រួមគ្នា​ថែរក្សា ការពារ ស្វែងយល់​ពី​រតនៈវត្ថុ​របស់​យើង ដោយ​មិន​ពឹង​តែ​លើ​អ្នកជំនាញ​តែមួយ​មុខ​។ ចំពោះ​ការប្រឹងប្រែង​ផ្គុំ​រូប​សិវៈ​ទោល​ធំ ក្នុង​សភាព​បែកខ្ទេច​ដូច្នេះ ក៏​ព្រោះ​ចង់​រក្សា​អ្វី​ជា​បុរាណ ទាំង​ស្នាដៃ និង​បច្ចេកទេស​ធ្វើ​របស់​ដូនតា​ខ្មែរ​តាំងពី​ស​.​វ​.​ទី​១០ ដែល​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ឱ្យ​កូនចៅ អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​បានឃើញ​៕

 

 

 ពាក្យគន្លឹះ  អាជ្ញាធរជាតិអប្សរា

ព័ត៌មានផ្សេងទៀត