ផលិតផល​កសិកម្ម​៦​មុខ​ត្រូវបាន​ជ្រើសរើស​ជា​ទំនិញ​អត្ថិភាព​នាំចេញ​ទៅ​ទីផ្សារ​ចិន​បន្ថែម​

31-07-2019 7:35 pm 418
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​កសិកម្ម​កម្ពុជា តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ កក្កដា បានឱ្យដឹងថា ផលិតផល​កសិកម្ម​៦​មុខ ត្រូវបាន​ជ្រើសរើស​ជា​មុខទំនិញ​អត្ថិភាព​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​នាពេលខាងមុខ ។ យ៉ាងណា​ក៏​ដោយ​មុននឹង​អាច​នាំ​ចេញ​បាន ប្រទេស​ចិន​នឹង​តម្រូវ​ឱ្យ​កម្ពុជា​បំពេញ​តាម​លក្ខខណ្ឌ​និង​ច្បាប់​កំណត់ ...

​ផលិតផល​កសិកម្ម​ចំនួន​៦​មុខ រួមមាន ផ្លែស្វាយ​ស្រស់ ផ្លែ​មៀន​ប៉ៃលិន ម្រេច ផ្លែ​ស្រកានាគ ផ្លែ​ដូងក្រអូប និង​ទឹកមាត់​ត្រចៀក​កាំ ត្រូវបាន​ជ្រើសរើស​ជា​មុខទំនិញ​អត្ថិភាព​សម្រាប់​ជំរុញ​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ក្នុង​បណ្តា​ឆ្នាំ​ខាងមុខនេះ ។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​២៩ កក្កដា បានបញ្ជាក់​ថា ការ​កំណត់​យក​ផលិតផល​ទាំងអស់​ខាងលើ គឺ​ស្រប​តាម​ផែនការ​សកម្មភាព​ស្តីពី​ការជំរុញ​ដំណើរការ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែស្វាយ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​និង​អគ្គ​រដ្ឋបាល​គយ​ចិន ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៣ មិថុនា និង​សេចក្តីថ្លែងការណ៍​រួម ចុះ​ថ្ងៃ​ទី​១៧ មិថុនា រវាង​ក្រសួង​កសិកម្ម​កម្ពុជា និង​អគ្គ​រដ្ឋបាល​គយ​ចិន និង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​សហប្រជាជាតិ ។​

​យ៉ាងណាក៏ដោយ​សេចក្តីជូនដំណឹង​បានបញ្ជាក់​ថា មុន​នឹង​អាច​នាំ​ចេញ​នូវ​ផលិតផល​ទាំង​៦​មុខ​នោះ​ចេញ​បាន ប្រទេស​ចិន​នឹង​តម្រូវ​ឱ្យ​ប្រទេស​កម្ពុជា​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​អនាម័យ​និង​ភូតគាម​អនាម័យ ព្រមទាំង​បទដ្ឋាន​សុវត្ថិភាព​ម្ហូបអាហារ​ពាក់ព័ន្ធ​ដែល​មានចែង​នៅក្នុង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​របស់​ប្រទេស​ចិន ។​

​សេចក្តីជូនដំណឹង​បន្តថា អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​អនាម័យ​និង​ភូតគាម​អនាម័យ​នៃ​ប្រទេស​ទាំង​ពីរ នឹង​ដំណើរការ​ចរចា​គ្នា​អំពី​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ​ផ្សេងៗ​សម្រាប់​ផលិតផល​នី​មួយៗ ។ ដំណើរការ​នេះ នឹង​រួម​មាន​នូវ​ការចុះ​ពិនិត្យ​និង​វាយតម្លៃ​នៅលើ​ទីវាល​ផ្ទាល់ ពី​សំណាក់​សមត្ថកិច្ច​អនាម័យ​និង​ភូតគាម​អនាម័យ នៃ​អគ្គ​រដ្ឋបាល​គយ​ចិន នៅតាម​បណ្តា​កសិដ្ឋាន​និង​ទីតាំង​កែ​ច្នៃ​វេច​ខ្ចប់ ៕

ព័ត៌មានផ្សេងទៀត