ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ប្រធាន អនុប្រធាន និងមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ទាំង ៣នាក់ ដែលពាក់ព័ន្ធនឹងអំពើពុករលួយចំនួន ៣បទល្មើស។
ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដានេះ បានសម្រេចចោទប្រកាន់ មន្ត្រីសុរិយោដីទាំង ៣នាក់នេះ ចំនួន៣បទល្មើសរួមមាន៖ ទី១៖ បទវិតិក្រម តាមក្រមព្រហ្មទណ្ឌ, ទី២៖ បទរំលោភអំណាច តាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងទី៣៖ បទសម្អាតប្រាក់ តាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញវត្ថុ។
ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ទាំង៣រូប ដែលត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើសនេះរួមមាន៖
១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់
២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់
៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។
សូមបញ្ជាក់ថា មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ទាំង៣រូប ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកក្កដា ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ៕