ភាពចម្រូងចម្រាស់​ជុំវិញ​ការបែងចែក​ផ្លូវគោក​នៅ​កម្ពុជា​ត្រូវ​បាន​បកស្រាយ​

30-07-2019 4:43 pm 1654
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត ភាពចម្រូងចម្រាស់​ជុំវិញ​សំណួរចម្លើយ ពី​ការ​បែងចែក​ផ្លូវគោក​នៅ​កម្ពុជា ត្រូវ​បាន​បកស្រាយ​ហើយ ពី​សំណាក់​មន្ត្រី​ក្រសួង​ចំនួន​២ ក្រោយពី​មាន​ការរិះគន់​យ៉ាងខ្លាំង​ពី​មហាជន​។ កម្មវិធី​ល្បងប្រាជ្ញា​របស់​ស្ថានីយ៍​ទូរទស្សន៍​មួយ បាន​ដាក់​សំណួរ​និង​ផ្តល់​ចម្លើយ​ថា ផ្លូវគោក​នៅ​កម្ពុជា​ចែកជា​៣​ប្រភេទ ខណៈ​ដែល​មហាជន​បាន​ប្រតិកម្ម និង​រិះគន់​ថា ផ្លូវគោក​នៅ​កម្ពុជា​ចែកចេញ​ជា​២​ប្រភេទ ខណៈ​ក្នុង​សៀវភៅ​សិក្សា​របស់​ក្រសួង​អប់រំ ក៏​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ដែរ​។ តើ​អ្វី​ទៅ​ជា​ការបកស្រាយ​ជុំវិញ​បញ្ហា​នេះ​? សូម​ស្តាប់​សៅ វិសាល​

​មហាជន​បាន​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​កម្មវិធី​ល្បងប្រាជ្ញា​មួយ​ឈ្មោះថា Heaven Or Hell Cambodia របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស ដែល​បាន​ដាក់​សំណួរ​ឲ្យ​បេក្ខជន​ឆ្លើយ ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​ខ្មែរ ពេល​បេក្ខជន​ឆ្លើយ​ត្រូវ តែ​ពិធី​ការិនី​ថា​ខុស ហើយ​ផ្តល់​ចម្លើយ​ខុស​នោះ​មក​ទៀត​។​

​ក្នុង​កម្មវិធី​ល្បងប្រាជ្ញា​នេះ អ្នកគ្រប់គ្រង​បានដាក់​សំណួរ​ថា «​យោង​តាម​សៀវភៅ​វិញ្ញាសារ​ជ្រើសរើស​សម្រាប់​ថ្នាក់​ទី​៩ តើ​នៅ​ប្រទេស​កម្ពុជា គេ​ចែក​ផ្លូវគោក​ជា​ប៉ុន្មាន​ប្រភេទ​?»​។ ជា​ចម្លើយ បេក្ខជន​ដែល​ចូលរួម​លេង​លោក កៅ សីហា ដែល​ជា​អ្នកដឹកនាំ​សម្តែង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​ផង​ដែរ​នោះ បានជ្រើសរើស​ចម្លើយ​២​ប្រភេទ គឺ​មាន​ផ្លូវថ្នល់ និង​ផ្លូវដែក ប៉ុន្តែ​ចម្លើយ​នោះ​បែរជា​ពិធី​ការិនី​អ្នកនាង ចាន់ កែវ​និមល ថា មិន​ត្រឹមត្រូវ​នោះទេ ហើយ​ចម្លើយ​ដែល​ត្រឹមត្រូវ​នោះ​មាន ៣​ប្រភេទ គឺ​ផ្លូវ​ជាតិ ផ្លូវ​ខេត្ត និង ផ្លូវ​រុក្ខ​បាល​។​

​ក្រោយ​ការផ្តល់​ចម្លើយ​បែបនេះ មាន​មហាជន​ជាច្រើន​បាន​រិះគន់ថា ការបកស្រាយ​ចម្លើយ​របស់​ពិធី​ការិនី​អ្នកនាង ចាន់ កែវ និមល មិន​ត្រឹមត្រូវ ពោល​គឺ​កម្ពុជា​បាន​ចែក​ផ្លូវគោក​ជា​២​ប្រភេទ​ប៉ុណ្ណោះ​។

​ភ្លាមៗ​ក្រោយ​ផ្ទុះ​ការរិះគន់ យ៉ាង​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក្នុង​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍​ហង្ស​មាស នា​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ លោក​មាស រិទ្ធី បាន​លើកយក​អំណះអំណាន មក​បកស្រាយ​បន្ថែម​ជុំវិញ​សំណួរ និង​ចម្លើយ​ដែល​កម្មវិធី Heaven Or Hell Cambodia ជ្រើសរើស​យក​មក​ឲ្យ​បេក្ខជន​ឆ្លើយ​។ ក្នុង​ការបកស្រាយ​នោះ លោក​មាស រិទ្ធី បង្ហាញ​ពី​ការដកស្រង់​សំណួរ ចេញពី​សៀវភៅ​សំណួរ​-​ចម្លើយ ជ្រើសរើស​ភូមិវិទ្យា ថ្នាក់​ទី​៩ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ុក សុធី​រ៉ា ដែល​បាន​បញ្ជាក់ថា ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា ចែកចេញ​ជា​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​រុក្ខ​បាល​។​

​លោក​ឌី ខាំ​ប៉ូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ​ថា ចម្លើយ​ដែល​ត្រឹមត្រូវ​ថា ផ្លូវគោក​នៅ​កម្ពុជា ចែក​ជា​ប៉ុន្មាន​នោះ គឺ​រូប​លោក​សូម​ឲ្យ​សាធារណជន និង​សិស្សានុសិស្ស ទៅ​មើល​នៅក្នុង​សៀវភៅ​មេរៀន​ភូមិវិទ្យា ដែល​បោះពុម្ភ​ដោយ​ក្រសួង​អប់រំ នៅក្នុង​កម្មវិធីសិក្សា​។​

​យោង​តាម​សៀ​ភៅ​ភូមិវិទ្យា ថ្នាក់​ទី​៩ ក្នុង​ជំពូក​ទី​១ មេ​រៀនទី​៣ បានបញ្ជាក់​ថា ផ្លូវគោក​មាន​ពីរ​ប្រភេទ គឺ​ផ្លូវថ្នល់ និង​ផ្លូវដែក ដែល​ក្នុងនោះ​ផ្លូវថ្នល់​មាន​សារៈសំខាន់​ជាង​គេ​ទាំង​ប្រវែង និង​សកម្មភាព​។ ផ្លូវថ្នល់​មាន​ទាំង​អស់​ប្រវែង​៣៨,០៩៣Km ដែល​ក្នុងនោះ ២,៩៧៧Km ជា​ផ្លូវ​ចាក់​កៅស៊ូ និង​៣៥,១១៦Km មិនទាន់​ចាក់​កៅស៊ូ (​ឆ្នាំ​២០០៧)​។ ផ្លូវដែក​មាន​ពីរ​ខ្សែ មាន​ប្រវែង​សរុប​៦៥១Km​។​

ដោយឡែក បើ​យោង​តាម​សៀវភៅ​ភូមិវិទ្យា​ថ្នាក់​ទី​១២ ត្រង់​ជំពូក​ទី​៣ មេ​រៀនទី​៣ បានបញ្ជាក់​ថា ផ្លូវថ្នល់ គឺ​ចែកចេញជា​៤​ប្រភេទ គឺ​ផ្លូវ​ជាតិ ផ្លូវ​ខេត្ត ផ្លូវលំ និង​ផ្លូវ​រុក្ខ​បាល​។​

១. ផ្លូវជាតិ : ផ្លូវ​ដែល​ស្ថាបនា និង​ថែរក្សា​ដោយ​ថវិកា​ជាតិ ហើយ​ជា​ផ្លូវ​ដែល​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្ត​នានា​។​

២. ផ្លូវ​ខេត្ត : ផ្លូវ​ទាំងឡាយណា​ដែល​កាត់​ផ្លូវជាតិ ឬ​ជា​ផ្លូវ​ដែល​ចេញ​ពី​ទីប្រជុំជន ក្រុង​(​ក្នុង​ខេត្ត​) ទៅ​ទីប្រជុំជន​មួយទៀត (​ផ្លូវ​ទៅ​តាម​បណ្តា​ស្រុក​) ហើយ​ផ្លូវ​នេះ​កសាង និង​ថែរក្សា​ដោយ​ថវិកាខេត្ត​។​

៣. ផ្លូវលំ : ផ្លូវ​តូចៗ​គ្មាន​ក្រាល​ថ្ម ក្រាល​គ្រួស​ក្រហម មាន​នៅ​តំបន់​ជនបទ​។ ផ្លូវ​នេះ​កសាង​ដោយ​រដ្ឋអំណាច​មូលដ្ឋាន សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល សប្បុរសជន និង​ប្រជាជន​ក្នុង​តំបន់​។​

៤. ផ្លូវ​រុក្ខ​បាល : ផ្លូវ​ដែល​ធ្វើ​និង​ថែរក្សា ដោយ​ក្រសួង​រុក្ខ​ប្រមាញ់ សម្រាប់​ដឹក​ផលិតផល​ព្រៃឈើ សម្រួល​ដល់​ការថែទាំ​ព្រៃឈើ និង​ធ្វើ​ចរាចរ​ធម្មតា​ផងដែរ​។​

​ដោយឡែក អ្នកនាំពាក្យ និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក គង់ វិមាន នៅ​ថ្ងៃ​ជាមួយគ្នានេះ ក៏​បាន​ចេញ​មក​បកស្រាយ​បន្ថែម ដើម្បី​កុំឲ្យ​សាធារណ​ជន មាន​ការភ័ន្ដច្រឡំ អំពី​ការ​បែងចែក​ផ្លូវ ក្រោយ​មាន​ការ​ចែកចាយ​ជា​បន្ដបន្ទាប់ នៅលើ​បណ្ដាញ​សង្គម Facebook លើ​បញ្ហា​នេះ​។​

ដើម្បីឲ្យអ​ស់​មន្ទិលសង្ស័​យ​លើ​បញ្ហា​នេះ លោក គង់ វិមាន តាមរយៈ Facebook បាន​បកស្រាយ​ថា ផ្លូវគោក​ចែកចេញជា ២​ប្រភេទ​គឺ​៖ (​មិន​និយាយ​ពី​ផ្លូវ​ល្បឿន​លឿន​) ទី​១៖ ផ្លូវថ្នល់ និង​ទី​២៖ ផ្លូវដែក​។​

បន្ថែម​ពីលើ​នេះ មន្ដ្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ បាន​ពន្យល់​ទៀត​ថា សម្រាប់​ផ្លូវ​ថ្នល់​វិញ ត្រូវ​បាន​ចែកចេញ​ជា ៤​ប្រភេទ​ទៀត​គឺ​៖ ទី​១៖ ផ្លូវជាតិ​, ទី​២៖ ផ្លូវ​ខេត្ត​, ទី​៣៖ ផ្លូវលំ (​ផ្លូវ​ជនបទ​) និង​ទី​៤៖​ផ្លូវ​រុក្ខ​បាល​។ ចំណែកឯ​គមនាគមន៍​គឺមាន​៣​ប្រភេទ គឺ​៖ ទី​១៖ ផ្លូវគោក​, ទី​២៖ ផ្លូវទឹក និង​ទី​៣៖ ផ្លូវអាកាស​។​

​ដោយឡែក ស្របពេល​ជាមួយគ្នានេះ​ដែរ លោក​កៅ សីហា តាមរយៈ​ហ្វេ​សប៊ុក បានបង្ហាញ​អារម្មណ៍​ថា ខ្ញុំបាទ កៅ សីហា សូម​អរគុណ​ដល់​បងប្អូន​មហាជន ដែល​បាន​តាមដាន​កម្មវិធី ឋានសួគ៌ ឬ​ឋាននរក ក្នុងការ​វែកញែក​រក​ខុស​ត្រូវ​លើ​សំនួរ និង​ចម្លើយ ជាមួយ​ពិធី​ការិនី កែវ ចាន់​និមល​។ ខ្ញុំ​សង្កេតឃើញថា មាន​មហាជន​មួយចំនួន គាត់​អត់​ទាន់​បាន​យល់​ពី​ការនិយាយ​របស់​ពិធីករ​ក្នុង​កម្មវិធី​។ ជា​ការពិត​ពិធី​ការិនី គាត់​និយាយ​

តាម​តែ​អ្វី​ដែល producer បាន​ប្រាប់​ពីក្រោយ​ឆាក​មក​ទេ​។ ដូច្នេះ​សូម​បងប្អូន​កុំ​ជេរ​គាត់​អី​។

​ការទទួលខុសត្រូវ​លើ​ភារៈ​តួនាទី មិនមែន​ខ្ញុំ​ទម្លាក់កំហុស​លើ producer​ទេ តែ​ធាតុ​ពិត​មកពី​មហាជន គាត់​និយាយ​តាម​ការ​ឃើញជាក់ស្ដែង​នូវ​អ្វី​ដែល​ពិធី​ការិនី​និយាយ​។ សូម​បងប្អូន​មហាជន មេត្តា​អធ្យាស្រ័យ និង​យោគយល់​។ ដោយ​ការគោរព​។​

សូមបញ្ជាក់​ថា យ៉ាងណាមិញ មតិ​សាធារណៈ​ជន នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ភាគច្រើន​មិន​ទាមទារ​ចង់បាន​អ្វី​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ចង់​ឲ្យ​អ្នក​គ្រប់គ្រង​កម្មវិធី មាន​ទំនួល​ខុស​ត្រូវ ទៅលើ​ការចេញ​សំណួរ និង​ចម្លើយ​របស់​ខ្លួន និង​កែតម្រូវ​នូវ​អ្វី​ដែល​ខុស​តែប៉ុណ្ណោះ​៕

 

 ពាក្យគន្លឹះ  ផ្លូវគោកស្រាយបំភ្លឺ

ព័ត៌មានផ្សេងទៀត