ចិន​បង្ហោះ​​វីដេអូ​​សមយុទ្ធ​យោធា​​គំរាម​​ក្រុមបាតុករ​​នៅ​ហុងកុង​

01-08-2019 3:53 pm 297
រូបភាព​កងទ័ពចិន​ធ្វើសមយុទ្ធ​​នៅហុងកុង

​យោធា​ចិន​បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី​សមយុទ្ធ​របស់​កងទ័ព​ចិន​ក្នុង​ក្រុង​ហុងកុង ក្នុងន័យ​ព្រមាន​ដល់​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង ដែល​កំពុង​ប្រមូលផ្ដុំ​ប្រឆាំងនឹង​រដ្ឋាភិបាល​។ តាមរយៈ​វីដេអូ​ដែល​កងទ័ព​ចិន​ប្រចាំ​ក្រុង​ហុងកុង​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ពុធ បាន​បង្ហាញឲ្យឃើញថាក​ង​ទ័ព​ចិន​ពិតជា​មាន​ទំនុកចិត្ដ​និងមាន​សមត្ថភាព​គ្រប់គ្រាន់ អាច​ការពារ​សន្ដិសុខ​នៅក្នុង​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​មួយ​នេះ​បាន​។ 

​វីដេអូ​ដែលមាន​រយៈពេល​បី​នាទី​ឃើញ​មាន​រថ​កោះ កាំភ្លើង ឧទ្ធម្ភាគចក្រ ម៉ាស៊ីន​បាញ់​រ៉ុក​ក្កែ​ត និង​សម្ភារ​យោធា​ផ្សេងៗ​ទៀត កំពុង​បង្ហាញ​វត្ដ​មាននៅ​ក្រុង​ហុងកុង ខណៈពេល​កងទ័ព​ប្រដាប់​ដោយ​អាវុធ​កំពុង​ធ្វើ​សមយុទ្ធ​យ៉ាងសកម្ម​បំផុត​ប្រឆាំង​ភេរវកម្ម​។ ក៏មាន​កងទ័ព​កាន់​ទង់ជាតិ​ពណ៌​ក្រហម​មួយ​សរសេរ​អក្សរ​ព្រមាន​ថា “​ឈប់​ចោទប្រកាន់​ឬក៏​ចង់ឲ្យ​ប្រើកម្លាំង​ទ័ព​”​។ សារ​នេះ​ដូចជា​ការព្រមាន​ដល់​ក្រុមបាតុករ​ហុងកុង ឲ្យ​ឈប់​តវ៉ា​រឿង​ចោទប្រកាន់​មនុស្ស​៤៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ដ​អំពើ​កុបក​ម្ម បើ​មិន​ដូច្នេះ​ទេ​នឹងមាន​ការប្រើ​កម្លាំង​ទ័ព​។ 

​នៅក្នុង​វីដេអូ​បាន​បង្ហាញឲ្យឃើញដែ​រថា សមយុទ្ធ​បិទ​បញ្ចប់​ជាមួយនឹង​កងទ័ព​ប្រដាប់​ដោយ​អាវុធ អមដំណើរ​ក្រុមបាតុករ​ដៃ​ជាប់​ខ្នោះ​នាំ​ទៅកាន់​កន្លែង​ឃុំឃាំង​។ ការបង្ហាញ​វីដេអូ​សមយុទ្ធ​យោធា​នេះ​ទៀតសោត ធ្វើឡើង​ក្នុង​ថ្ងៃ​តែមួយ​ដែល​មនុស្ស​រាប់សិប​នាក់​បាន​បង្ហាញខ្លួន​នៅ​តុលាការ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ដ​អំពើ​កុបកម្ម ក្នុងពេល​ប្រមូលផ្ដុំ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​កាលពី​សប្ដាហ៍​មុន​។ 

​សូម​រម្លឹកថា ភាពចលាចល​ក្នុង​ក្រុង​ហុងកុង​បាន​ផ្ទុះឡើង​ជិត​ពីរ​ខែ​មកហើយ បន្ទាប់ពី​មាន​មនុស្ស​រាប់ម៉ឺន​នាក់​ប្រមូលផ្ដុំ​ប្រឆាំងនឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ចង់​អនុម័ត​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ច្បាប់​នេះ​អាច​អនុញ្ញាតឲ្យ​នាំ​ជនសង្ស័យ​ទៅកាត់​ទោសនៅ​ប្រទេ​សចិន ដែល​ប្រជាជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​បារម្ភ​ថា អាច​រំលោភ​លើ​សិទ្ធិ និង​អាច​រង​ការគាបសង្កត់ អំពើ​អ​យុត្ដិធម៌​ផ្សេងៗ​នៅពេល​កាត់ទោស​។ ហេតុនេះ​ពួកគេ​ប្រឆាំង​ដាច់ខាត​នឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ទីបំផុត​សេចក្ដីព្រាងច្បាប់​ត្រូវបាន​លុបចោល​វិញ ប៉ុន្ដែ​ក្រុមបាតុករ​នៅតែ​មិន​ព្រម​បញ្ឈប់​ការតវ៉ា ដោយ​ចង់ឲ្យមាន​ដំណោះស្រា​យសមស្រប​ចំពោះ​ការចោទប្រកាន់ និង​ការ​លួច​វាយប្រហារ​ដោយ​ហិង្សា​លើ​ពួកគេ​៕

ព័ត៌មានផ្សេងទៀត