ការ​ស្អប់ខ្ពើម​​ជា​ហេតុផល​មួយ​​នៃ​​ការបាញ់ប្រហារ​​សម្លាប់​​ម​នុស្ស​២០​នាក់​​នៅ​អាមេរិក​

04-08-2019 1:07 pm 807
រូបភាព​កងកម្លាំង​សន្ដិសុខ​ចុះអន្ដរាគមន៍​​កន្លែង​កើតហេតុ

​ប៉ូលិស​នៅក្នុង​រដ្ឋ​តិច​សាស​សហរដ្ឋអាមេរិក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅ​ផ្សារ​ទំនើប​មួយកន្លែង​ក្នុង​ទីក្រុង​El Paso​។ ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត ថា​តើ​ការបាញ់ប្រហារ​មាន​ពាក់ព័ន្ធ​បញ្ហា​ផ្លូវចិត្ដ ក្នុងនោះ​មាន​ទាក់ទង​នឹង​ការ​ស្អប់ខ្ពើម​ជនអន្ដោប្រវេសន៍​ឬ​យ៉ាងណា​។ ការបាញ់ប្រហារ​បានកើត​ឡើង​នៅក្នុង​តំបន់​ដែលមាន​ហាង​លក់ទំនិញ​ធំៗ រួមទាំង​Walmart​ផងដែរ​នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃទី​០៣​ខែ​សីហា បណ្ដាលឲ្យ​មនុស្ស​យ៉ាងតិ​ចណាស់​២០​នាក់​ស្លាប់ និង​២៦​នាក់​រងរបួស​។ 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ចុះផ្សាយ​នូវ​សម្ដី​សាក្សី​ឃើញ​ហេតុការណ៍​ថា មាន​បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ខ្មៅ បាន​បាញ់ប្រហា​រលើ​មនុស្ស​ដែល​កំពុង​ដើរចូល​ក្នុង​ផ្សារ​ទំនើប​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ចុះផ្សាយ​ការបញ្ជាក់​របស់​ប៉ូលិស​ថា ជនសង្ស័យ​មាន​អាយុ​២១​ឆ្នាំ មាន​ឈ្មោះថា​Patrick Crusius មកពី​ទីក្រុង​ជិតគ្នា​គឺ​ទីក្រុង​Dallas​។ 

​ស្នងការ​ប៉ូលិស​ក្រុង​El Paso​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា ប៉ូលិស​កំពុង​ស៊ើបអង្កេត​លើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​ប្រឆាំង​ជនអន្ដោប្រវេស​ន៍ ដែល​ជនសង្ស័យ​បាន​បង្ហោះ​។ ចំពោះ​ព័ត៌មាន​លម្អិត​នៅ​មិនទាន់​អាច​បញ្ជាក់​បានទេ ត្រូវ​ស៊ើប​ឲ្យបាន​ច្បាស់លាស់​សិន​ថា សារ​នោះ​ពិតជា​ជនសង្ស័យ​អ្នក​បង្ហោះ​មែនឬ​អត់​។ នៅពេល​អ្នកកាសែត​សាកសួ​រថា តើ​ជនសង្ស័យ​ពិតជា​ស្អប់​ជនអន្ដោប្រវេសន៍​ឬ​យ៉ាងណា​? លោកស្នងការ​ឆ្លើយតប​ថា​វា​អាចជា​មូលហេតុ​មួយ​នៃ​មូលហេតុ​ជាច្រើន​ទៀត​។ 

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​រិះគន់​ការបាញ់ប្រហារ​ដ៏​សាហាវ​នេះ​ថា ជា​សកម្មភាព​គួរឲ្យ​ខ្មាសអៀន​បំផុត​។ តាមរយៈ​បណ្ដាញ​ធ្វី​ត​ទ័​រលោក​ត្រាំ​បន្ថែមថា លោក​ស្ថិតនៅ​ជាមួយ​មនុស្ស​គ្រប់គ្នា​ក្នុង​ទឹកដី​អាមេរិក ដើម្បី​ថ្កោលទោស​អំ​ពោះ​គួរឲ្យ​ស្អប់ខ្ពើម​នេះ​។ វា​គ្មាន​ហេតុផល​ណាមួយ​ដែល​អាច​សម្លាប់​មនុស្ស​ស្លូតត្រង់​បាន​តាមចិត្ដ​ឡើយ​៕

 ពាក្យគន្លឹះ  អាមេរិកបាញ់ប្រហារ

ព័ត៌មានផ្សេងទៀត