ចិន​ប្រកាស​​នឹងធ្វើ​សមយុទ្ធ​យោធា​​ក្បែរ​កោះ​តៃវ៉ាន់​​ក្នុង​សប្ដាហ៍​នេះ

29-07-2019 3:40 pm 300
  ស្តាប់
រូបភាព​​នាវាចម្បាំង​​របស់ចិន
ស្តាប់ជាសំឡេង

​ទីភ្នាក់ងារ​សុវត្ថិភាព​កងទ័ពជើងទឹក​ចិន​បានប្រកាស​ឲ្យដឹងថា កងទ័ព​ចិន​នឹងធ្វើ​សមយុទ្ធ​នៅក្បែរ​កោះ​តៃវ៉ាន់​ក្នុង​សប្ដាហ៍​នេះ​។ ការប្រកាស​របស់​ចិន​ធ្វើឡើង​ក្រោយ​ប្ដេជ្ញា​ត្រៀមប្រយុទ្ធ​រួចជាស្រេច ប្រសិន​តៃវ៉ាន់​មាន​សកម្មភាព​ចង់​ផ្ដាច់ខ្លួន​ជា​កោះ​ឯករាជ្យ​។ ទីភ្នាក់ងារ​មិនបាន​បញ្ជាក់ថា​សមយុទ្ធ​នឹងធ្វើ​នៅពេលណា ឬក៏​មាន​កងកម្លាំង​អ្វីខ្លះ​ចូលរួម​ទេ ប៉ុន្ដែ​ទីតាំង​ដែល​ត្រូវធ្វើ​គឺ​នៅ​ដែនសមុទ្រ​ក្បែរ​ខេត្ដ​គ័ង​តុង​និង​ខេត្ដ​ហ្វូ​ជាន ដែល​ស្ថិតនៅ​ភាគ​ខាងលិច​កោះ​តៃវ៉ាន់​។ ដោយឡែក​ឆ្នេរសមុទ្រ​ក្បែរ​ខេត្ដ​ជឺ​ជាំង ក៏​គ្រោង​យក​ធ្វើជា​ទីតាំង​សម្រាប់​សមយុទ្ធ​ដែរ​។​

​ប្រទេស​ចិន​បាន​អះអាងថា​កោះ​តៃវ៉ាន់​គឺជា​ដែន​អធិបតេយ្យ​របស់ខ្លួន ហើយ​ចិន​មិនដែល​បោះបង់ចោល​គោលការណ៍​ប្រើ​កម្លាំង​ទ័ព ដើម្បី​យក​តៃវ៉ាន់​មក​គ្រប់គ្រង​ឡើយ​ឲ្យតែ​តៃវ៉ាន់​នៅ​រឹងទទឹង​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ចិន​បាន​បង្កើន​សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ រួមទាំង​បញ្ជូន​យន្ដហោះ​ទៅ​ឃ្លាំមើល​ជា​ទៀត​ទាត់​។ ចិន​ក៏បាន​បញ្ជូន​នាវាចម្បាំង​ទៅក្នុង​ដែនទឹក​ក្បែរ​កោះ​តៃវ៉ាន់​ផងដែរ ខ្លាច​មាន​សកម្មភាព​មិន​ប្រក្រតី​កើតឡើង​។​

​បើតាម​ការលើកឡើងរ​បស់​ក្រសួងការពារជាតិ​តៃវ៉ាន់​វិញ តៃវ៉ាន់​បាន​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​បំផុត​នូវ​ស្ថានការណ៍​ក្នុង​ច្រក​សមុទ្រ ដើម្បី​ធានា​ពី​សុវត្ថិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។ ក្រសួង​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា កងទ័ព​នៅតែ​បន្ដ​ពង្រឹងសមត្ថភាព​ការពារ​សន្ដិសុខ​ជាតិ​។ តៃវ៉ាន់​បានរៀបចំ​សមយុទ្ធ​មួយ​កាលពី​ខែឧសភា ដោយ​ប្ដេជ្ញា​ការពារ​ប្រឆាំងនឹង​ការគំរាមកំហែង​របស់​ចិន​ដែល​កំពុង​កើនឡើង​។​

​ប្រទេស​ចិន​កាលពី​សប្ដាហ៍​មុន​បានបញ្ជាក់​ជាថ្មី​ថា ខ្លួន​ត្រៀម​ធ្វើសង្គ្រាម​រួចហើយ​ប្រឆាំង​អ្នក​ដែល​ព្យាយាម​បំបែក​កោះ​តៃវ៉ាន់​ចេញពី​ចិន​។ ចិន​ក៏​ចោទប្រកាន់​អាមេរិក​ថា​ធ្វើឲ្យប៉ះពាល់​ដល់​ស្ថិរភាព​សកលលោក និង​បាន​ព្រមាន​អាមេរិក​រឿង​លក់​សព្វាវុធ​ទៅឲ្យ​តៃវ៉ាន់​។ ចិន​មិន​សប្បាយចិត្ដ​ឡើយ​នៅពេល​ឃើញ​តៃវ៉ាន់​ស្និទ្ធ​ស្នា​លនឹង​អាមេរិក ព្រោះ​តៃវ៉ាន់​ជា​ដែនដី​របស់​ចិន​គ្មាន​សិទ្ធិ​ស្និទ្ធស្នាល​នឹង​ប្រទេស​ណាមួយ​ឡើយ​។ បើ​បរទេស​ចង់​រឹត​ចំណងមិត្ដភាព ត្រូវ​ងាក​មក​និយាយ​ជាមួយ​ក្រុង​ប៉េកាំង មិនមែន​និយាយ​ជាមួយ​តៃវ៉ាន់​នោះទេ​៕

 ពាក្យគន្លឹះ  ចិនតៃវ៉ាន់សមយុទ្ធ

ព័ត៌មានផ្សេងទៀត