មន្ត្រី​រដ្ឋាភិបាល​និង គ​ជ​​ប​ បន្ត​ឆ្លើយ​​នឹង​អា​មេ​រិច​​​ទាក់ទងការបោះឆ្នោត​​​អាណត្តិ​ទី​៦​​

31-07-2019 3:21 pm 861
  ស្តាប់
ស្តាប់ជាសំឡេង

​ប៉ុន្មាន​ម៉ោង ក្រោយពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​សារ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាល​រសៀល​ថ្ងៃទី​៣០ កក្កដា ដែល​និយាយ ថា​ការបោះឆ្នោតជាតិ​នៅ​កម្ពុជា​អាណត្តិ​ទី​៦​មាន​កំហុសឆ្គង​យ៉ាងខ្លាំង ដោយ​អះអាងថា ការបោះឆ្នោត​នោះ មិនមាន​ភាពសេរី និង​យុត្តិធម៌ ហើយក៏​មិនបាន​តំណាងឲ្យឆ​ន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវបាន​លោក​ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ចាត់ទុកថា នេះ​ជា​រឿង​គួរឲ្យ​អស់សំណើច​។ អស់សំណើច ដោយ​លោក​និយាយថា ស្ថានទូត​មួយ​តំណាងឲ្យ​អាមេរិច​ទាំងមូល បែរជា​សំដែង​ធ្វើ​ឆោត​វ៉ៃ​ស្គរ​វ៉ៃ​ប៉ោត​បំរើ​ឲ្យ​បក្សប្រឆាំង​ដែល​រំលាយ​ដោយ​ច្បាប់ ក្នុង​ការអនុវត្ត​ផែនការ​បដិវត្តន៍​ពណ៌​ហើយ​មានទោស​រត់ចោលស្រុក​ទៅវិញ​។ លោក​សួរ​ទៅ​អាមេរិក បែប​ចំអក​ថា​«​តើ​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច​អាមេរិក មិន​ស្គាល់​ពី​ច្បាប់​ការទូត ឬ​ដឹង​ហើយ ធ្វើ​ពើ​ជា​មិនដឹង​?»

​លោក​ជា ច័ន្ទ​បរិបូរណ៍ ថា ទាំង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ កាលពី​ថ្ងៃទី​៤ មិថុនា ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ គឺធ្វើឡើង​ក្នុង​លក្ខណៈ​សេរី ត្រឹមត្រូវ និង​បរិយា​ប័ន្ន ប្រកបដោយ​ជោគជ័យ ដែល​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​រហូតដល់​៨៣,២% បើ​ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៦ មាន​អា​ត្រាតែ ៥៥%​ប៉ុណ្ណោះ​។​

​លោក​ប្រាប់​អាមេរិក កុំមក​ជ្រៀតជ្រែក​កិច្ចការ ផ្ទៃក្នុង​កម្ពុជា​អី​។​លោក​ហៅ​ការវាយតម្លៃ​របស់​អាមេរិក ជា​ការវាយតម្លៃ ដោយ​គ្មាន​ការអៀនខ្មាស​។ លោក​ថា ប្រវត្តិសាស្ត្រ​កម្ពុជា ពិតជា​ឆ្អែតឆ្អន់​នឹង​ទង្វើ​របស់​អាមេរិក​ហើយ​! ដោយសារតែ​អាមេរិក​ចោទប្រកាន់​គ្មាន​ការពិត​នេះហើយ ទើប​គ្រាប់បែក​អា​មេ​រិច​បាន​ទម្លាក់​ជាង​៣​លាន​តោន​លើ​ខ្មែរ ហើយ​មកដល់់ពេលនេះ គ្មាន​សុំទោស​ខ្មែរ​មួយ​មាត់​។​ឥឡូវ​បាន​តាម​ចងកម្ម​ចងពៀរ​ខ្មែរ​មិនឱ្យរ​ស់បាន​សុខសន្តិភាព​ទៀត​។ 

​ជា​ការកត់សម្គាល់ មិនមែន​មានតែ លោក​ជា ច័ន្ទ​បរិបូរណ៍​ទេ ដែល​ប្រតិកម្ម​នឹង​ការវាយតម្លៃ​ការបោះឆ្នោត​នៅ​កម្ពុជា​របស់​សហរដ្ឋអាមេរិក មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​ទៀត សុទ្ធតែ​ប្រតិកម្ម​ដូចគ្នានេះ ជាពិសេស​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ី​ផាន​តែម្តង​។ លោក​បាន​ការនិយាយរ​បស់​អាមេរិក ជាការ​ញុះញង់ និង​ជ្រៀតជ្រែក លើ​ការសម្រេចចិត្ត​របស់​ព​ល​រដ្ឋ​ខ្មែរ​។​

​លោក​ផៃ ស៊ី​ផាន បាន​ប្រាប់​ទៅ​អាមេរិក​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​សេចក្ដីប្រាថ្នា និង​សុបិន​មិន​ចង់ឃើញ​បរទេស​ណាមួយ​លុកលុយ ឬ​ឈ្លានពាន​ក្នុង​ដែន​អធិបតេយ្យភាព​របស់ខ្លួន​ដែល​ប៉ះពាល់​ការបោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត​ដូច​ពលរដ្ឋ​អាមេរិកាំង​ផងដែរ​។​

​ដោយឡែក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​រសៀល​ថ្ងៃទី​៣១ កក្កដា​នេះ ក៏បាន​ចេញមក​អះអាង​បន្ថែមថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺ​បាន​ប្រព្រឹត្តទៅ​ជាមួយនឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​ដ៏​ច្រើន​កុះករ​ដែល​បាន​ទៅ​បោះឆ្នោត ដោយ​គ្មាន​ការភ័យខ្លាច គ្មាន​ការគាបសង្កត់ ឬ​ការបង្ខិតបង្ខំ និង​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​ក្នុងចំណោម​គណបក្សនយោបាយ ចំនួន ២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង ។ អត្រា​នៃ​អ្នកបោះឆ្នោត​កើនឡើង​ខ្ពស់​រហូតដល់ ៨៣.០២% ខ្ពស់ជាង​អត្រា​នៃ​ការបោះឆ្នោត ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៣​។​

​ស្ថាប័ន គ​.​ជ​.​ប បញ្ជាក់ថា អ្នកសង្កេតការណ៍​ជាតិ ចំនួន ៨​ម៉ឺន​នាក់ និង​អ្នកសង្កេតការណ៍​អន្តរជាតិ ជាង​៥០០​នាក់ មកពី ៥៨​ប្រទេស ក៏ដូចជា​តំណាង​ស្ថាប័ន​បោះឆ្នោត​នៃ​ប្រទេស​មួយចំនួន ដែល​សង្កេតមើល​ការបោះឆ្នោត បាន​វាយតម្លៃ​ខ្ពស់ កោតសរសើរ និង​គាំទ្រ​ដល់​ការបោះឆ្នោត ថា​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សន្តិភាព ស្ងប់ស្ងាត់​ល្អ គ្មាន​អំពើហិង្សា ប្រកបដោយ​ភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​ការបោះឆ្នោត​ត្រូវបាន​រៀបចំ​កាន់តែ​ល្អប្រសើរ​ឡើង​ទាំង​លើ​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​បច្ចេកទេស​។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​៣០ កក្កដា សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់ខ្លួន​នៅ​កម្ពុជា បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម ហៅ​ការបោះឆ្នោត​អាណត្តិ​ទី​៦ ដែល​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ការបោះឆ្នោត ដែលមាន​កំហុសឆ្គង​យ៉ាងខ្លាំង មិនមាន​ភាពសេរី និង​យុត្តិធម៌ ហើយក៏​មិនបាន​តំណាងឲ្យឆ​ន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ ពីព្រោះ​ការបោះឆ្នោត​នេះ បាន​ផាត់​ចោល​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​វារឹតតែ​ធ្វើឲ្យ​បាត់បង់​ថែមទៀត នូវ​សមិទ្ធិផល​របស់​ប្រទេស​កម្ពុជា ក្នុង​ការជំរុញ​ការផ្សះផ្សា​នយោបាយ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ មក​៕

ព័ត៌មានផ្សេងទៀត