អាមេរិក​នៅតែ​​មិនទាន់​បញ្ជាក់​ច្បាស់​​ពី​ប្រភេទ​ទំនិញ​ដែល​អាច​​លក់​ឲ្យ​Huawei

30-07-2019 5:02 pm 481
ឡូហ្គោសម្គាល់​ក្រុមហ៊ុន​Huawei

​រយៈពេល​មួយខែ​ហើយ​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​និយាយថា នឹង​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក អាច​លក់​ផលិតផល​ទៅឲ្យ​ក្រុមហ៊ុន​Huawei​វិញ ប៉ុន្ដែ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​មិនទាន់​បានបញ្ជាក់​ច្បាស់លាស់ ពី​ប្រភេទ​ទំនិញ​ដែល​អាច​លក់​បានទេ​។ កង្វះខាត​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ប្រភេទ​ទំនិញ ដែល​ក្រុមហ៊ុន​អាមេរិក​អាច​ផ្គត់ផ្គង់​ទៅឲ្យ​ក្រុមហ៊ុន​Huawei ទំនងជា​ធ្វើឲ្យមាន​ភាពស្រពិចស្រពិ​ល​កើតឡើង ជុំវិញ​កិច្ចចរចា​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន គ្រោង​ធ្វើឡើង​ក្នុង​សប្ដាហ៍​នេះ​។​

​លោក​ត្រាំ​បាន​ប្ដេជ្ញា​អនុញ្ញាតឲ្យ​លក់ទំនិញ​ទៅឲ្យ​ក្រុមហ៊ុន​Huawei ជា​ឆន្ទៈ​មួយ​ចង់បង្ហាញ​ដល់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង នៅពេល​មេដឹកនាំ​ទាំងពីរ​ជួបគ្នា​កាលពី​ខែ​មុន​។ ក្នុង​កិច្ច​ជំនួប​កាលនោះ​ក៏មាន​ការព្រមព្រៀង​ឲ្យ​ចាប់ផ្ដើម​កិច្ចចរចា​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​ឡើងវិញ​ដែរ​។ សម្រាប់​ភាគី​ចិន​បាន​យល់ព្រម​ចាប់ផ្ដើម​ទិញ​កសិផល​ពី​អាមេរិក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​

​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​អាមេរិក​បាន​ស្វាគមន៍​យ៉ាងខ្លាំង ជុំវិញ​ការប្រកាស​របស់លោក​ត្រាំ​។ មន្ដ្រី​រដ្ឋាភិបាល​អាមេរិក​បានឲ្យដឹង​ដែរថា រដ្ឋាភិបាល​នឹង​ចេញ​បញ្ជី​មុខទំនិញ​ដែល​អាច​នាំ​ចេញទៅ​ឲ្យ​ក្រុមហ៊ុន​Huawei ជា​ប្រភេទ​ទំនិញ​មិន​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​។ ប៉ុន្ដែ​រហូត​មកដល់ពេលនេះ​នៅ​ពុំទាន់​មាន​ការឆ្លើយតប​នឹង​សំណើ​របស់​ក្រុមហ៊ុន​ប្រមាណ​៣៥ ដែល​ស្នើឲ្យ​ចេញ​អាជ្ញា​ប័ណ្ណប្រមាណ​៥០​ដល់​មុខទំនិញ​ដែល​អាច​លក់បាន​នៅឡើយ​ទេ​។​

​គួររម្លឹកថា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ក្រោយ​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។ កិច្ចចរចា​ក៏បាន​ធ្វើឡើង​ម្ដង​ជា​ពីរដង ប៉ុន្ដែ​គ្មាន​ទទួលលទ្ធផល​អ្វី​ឡើយ​។ កិច្ចចរចា​នឹង​ចាប់ផ្ដើម​ជាថ្មី​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​បន្ដទៀត តែ​នៅ​មិនទាន់​ដឹងថា​អាច​ទទួលបាន​លទ្ធផល​ល្អ​ឬក៏​បរាជ័យ​ដូច​កិច្ចពិភាក្សា​លើក​មុន​ទេ​៕

ព័ត៌មានផ្សេងទៀត