អំពើហិង្សា​​ផ្ទុះឡើង​ជាថ្មី​​នៅ​ហុងកុង​​រវាង​ក្រុមបាតុករ​​ជាមួយ​ប៉ូលិស​

31-07-2019 10:33 am 456

​ការប៉ះទង្គិច​បានកើត​ឡើង​ជាថ្មី​រវាង​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង ជាមួយ​កងកម្លាំង​ប៉ូលិស​រក្សា​សណ្ដាប់ធ្នាប់​កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប់ពី​ប៉ូលិស​បាន​ចោទប្រកាន់​បាតុករ​ជាច្រើន​នាក់​ពីបទ​បង្ក​កុបកម្ម អាច​មានទោស​ជាប់ពន្ធនាគារ​រហូតដល់​១០​ឆ្នាំ​។ អំពើហិង្សា​ជាថ្មី​កើតឡើង​នៅពេល​ប៉ូលិស​ប្រើ​ស្ព្រាយ​បាញ់បង្ហូរ​ទឹកភ្នែ​កនិង​ប្រើ​ដំបង​ប្រឆាំង​ក្រុមបាតុករ ដែល​ប្រមូលផ្ដុំ​នៅ​ខាងក្រៅ​ទីស្នាក់ការ​ប៉ូលិស​។ ក្រុមបាតុករ​ក៏បាន​គប់​ដប​ទឹក​សុទ្ធ​និង​ឆត្រ​ប្រឆាំង​ប៉ូលិស​វិញ​។​

​ហេតុការណ៍​កាលពី​យប់​ថ្ងៃ​អង្គារ​កើតឡើង​រយៈពេល​ខ្លី​ទេ បើ​ប្រៀបធៀប​ហេតុការណ៍​លើក​មុន ប៉ុន្ដែ​វា​នៅតែមាន​ភាព​តានតឹង​ខ្លាំង ដោយ​ប៉ូលិស​មិនអាច​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុងការ​បំបែក​ក្រុមមនុស្ស​ប្រមូលផ្ដុំ​ទេ​។ មុនពេល​ផ្ទុះ​អំពើហិង្សា​ក្រុម​តវ៉ា​នាំគ្នា​ស្រែក​ពាក្យស្លោក​ប្រជាធិបតេយ្យ និង​យក​ស្ព្រាយ​បាញ់​ជា​រូបគំនូ​រនៅលើ​ជញ្ជាំង​។ ដោយ​ឃើញ​ស្ថានភាព​មិន​ស្រួល​ប៉ូលិស​ក៏​ទាញ​ទ្វារ​ស្ថានីយ​បិទ​ជិត​ទាំងអស់ ខ្លាច​មាន​ការរំខាន​ពី​ក្រុមបាតុករ​។ 

​ការតវ៉ា​រហូត​ក្លាយជា​អំពើហិង្សា​ជាថ្មី ធ្វើឡើង​បន្ទាប់ពី​ប៉ូលិស​ហុងកុង​បានប្រកាសថា មនុស្ស​៤៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ការប៉ះទង្គិច​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន និង​ត្រូវ​ចោទប្រកាន់​ពីបទ​បង្ក​កុបកម្ម​។ ការសម្រេច​ចោទប្រកាន់​មនុស្ស​៤៤​នាក់ ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បញ្ជាក់ថា ក្រុមបាតុករ​ដែល​បង្ក​អំពើហិង្សា​ត្រូវតែ​ដាក់ទោស​ឲ្យបាន​ឆាប់​បំផុត​។ អំពើ​កុបកម្ម​គឺជា​បទល្មើស​សាធារណៈ​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅ​ហុងកុង ហើយ​នឹងត្រូវ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ដឲ្យ​ជាប់ពន្ធនាគា​ររហូតដល់​១០​ឆ្នាំ​។​

​ទីក្រុង​ហុងកុង​ត្រូវ​ញាំញី​ដោយ​ការប្រមូលផ្ដុំ​តវ៉ា​អស់​រយៈពេល​៧​សប្ដាហ៍​មកហើយ ដោយ​ការតវ៉ា​ខ្លះ​បញ្ចប់​ដោយ​ហិង្សា​។ ដើមហេតុ​ឈានដល់​ការប្រមូលផ្ដុំ​តវ៉ា​ដូច្នេះ ដោយសារតែ​រដ្ឋាភិបាល​ហុងកុង​ប្រកាស​ចង់​អនុម័ត​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ជា​ច្បាប់​អនុញ្ញាតឲ្យ​នាំ​ជនសង្ស័យ​ទៅកាត់​ទោសនៅ​ចិន តែ​ប្រជាជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព និង​អាច​រង​នូវ​ការគាបសង្កត់ អំពើ​អ​យុត្ដិធម៌​ផ្សេងៗ​។ 

​ក្រោយពី​ចលនា​តវ៉ា​កាន់តែ​ធ្ងន់ធ្ងរ មេដឹកនាំ​ហុងកុង​ក៏​ប្រកាស​លុបចោល​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​នេះ ប៉ុន្ដែ​ក្រុមបាតុករ​នៅតែ​មិន​ពេញចិត្ដ រហូត​ទាមទារ​ឲ្យ​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​ចុះ​ចេញពី​តំណែង​ទៀតផង​។ បច្ចុប្បន្ន​គោលដៅ​ធំ​បំផុត​នៃ​ការតវ៉ា​របស់​ក្រុមបាតុករ គឺ​ប្រឆាំង​ការចោទប្រកាន់​លើ​ពួកគេ និង​ទាមទារ​ឲ្យមាន​ដំណោះស្រាយ​ករណី​មានម​នុស្ស​មួយក្រុម មក​វាយប្រហារ​លើ​ពួកគេ​បណ្ដាលឲ្យ​របួស​មនុស្ស​៤៥​នាក់​កាលពី​សប្ដាហ៍​មុន​៕

ព័ត៌មានផ្សេងទៀត