ក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។
ចំណុចនេះត្រូវបានលើកឡើងនាឱកាសលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣១ ខែកក្កដា ដើម្បីទទួលអនុសាសន៍នានាពីក្រសួងទេសចរណ៍ លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។
លោកថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍន៍ទីក្រុងទាំង៣ខាងលើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ទី២ផងដែរ។
លោករដ្ឋមន្ត្រីនិងប្រធានគណៈប្រតិភូ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យរឹតតែខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យកាន់តែល្អប្រសើរ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ពិសេសដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិកាន់តែច្រើនឡើង៕