ឥណ្ឌា​បញ្ជា​ឲ្យ​​មនុស្ស​រាប់ពាន់​នាក់​​ចេញពី​តំបន់​កា​ស្មៀ​​ខ្លាច​មាន​​ការវាយប្រហារ​​ភេ​វរ​កម្ម​

04-08-2019 2:54 pm 195
រូបភាពមនុស្សដែលត្រៀមចាកចេញពីតំបន់កាស្មៀ

​មនុស្ស​រាប់ពាន់នាក់​ក្នុងនោះ​មាន​អ្នកទេសចរ​និង​អ្នកធ្វើ​ធម្ម​យាត្រា​ហិណ្ឌូ​ផងដែរ កំពុង​ចាកចេញ​ពី​តំបន់​កា​ស្មៀគ្រប់គ្រង​ដោយ​ឥណ្ឌា បន្ទាប់ពី​មន្ដ្រី​មូលដ្ឋាន​បានចេញ​សេចក្ដីជូនដំណឹង​ពី​បញ្ហា​សន្ដិសុខ​។ អាជ្ញាធរ​ឥណ្ឌា​បាន​ព្រមាន​ពី​ការគំរាមកំហែង​ដោយ​ភេរវកម្ម​ប្រឆាំងនឹង​ក្រុម​ធ្វើ​ធម្ម​យាត្រា​ហិណ្ឌូ ដែល​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទី​សក្ការៈបូជា Amarnath​។ មន្ដ្រី​ឥណ្ឌា​បន្ថែមថា ក្រុម​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​ប៉ា​គី​ស្ថាន កំពុង​រៀបចំ​ផែនការ​វាយប្រហា​រលើ​អ្នកធ្វើ​ក្បួន​ធម្ម​យាត្រា​ប្រចាំ​ឆ្នាំនេះ​។​

​ឥណ្ឌា​ចោទ​ប៉ា​គី​ស្ថាន​ថា​បាន​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​ដែលមាន​មូលដ្ឋាន​នៅ​កា​ស្មៀ ប៉ុន្ដែ​ប៉ា​គី​ស្ថាន​បដិសេធថា​មិនបាន​ធ្វើ​ទេ​។ ទីភ្នាក់ងារ​សារព័ត៌មាន​AP​បាន​និយាយថា ការធ្វើ​ក្បួន​ធម្ម​យាត្រា​រយៈពេល​៤៥​ថ្ងៃ​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​០១​ខែកក្កដា ហើយ​មាន​មនុស្ស​ប្រមាណ​៣​សែន​នាក់ បាន​ទៅ​ទស្សនា​ចេតិយ​ដែលមាន​ទីតាំង​នៅលើ​ភ្នំ​ហិ​ម៉ាឡៃ​។ រដ្ឋាភិបាល​តំបន់​កា​ស្មៀ​បាន​ណែនាំ​ឲ្យ​ពួកគេ​ចាកចេញ​ពី​តំបន់​នោះ​ជាបន្ទាន់ ជាហេតុ​បង្កឲ្យមាន​ការ​ភ័យ​ស្លន់ស្លោ​។​

​មន្ដ្រី​រដ្ឋាភិបាល​ក្នុង​តំបន់​កា​ស្មៀ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​Reuters​ថា អ្នកធ្វើ​ធម្ម​យាត្រា​ហិណ្ឌូ​និង​អ្នកទេសចរ​ឥណ្ឌា​ប្រហែល​២​ម៉ឺន​នាក់ រួមទាំង​កម្មករ​ជាង​២​សែន​នាក់ កំពុងធ្វើដំណើរ​ចាកចេញ​ពី​តំបន់​នោះ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​មន្ដ្រីជាន់ខ្ពស់​តំបន់​កា​ស្មៀ​ឲ្យដឹងថា ដើម្បី​ជា​ផលប្រយោជន៍​សុវត្ថិភាព​និង​សន្ដិសុខ​របស់​ភ្ញៀវទេសចរ​និង​អ្នកធ្វើ​ធម្មយា​ត្រា ពួកគេ​ទាំងអស់នោះ​ត្រូវ​ណែនាំ​ឲ្យ​កាត់បន្ថយ​ពេល​ស្នាក់នៅ​ជ្រលង​ភ្នំ​តំបន់​ការស្មៀ​ភ្លាមៗ ព្រោះ​ការវាយប្រហារ​អាច​កើតឡើង​បាន​គ្រប់ពេល​។ 

​គួរ​បញ្ជាក់ថា ឥណ្ឌា​បាន​ចោទប្រកាន់​ប៉ា​គី​ស្ថាន​ជា​យូរ​មកហើយ ថា​បានផ្ដល់​មូលនិធិ​គាំទ្រ​ដល់​ពួក​សកម្មប្រយុទ្ធ​ប្រដាប់អាវុធ​នៅ​កា​ស្មៀ​ជា​ទឹកដី​មាន​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​។ ទាំង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បានទាមទារ​ដែនដី​នេះ​មក​គ្រប់គ្រង ប៉ុន្ដែ​បាន​គ្រប់គ្រង​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​។ តាំងពី​ការបែកបាក់​បន្ទាប់ពី​បញ្ចប់​អាណានិគម​របស់​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៧ ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​ធ្វើសង្គ្រាម​បួន​ដង​ហើយ​ដើម្បី​ដណ្ដើម​តំបន់​កា​ស្មៀ ប៉ុន្ដែ​នៅ​មិនទាន់បាន​បែងចែក​ដាច់ស្រេច​ទេ ហើយ​ទីតាំង​នេះ​នៅតែ​ជា​តំបន់​ជម្លោះ​ដ៏​ក្ដៅគគុក​សម្រាប់​ប្រទេស​ទាំងពីរ​ដដែល​៕

ព័ត៌មានផ្សេងទៀត