កម្ពុជា​ខកចិត្ត​នឹង​អាមេរិក​ចំពោះ​ការលើកឡើង​អំពី​កំហុសឆ្គង​នៃ​ការបោះឆ្នោត​កាលពី​ឆ្នាំទៅ​

31-07-2019 8:43 pm 724
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​អាមេរិក ដែល​បាន​លើកឡើង​ចោទប្រកាន់​អំពី​កំហុសឆ្គង​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​ទៅ​ថា ជា​ការបោះឆ្នោត​គ្មាន​សេរី​និង​គ្មាន​យុត្តិធម៌ ។ ក្រសួង​បាន​ចាត់ទុក​ទង្វើ​នេះ គឺជា​ការ​ប្រហារ​ដ៏​គឃ្លើន និង​រំលោភ​លើ​ច្បាប់...

​ក្រសួងការបរទេស​កម្ពុជា បាន​សម្តែង​ភាព​ភ្ញាក់ផ្អើល​និង​ខកចិត្ត ក្រោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ផ្សាយ​នូវ​បទ​អត្ថាធិប្បាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន​នៅ​ថ្ងៃទី​៣០ កក្កដា វាយប្រហារ​លើ​ភាពត្រឹមត្រូវ​នៃ​ការបោះឆ្នោត​ទូទៅ​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៨ ។​

​ក្រសួងការបរទេស​កម្ពុជា​បាន​ចាត់ទុក​សកម្មភាព​នេះ គឺ​ជា​ការវាយប្រហារ​ដ៏​គឃ្លើន រំលោភ​បំពាន​នៅ​លើ​បទ​ប្បញ្ញត្តិ​ទាំងឡាយ ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ក្នុង​អនុសញ្ញា​ទីក្រុង​វី​យែន ស្តី​ពី​ទំនាក់ទំនង​ការទូត​ឆ្នាំ​១៩៦១ ត្រូវ​បាន​បង្កឡើង​ដោយ​ស្ថាន​បេសកកម្ម​ដែល​តំណាងឱ្យ​ប្រទេស​ដែល​មាន​អារ្យធម៌​មួយ ។​

​ក្រសួង​បញ្ជាក់ថា សកម្មភាព​មួលបង្កាច់​របស់​ស្ថានទូត​សហរដ្ឋអាមេរិក មិន​ត្រឹមតែ​ប្រព្រឹត្ត​ទៅ​ផ្ទុយ​នឹង​ការខិតខំ​ប្រឹងប្រែង​បច្ចុប្បន្ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​មិត្តភាព​លើ​គ្រប់​វិស័យ​ជាមួយ​នឹង​អាមេរិក​ទេ តែ​ក៏​បាន​ចោទ​ជា​សំណួរ​អំពី​គោលបំណង​ស្មោះត្រង់​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ចំពោះ​កម្ពុជា​ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ ។​

​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្សាយ​លើ​ទំព័រ​ហ្វេ​សប៊ុក អំពី​ការកត់សម្គាល់​ខួប​នៃ​ការបោះឆ្នោតជាតិ​ដែល​មាន​កំហុសឆ្គង​យ៉ាងខ្លាំង​នៅ​កម្ពុជា ។ អាមេរិក​ថា ការបោះឆ្នោត​មិន​មាន​ភាពសេរី និង​យុត្តិធម៌ ហើយក៏​មិន​បាន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ប្រទេស​កម្ពុជា​ទេ ។​

​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​កម្ពុជា​ថា ទោះបី​មាន​ការអំពាវនាវ​របស់​ក្រុមក្រៅច្បាប់​ឱ្យ​ធ្វើ​ពហិការ​បោះឆ្នោត​ក៏ដោយ ក៏​ការបោះឆ្នោត​សកល​កាលពី​ឆ្នាំ​មុន​មាន​ចំនួន​អ្នកចូលរួម​បោះឆ្នោត​ចំនួន​៨៣,០២% នេះ​ជា​អត្រា​ខ្ពស់បំផុត​មួយ បើ​ធៀប​នឹង​ការបោះឆ្នោត​នានា​នៅក្នុង​បណ្តា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​យូរ​មក​ហើយ ។​

​ក្រសួង​បន្តថា តួលេខ​នេះ ក៏​បញ្ជាក់​ពី​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ក្នុង​ការចង់​បានការ​បន្ត​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​លើ​មាគ៌ា​សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ជា​និរន្តរ៍ ក៏​ដូចជា​ការបន្ត​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​លើ​គណបក្សកាន់អំណាច ។ ការបដិសេធ​ទទួល​ការ​ពិត​នេះ ស្មើ​នឹង​ការវាយប្រហារ​ឆន្ទៈ​សេរី​របស់​ប្រជាជន​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត