អាមេរិក​-​កូរ៉េខាងត្បូង​​ប្ដេជ្ញា​បន្ដ​​សមយុទ្ធ​យោធា​​ទោះ​កូរ៉េខាងជើង​​ព្រមាន​

01-08-2019 9:56 am 787
រូបភាពសមយុទ្ធយោធារវាងអាមេរិក​និងកូរ៉េខាងត្បូងកន្លងមក

​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សហរដ្ឋអាមេរិក​ជាមួយ​កូរ៉េខាងត្បូង នឹង​នៅ​បន្ដធ្វើ​ដដែល​ទោះបី​មានប្រតិកម្ម​ពី​កូរ៉េខាងជើង​ក៏ដោយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​ពុធ​។ ការប្រកាស​ពី​មន្ទីរ​បញ្ច​កោណ​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង បាន​ធ្វើតេស្ដ​មី​ស៊ី​លពីរ​គ្រាប់​ជាថ្មី​ចូលក្នុង​សមុទ្រ ជាការ​គំរាម​ឲ្យ​បញ្ឈប់​ផែនការ​ធ្វើ​សមយុទ្ធ​។ កាលពី​សប្ដាហ៍​មុន​កូរ៉េខាងជើង​ក៏បាន​បាញ់​មី​ស៊ី​លពីរ​គ្រាប់​ចូល​សមុទ្រ ដែល​ការបាញ់​មី​ស៊ី​ល​ទាំង​ពីរលើក​នេះ​ស្ថិតក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោក​គីម ជុង​អ៊ុន​។​

​ប៉ុន្ដែ​ទោះបីជា​មានប្រតិកម្ម​និង​រង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​យ៉ាងណាក្ដី សមយុទ្ធ​ប្រចាំឆ្នាំ​មិន​ត្រូវបាន​លុបចោល​ឡើយ​។ កូរ៉េខាងត្បូង​ធ្លាប់​អះអាងថា​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ជាមួយ​អាមេរិក គ្រាន់​ជាការ​ពង្រឹងសមត្ថភាព​យោធា​ប្រទេស​ទាំងពីរ​ក្នុងនាម​ជា​សម្ព័ន្ធមិត្ដ​ប៉ុណ្ណោះ គ្មាន​គោលបំណង​គំរាមកំហែង​កូរ៉េខាងជើង ហើយក៏​គ្មាន​គោលដៅ​បង្ក​អស្ថិរភាព​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​ដែរ​។ 

​ផែនការ​ធ្វើ​សមយុទ្ធ​នេះ​ទៀតសោត​ធ្វើឲ្យមាន​ការព្រួយបារម្ភ​ដែរថា អាច​ប៉ះពាល់​ដល់​ដំណើរការ​កិច្ចចរចា​រវាង​អាមេរិក​-​កូរ៉េខាងជើង ស្ដីពី​ការរំលាយ​នុយក្លេអ៊ែរ​ដែល​កំពុង​ជាប់គាំង​។ តែ​ទោះជា​យ៉ាងនេះ​មន្ដ្រីជាន់ខ្ពស់​អាមេរិក​និយាយថា នឹង​គ្មាន​ការកែតម្រូវ​ឬ​ផ្លាស់ប្ដូរ​ផែនការ​ដែល​បានរៀបចំ​ទេ ពោលគឺ​កិច្ចចរចា​នៅតែ​ធ្វើឡើង​ដូច​បានកំណត់ គ្រាន់តែ​ពុំទាន់​ឯកភាព​លើ​ពេលវេលា​ច្បាស់លាស់​ប៉ុណ្ណោះ​។ 

​តាមពិត​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​និង​កូរ៉េខាងជើង គ្រោង​ជួបគ្នា​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ប្រទេស​សមាជិក​អាស៊ាន​ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​៣១​កក្កដា ដើម្បី​ជជែក​ពី​បញ្ហា​នុយក្លេអ៊ែ​រ តែ​ត្រូវ​លុបចោល​វិញ​ដោយសារ​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​មិនបាន​ចូលរួម​។ កិច្ចពិភាក្សា​នឹងត្រូវ​លើក​ទៅ​ពេល​ក្រោយ​។​

​គួរ​ជម្រាបជូន​ថា បច្ចុប្បន្ន​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​ហាក់​តានតឹង​ជាង​មុន​បន្ដិច ក្រោយពេល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចំនួន​ពីរលើក​។ ស្របពេល​កិច្ចចរចា​លើ​ការរំលាយ​នុយក្លេអ៊ែរ​កំពុង​ជាប់គាំង​ស្រាប់​ផង ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​បាន​រុញច្រាន​ឲ្យមាន​មន្ទិល​កាន់តែខ្លាំង ថា​កូរ៉េខាងជើង​អាច​នឹង​វិល​ទៅ​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​ឬ​យ៉ាងណា​។ ប្រសិនបើ​ដូច្នេះ​មែន​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មក​នឹង​ក្លាយជា​រឿង​ឥតប្រយោជន៍ ហើយ​ឧបទ្វីប​កូរ៉េ​នឹង​ជួប​អស្ថិរភាព​ជាថ្មី​៕

ព័ត៌មានផ្សេងទៀត