ប៉ូលិស​ហុងកុង​ចាប់ខ្លួន​មនុស្ស​​ជាង​២០​នាក់​​បន្ថែម​​ក្រោយ​ផ្ទុះ​ហិង្សា​ជាថ្មី​

04-08-2019 2:08 pm 282
ក្រុមបាតុករនាំគ្នាប្រមូលផ្ដុំនៅហុងកុង

​ប៉ូលិស​ហុងកុង​បាន​និយាយ​នៅ​ថ្ងៃទី​០៤​សីហា​នេះ​ថា បាន​ចាប់ខ្លួន​មនុស្ស​ជាង​២០​នាក់ បន្ទាប់ពី​ផ្ទុះ​អំពើហិង្សា​ជាមួយ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​កាលពី​យប់​ថ្ងៃទី​០៣​សីហា​។ ការចាប់ខ្លួន​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​ចិន​មួយ​នេះ អាច​នឹងមាន​ការតវ៉ា​កើតឡើង​បន្ថែមទៀត​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​។ កាលពី​ថ្ងៃទី​០៣​សីហា​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជាច្រើនលើក នៅពេល​ប្រឈមមុខ​ជា​មួយក្រុម​សកម្មជន​ក្នុង​តំបន់ Kowloon​។ នេះ​ជា​ការប៉ះទង្គិច​ជាថ្មី​ក្រោយពេល​បាតុកម្ម​បាន​ផ្ទុះឡើង​ជាង​២​ខែ​កន្លងមក ដោយសារតែ​រដ្ឋាភិបាល​ហុងកុង​ចង់​អនុម័ត​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញ​នៅ​ព្រឹក​ថ្ងៃទី​០៤​សីហា​នេះ ប៉ូលិស​បាន​និយាយថា បាន​ចាប់ខ្លួន​មនុស្ស​ជាង​២០​នាក់ ក្រោម​បទ​ចោទប្រកាន់ថា​ប្រមូលផ្ដុំ​ដោយ​ខុសច្បាប់​និង​រំលោភបំពាន​ដោយ​ខុសច្បាប់​។ ក្រុមបាតុករ​បាន​ដុត​ភ្លើង​នៅលើ​ដងផ្លូវ​ខាងក្រៅ​ទីស្នាក់ការ​ប៉ូលិស និង​ដុត​ភ្លើង​នៅក្នុង​ធុងសំរាម ព្រមទាំង​បាន​បិទផ្លូវ​ចូល​កំពង់ផែ​ផងដែរ​។ ហាង​ធំៗ​នៅក្នុង​តំបន់​ទេសចរណ៍​និង​តំបន់​ពាណិជ្ជកម្ម ដែលជា​កន្លែង​មាន​ប្រជាប្រិយភាព ត្រូវបាន​បិទទ្វារ​កាលពី​ថ្ងៃទី​០៣​សីហា​។ 

​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​គ្រោង​នឹងធ្វើ​បន្ដទៀត​នៅក្នុង​ក្រុង​ហុងកុង​។ ដោយឡែក​នៅក្នុង​ក្បួន​តវ៉ា​កាលពី​ថ្ងៃទី​០២​សីហា ក៏មាន​មន្ដ្រីរាជការ​រាប់ពាន់នាក់​ចូលរួម​ផងដែរ ដែល​នេះ​គឺជា​លើកដំបូង​គិត​តាំងពី​ការតវ៉ា​ផ្ទុះឡើង​កាលពី​ខែមិថុនា​។ ការធ្វើ​បាតុកម្ម​ជាច្រើន​ខែ​បាននិងកំពុង​ជះឥទ្ធិពល​កាន់តែខ្លាំង ដល់​សេដ្ឋកិច្ច​ហុងកុង​ដោយសារតែ​អ្នកទិញ​ទំនិញ និង​ភ្ញៀវទេសចរ មិនបាន​ចូលទៅ​ទិញ​ទំនិញ​ក្នុង​ហាង​ល្បីៗ​នៅ​ហុងកុង​។​

​គួរ​បញ្ជាក់ថា មូលហេតុ​ដែល​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ មិន​ពេញចិត្ដ​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដោយ​ពួកគេ​បារម្ភ​ថា​នៅពេល​បញ្ជូន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិន អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព និង​រង​នូវ​អំពើ​អ​យុត្ដិធម៌ ការគាបសង្កត់​ផ្សេងៗ​។ ក្រោយមក​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ក៏ត្រូវ​លុបចោល​វិញ ប៉ុន្ដែ​ក្រុមបាតុករ​នៅ​មិន​សប្បាយចិត្ដដ​ដែល គឺ​ពួកគេ​បន្ដ​ទាមទារ​ទម្លាក់​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​ចេញពី​តំណែង​បន្ថែមទៀត​។ 

​ក្រោយមក​ក៏​ផ្ទុះ​ជា​ការតវ៉ា​ឲ្យ​អាជ្ញាធ​ររក​ដំណោះស្រាយ ករណី​ប៉ូលិស​ប្រើ​ហិង្សា​លើ​ក្រុមបាតុករ និង​មាន​មនុស្ស​មួយក្រុម​លួច​វាយប្រហា​រលើ​ក្រុមបាតុករ​បណ្ដាលឲ្យ​របួស​មនុស្សជាង​៤០​នាក់​។ មិនបាន​ប៉ុន្មាន​ថ្ងៃ​ប៉ូលិស​ហុងកុង​ក៏​ចោទប្រកាន់​មនុស្ស​៤៤​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការបង្កឲ្យ​មាន​កុបក​ម្ម​។ បញ្ហា​នេះ​បានធ្វើឲ្យ​ក្រុមបាតុក​រខឹង​កាន់តែខ្លាំង ហើយ​ប្ដេជ្ញា​រៀបចំ​ការតវ៉ា​រហូតដល់​មាន​ដំណោះស្រាយ​សមស្រប​៕

ព័ត៌មានផ្សេងទៀត