សហរដ្ឋអាមេរិក​ ថា​ការបោះឆ្នោត​​អាណត្តិ​ទី​៦​​មិន​តំណាងឲ្យ​ឆ​ន្ទៈ​ពលរដ្ឋ​​កម្ពុជា​​

30-07-2019 3:05 pm 282

​សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់ខ្លួន​នៅ​កម្ពុជា បាន​ហៅ​ការបោះឆ្នោត​អាណត្តិ​ទី​៦ ដែល​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ការបោះឆ្នោត ដែលមាន​កំហុសឆ្គង​យ៉ាងខ្លាំង មិនមាន​ភាពសេរី និង​យុត្តិធម៌ ហើយក៏​មិនបាន​តំណាងឲ្យឆ​ន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ​។​

​ជា​អំណះអំណាង​នៃ​ការវាយតម្លៃ​របស់ខ្លួន​ពេលនេះ ដោយ​សហរដ្ឋអាមេរិក ឃើញថា ការបោះឆ្នោត​នេះ បាន​ផាត់​ចោល​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​វារឹតតែ​ធ្វើឲ្យ​បាត់បង់​ថែមទៀត នូវ​សមិទ្ធិផល​របស់​ប្រទេស​កម្ពុជា ក្នុង​ការជំរុញ​ការផ្សះផ្សា​នយោបាយ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ មក​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន ហៅ​ការលើកឡើង​របស់​អាមេរិក​ពេលនេះ​ថា ជាការ​ញុះញង់​និង​ជ្រៀតជ្រែក លើ​ការសម្រេចចិត្ត​របស់​ព​ល​រដ្ឋ​ខ្មែរ​។ លោក​ថា ការបោះឆ្នោត​នៅ​កម្ពុជា គឺ​មិន​តម្រូវឲ្យ​ប្រទេស​ណាមួយ​មក​វាយតម្លៃយ៉ា​ង​នេះ ឬ​យ៉ាងនោះ លើ​ផលប្រយោជន៍​របស់​ខ្មែរ​ឡើយ ......

​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​ស្រដៀង​នឹង​លោក​ផៃ ស៊ី​ផាន ដែរ គឺ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក​ហង្ស ពុទ្ធា ថា​អាមេរិក​បាន​ពាក់វែន​តាខ្មៅ ហើយ​សម្លឹងមើល​មក​ការបោះឆ្នោត​នៅ​កម្ពុជា ដូច្នេះ​មើល​ឃើញតែ​ភាព​ខ្មៅ​ងងិត​។ លោក​ថា ការវាយតម្លៃ​របស់​ស​ហ​រដ្ឋ​អាមេរិក មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​ពលរដ្ឋ បាន​ចេញទៅ​បោះឆ្នោត រហូតដល់​ជា​៨០% ដោយ​គ្មាន​ការបង្ខិតបង្ខំ .....

​សំឡេង​លោក​ហង្ស ពុទ្ធា​៖

​បន្ថែម​លើ​ការវាយតម្លៃ​ការបោះឆ្នោត​នេះ សហរដ្ឋអាមេរិក ក៏​អំពាវនាវ​ផងដែរ ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចាត់វិធានការ​ជាក់ស្តែង​នានា ក្នុង​ការស្តារ​លទ្ធិប្រជាធិបតេយ្យ រួមទាំង​ទម្លាក់​បទចោទប្រកាន់​ទាំងឡាយ ប្រឆាំង​លោក​កឹម សុខា និង​អ្នកទោសនយោបាយ​ដទៃទៀត ហើយ​បញ្ចប់​ការអនុវត្ត​នូវ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ក្រោម​ហេតុផល​នយោបាយ ក្នុង​ការយាយី​ពលរដ្ឋ​របស់ខ្លួន​។​

​គិត​ត្រឹម​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៩ គឺមាន​រយៈពេល​១​ឆ្នាំ នៃ​ព្រឹត្តិការណ៍​បោះឆ្នោតជាតិ​នីតិកាល​ទី​៦​។​ជាការ​រំលឹក​ខួប​១​ឆ្នាំនេះ ក្រៅពី​សហរដ្ឋអាមេរិក លោក​សម រង្ស៊ី ប្រធានស្តីទី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​វីដេអូ​ឃ្លីប របស់ខ្លួន​ប្រមាណ​ជា​៧​នាទី បាន​ថ្លែង​ទៅកាន់​ពលរដ្ឋ​ខ្មែរ ដោយ​ហៅ​ការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ឆ្នាំ ២០១៨ ជា​ការបោះឆ្នោត​ក្លែងក្លាយ​។ លោក​ថា គណបក្សកាន់អំណាចរ​បស់​លោក​ហ៊ុន សែន ព្រោះតែ​ខ្លាច​ចាញ់​ទើបបានជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​១​ឆ្នាំមុន​ការបោះឆ្នោត​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោតជាតិ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ មាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​។ តែ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​ចាត់ទុកជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ទេ ពីព្រោះ​គណបក្ស​នេះ ត្រូវបាន​រំលាយ​ដោយ​អំណាចតុលាការ​កំពូល កាលពី​ថ្ងៃ​១៦ វិច្ឆិកា ឆ្នាំ​២០១៧​។ ឯ​លទ្ធផល គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ហ៊ុន សែន តែមួយគត់ ដែល​ទទួលបាន​អាសនៈ​ទាំង​១២៥ ក្នុង​រដ្ឋសភា និង​បានធ្វើឲ្យ​សភា​កម្ពុជា ក្លាយជា​សភា​ឯក​បក្ស​ក្នុង​ប្រវត្តិសាស្ត្រ ចាប់​តាំង​ឆ្នាំ​១៩៩៣ មក​៕

ព័ត៌មានផ្សេងទៀត