អ៊ីរ៉ង់និងប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះឆ្នាំ២០១៥ បានរៀបចំកិច្ចពិភាក្សាថ្នាក់អនុរដ្ឋមន្ដ្រី ដើម្បីជាកិច្ចប្រឹងប្រែងជួយសង្គ្រោះកិច្ចព្រមព្រៀង។ មន្ដ្រីជាន់ខ្ពស់មកពីប្រទេសអ៊ីរ៉ង់ អង់គ្លេស បារាំង អាល្លឺម៉ង់ និងប្រទេសផ្សេងទៀត បានជួបគ្នាក្នុងទីក្រុងវីយែនប្រទេសអូទ្រីសកាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចពិភាក្សាបន្ទាន់មួយ។
បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ អនុរដ្ឋមន្ដ្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ស្ថានភាពក្នុងកិច្ចប្រជុំគឺល្អប្រសើរណាស់ ប៉ុន្ដែមិនអាចដោះស្រាយបានគ្រប់រឿងទេ។ លោកបញ្ជាក់ពីគោលបំណងនឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីក្នុងពេលឆាប់ៗ។
សូមបញ្ជាក់ថា ការព្រួយបារម្ភបានកើតឡើងជុំវិញការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្រោយអ៊ីរ៉ង់កាលពីដើមខែកក្កដានេះ បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ លើសកម្រិតដែលកិច្ចព្រមព្រៀងបានកំណត់។ អ៊ីរ៉ង់ធ្លាប់ត្អូញត្អែថាខ្លួនមិនបានទទួលផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដូចអ្វីដែលបានសន្យាក្នុងកិច្ចព្រមព្រៀងចុះឆ្នាំ២០១៥ទេ។ អ៊ីរ៉ង់បន្ទោសថាករណីនេះដោយសារតែសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភាឆ្នាំ២០១៨៕