ឥណ្ឌូនេស៊ី​​បញ្ជូន​​សំរាម​៧​​កុងតឺន័រ​​ទៅ​ហុងកុង​​និង​បារាំង​វិញ​

30-07-2019 3:17 pm 186
សំរាមដែល​ឥណ្ឌូនេស៊ីបញ្ជូនត្រឡប់​ទៅវិញ

​សំរាម​ចំនួន​៧​កុងតឺន័រ​ត្រូវបាន​ឥណ្ឌូនេស៊ី​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​បារាំង​និង​ហុងកុង​វិញ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​នៅ​ថ្ងៃទី​៣០​កក្កដា​។ ការបញ្ជូន​សំរាម​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​របស់​ឥណ្ឌូនេស៊ី គឺជា​វិធានការ​ថ្មី​មួយទៀត​របស់​ប្រទេស​សមាជិក​អាស៊ាន​។ សំរាម​នៅក្នុង​កុងតឺន័រ​មាន​ប្រភេទ​កាកសំណល់​ប្លា​ស្ទិក និង​សម្ភារ​ដែលមាន​គ្រោះថ្នាក់​រំលោភ​លើ​ច្បាប់​នាំចូល​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​មន្ដ្រី​គយ​នៅលើ​កោះ​Batam​ស្ថិតនៅ​ក្បែរ​ប្រទេស​សិង្ហ​បុរី​។​

​ប្រធាន​គយ​ប្រចាំ​តំបន់​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ថា កុងតឺន័រ​ទាំងនោះ​ត្រូវបញ្ជូន​ទៅវិញ​កាលពី​ថ្ងៃ​ចន្ទ ដោយមាន​មន្ដ្រី​ចុះ​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ផងដែរ​។ ក្នុងចំណោម​សំរាម​ទាំង​៧​កុងតឺន័រ​មាន​៥​កុងតឺន័រ​បញ្ជូន​ត្រឡប់​ទៅ​ហុងកុង និង​២​កុងតឺន័រ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​បារាំង​។ អាជ្ញាធរ​បាន​និយាយថា កំពុង​រៀបចំ​បញ្ជូន​សំរាម​ចំនួន​៤២​កុងតឺន័រ​ទៀត​ដែល​ស្ដុក​ទុក​នៅ​កំពង់ផែ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ផងដែរ ក្នុងនោះ​មាន​ដឹក​មកពី​អាមេរិក អូស្ដ្រាលី និង​ប្រទេស​អាល្លឺម៉ង់​។​

​ឥណ្ឌូនេស៊ី​បាន​រឹតបន្ដឹង​លើ​ការគ្រប់គ្រង​ការ​នាំចូល​សំរាម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ ជា​ផ្នែក​មួយ​នៃ​ផែនការ​ប្រឆាំង​ការយក​ឥណ្ឌូនេស៊ី​ធ្វើជា​ទីលាន​ចាក់សម្រាម​បរទេស​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ប្រទេស​ចិន​ជា​អ្នកទទួល​ទិញ​សំរាម​ប្លា​ស្ទិច​ពី​ជុំវិញ​ពិភពលោក ប៉ុន្ដែ​ចិន​បាន​បិទទ្វារ​លែង​ទិញ​ចូល​កាលពី​ឆ្នាំមុន ជា​កិច្ចខិតខំ​ប្រឹងប្រែង​សម្អាត​បរិស្ថាន​ក្នុងប្រទេស​។ បន្ទាប់ពីនោះ​មក​កាកសំណល់​ដ៏​ច្រើន​ត្រូវបាន​ផ្លាស់ប្ដូរ​ទីតាំង​នាំចេញ ដោយ​ដឹក​ទៅកាន់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​វិញ រួមមាន​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​តិចតួច​។ 

​គួរ​បញ្ជាក់ថា ការព្រួយបារម្ភ​ជា​សកល​ពី​បញ្ហា​បំពុល​ដោយ​ប្លា​ស្ទិក​បានកើនឡើង​កាន់តែខ្លាំ​ង បន្ទាប់ពី​មាន​រូបភាព​កាល​សំណល់​ប្លា​ស្ទិក​បាន​កកស្ទះ​នៅតាម​ទន្លេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្រៅពីនេះ​មាន​សត្វ​សមុទ្រ​ជាច្រើន​បាន​ងាប់ ហើយ​នៅក្នុង​ពោះ​របស់​វា​មាន​ប្លា​ស្ទិក​រាប់​គីឡូ​។ ក្នុង​មួយឆ្នាំៗ​មាន​ប្លា​ស្ទិក​ប្រមាណ​៣០០​លាន​តោន​ត្រូវបាន​ផលិតឡើង នេះ​បើតាម​ការបញ្ជាក់​ពី​មូលនិធិ​ធម្មជាតិ​ពិភពលោក​។ សណល់​ប្លា​ស្ទិក​ត្រូវបាន​យកទៅ​ចោល​នៅ​លើដី​ហើយ​ខ្លះ​ធ្លាក់​ចូលទៅក្នុង​សមុទ្រ ដែល​កំពុង​បង្ក​ជា​វិបត្ដិ​ដ៏​ធំ​សម្រាប់​អន្ដរជាតិ​៕

 ពាក្យគន្លឹះ  ឥណ្ឌូនេស៊ីសំរាម

ព័ត៌មានផ្សេងទៀត