កូរ៉េខាងជើង​​បាញ់​មី​ស៊ី​លពីរ​គ្រាប់​​ទៀតហើយ​​ចូលក្នុង​សមុទ្រ​

31-07-2019 7:55 am 787

​តាម​ការបញ្ជាក់​ពី​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បានឲ្យដឹងថា កូរ៉េខាងជើង​នៅ​ព្រឹក​ថ្ងៃទី​៣១​កក្កដា​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​មិន​ស្គាល់​អត្ដ​សញ្ញាណ​ពីរ​គ្រាប់ ចេញពី​ខេត្ដ​ភាគ​ខាងកើត​ប្រទេស​។ គ្រាប់​មី​ស៊ី​ល​ទាំងពីរ​គ្រាប់​ហោះ​បាន​ចម្ងាយ​២៥០​គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់​៣០​គីឡូម៉ែត្រ​មុន​ធ្លាក់ចូល​ក្នុង​សមុទ្រ​ជប៉ុន​។ ប៉ុន្ដែ​បើតាម​ការបញ្ជាក់​ពី​ភាគី​ជប៉ុន មី​ស៊ី​ល​មិនបាន​ធ្លាក់ចូល​ក្នុង​ដែនទឹក​គ្រប់គ្រង​ដោយ​ជប៉ុន​ទេ​។ កូរ៉េខាងត្បូង​ឲ្យដឹងទៀតថា មី​ស៊ី​លបាញ់​លើក​នេះ​គឺ​ប្រភេទ​ខុសគ្នា​ពី​មី​ស៊ី​លបាញ់​លើក​មុន​។​

​គួរ​បញ្ជាក់ថា កាលពី​សប្ដាហ៍​មុន​កូរ៉េខាងជើង​ក៏បាន​ធ្វើតេស្ដ​មី​ស៊ី​ល​ប្រភេទ​ថ្មី​ចំនួន​ពីរ​គ្រាប់​ចូលក្នុង​សមុទ្រ​ដែរ​។ កាលនោះ​មី​ស៊ី​ល​ហោះ​បាន​ចម្ងាយ​៤៣០​គីឡូម៉ែត្រ​មាន​រយៈកម្ពស់​៥០​គីឡូម៉ែត្រ មុន​ធ្លាក់​ចូលក្នុង​សមុទ្រ​ជប៉ុន​ឬ​សមុទ្រ​ខាងកើត​។ តាម​ការបញ្ជាក់​ពី​កូរ៉េខាងជើង ការ​ធ្វើតេស្ដ​មី​ស៊ី​ល​កាលពី​សប្ដាហ៍​មុន ជា​ការព្រមាន​ទៅ​កូរ៉េខាងត្បូង​ជុំវិញ​ផែនការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​អាមេរិក​ក្នុង​ខែសីហា​។ កូរ៉េខាងជើង​បាន​ទទូច​ឲ្យ​កូរ៉េខាងត្បូង​លុបចោល​ផែនការ​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​ជាបន្ទាន់ បើ​មិន​ចង់ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​។ លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​សង្កត់ធ្ងន់​ដែរថា បើ​កូរ៉េខាងត្បូង​មិន​ស្ដាប់​លោក​នឹង​បញ្ជា​ឲ្យធ្វើ​តេស្ដ​នុយក្លេអ៊ែរ​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត