មន្ត្រី​ក្រសួង​យុត្តិធម៌​ប្រាប់​ទូត​អាមេរិក​ថា រដ្ឋ​អធិបតេយ្យ​គ្មាន​នរណា​បង្គាប់បញ្ជា​បានឡើយ​

01-08-2019 11:51 am 228

​ឆ្លើយតប​នឹង​សំណើរ របស់​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​ទាមទារ​ឲ្យ​ទម្លាក់បទ​ចោទ​លើ​លោក​កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បញ្ជាក់ថា «​រដ្ឋ​អធិបតេយ្យ គ្មាន​នរណា​អាច​មក​បង្គាប់បញ្ជា​បានឡើយ ហើយ​គ្មាន​ឥទ្ធិពល​អ្វី​មកលើ​កម្ពុជា​»​។​

​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​រូបនេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​អំពី «​សមិទ្ធផល​១​ឆ្នាំ ក្រោយ​ការបោះឆ្នោត​» នៅ​សាលប្រជុំ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​០១ ខែ​សីហា​នេះ​។​
​លោក​ជិន ម៉ា​លីន បន្ថែមថា សំណើសុំ​ការទម្លាក់​ការចោទប្រកាន់​ទៅលើ លោក កឹម សុខា គឺ​មិន​អាច​ទៅរួច រាជរដ្ឋាភិបាល​មិន​មាន​សិទ្ធិ​អ្វី ដើម្បី​អន្តរាគមន៍ ទៅ​ស្ថាប័ន​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ឡើយ​។​

​សូមបញ្ជាក់​ថា ថ្មីៗ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​តាម​បណ្តាញ​សង្គម Facebook ដោយ​លើកឡើង​អំពី​អតីត​គណបក្សប្រឆាំង ដែល​ត្រូវ​រំលាយ​ចោល​ដោយ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ក្បត់ជាតិ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តារ​លទ្ធិប្រជាធិបតេយ្យ រួមទាំង​ធ្វើ​ការទម្លាក់​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​លោក កឹម សុខា​។​

​លោក​កឹម សុខា ត្រូវបាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​បច្ចុប្បន្ន កំពុង​ត្រូវបាន​ឃុំខ្លួន នៅ​គេហដ្ឋាន​របស់​លោក ក្រោយ​ពី​ផ្ទេរ​ពី​ពន្ធនាការ​ត្រពាំង​ថ្លុង ខេត្ត​ត្បូងឃ្មុំ បើ​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជិត​២​ឆ្នាំ​ហើយ​៕

ព័ត៌មានផ្សេងទៀត