លោក​ហ៊ុន សែន ទាមទារ​​ឲ្យ​អាមេរិក​​ពន្យល់​ពី​ការ​ចោទ​ថា​​មាន​មូលដ្ឋានទ័ព​​ចិន​​នៅ​សមុទ្រ​រាម​​

29-07-2019 2:33 pm 424

​ថ្លែង​ក្នុងពេល​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​«​មរតក​តេជោ​» នៅ​តាំង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ លោក​ហ៊ុន សែន បាន​ចោទសួ​របក​ទៅ​អាមេរិក​វិញ​ថា​«​តើ​ការ​លើកឡើងថា​មាន​មូលដ្ឋានទ័ព​ចិន​នៅ​សមុទ្រ​រាម មាន​ចេតនា​អ្វី​ឱ្យ​ពិតប្រាកដ​?» ខណៈ​ការចោទប្រកាន់​បែបៗ​នេះ ធ្លាប់​ធ្វើឲ្យ​កម្ពុជា និង​ប្រទេស​មួយចំនួនទៀត​ក្នុង​ពិភពលោក រង​ការ​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម កន្លងមកហើយ​។​

​លោក​ហ៊ុន សែន បាន​និយាយថា សហរដ្ឋអាមេរិក​ថា កាលពី​អំឡុង​ឆ្នាំ​១៩៧០ បាន​ចោទប្រកាន់​កម្ពុជា ពី​វត្តមាន​កងទ័ព​វៀតណាម លើ​ទឹកដី​កម្ពុជា ហើយក៏​បានធ្វើ​រដ្ឋប្រហា​រ ទំលាក់​សម្តេចព្រះ​នរោត្តម សីហនុ ចេញពី​ព្រះប្រមុខរដ្ឋ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​ឆ្នាំ​២០១៩​នេះ អាមេរិក បាន​ចោទ​កម្ពុជា​ម្តងទៀត ថា កម្ពុជា​អនុញ្ញាតឲ្យ​ចិន​បោះ​មូលដ្ឋាន​យោធា នៅ​តំបន់​រាម ក្នុង​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ យ៉ាងណា លោក​ហ៊ុន សែន បាន​បដិសេធ​ជាថ្មី​ថា កម្ពុជា​គ្មាន​មូលហេតុ​ផល​អ្វី ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​ចិន ដើម្បីឲ្យ​យោធា​ចិន​រស់ នៅ​កម្ពុជា​ឡើយ​។​

​លោក​ហ៊ុន សែន ចោទសួរ ចំពោះ​អ្វី ដែល​លោក​ហៅថា ជា​ការមូល​បង្កាត់​កម្ពុ​ជា​នេះ​«​តើ​ជា​វត្ថុបំណង​ដែល​ចង់​ធ្វើ​ដូច​ឆ្នាំ​១៩៧០​ទេ ក្នុង​ការមូល​បង្កា​ច់បែប​នេះ​? តើ​កម្ពុជា និង​ចិន​មាន​បញ្ហា​អ្វីដែល​ត្រូវ ចាំបាច់​ចុះហត្ថលេខា​ជាមួយគ្នា​លើ​បញ្ហា​កិច្ចព្រមព្រៀងសម្ងាត់ គ្មាន​ត្រូវ​ការចាំបាច់​អ្វី​សោះ​»​។​

​យ៉ាងណា មកដល់ពេលនេះ នៅ​មិនទាន់​ឃើញ​មាន​ការឆ្លើយតប​បែប​ណាមួយ​ពី​សហរដ្ឋអាមេរិក នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា សារព័ត៌មាន​បរទេស The Wall Street Journal កាលពីពេល​ថ្មីៗ កន្លងទៅ​បាន​ចុះផ្សាយ​ថា​«​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាសម្ងាត់​មួយ ដើម្បី​អនុញ្ញាតឲ្យ​កងទ័ពរ​បស់​ខ្លួន ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​កម្ពុជា​។ កិច្ចព្រមព្រៀង​នោះ គឺ​កម្ពុជា​ផ្តល់ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិផ្តាច់មុខ ធ្វើជា​មូលដ្ឋាន​ទាហានជើងទឹក​ចិន ជា​ផ្នែក​មួយ​នៅ​ឈូង​សមុទ្រ​ខ្មែរ ហើយ​នៅ​ជិត​ព្រលានយន្តហោះ​ធំ​មួយ ដែល​កសាង​ដោយ​ចិន​នឹង​អនុញ្ញាតឲ្យ​ចិន ប្រើ​ជា​មូលដ្ឋាន​យោធា​រយៈពេល​៣០​ឆ្នាំ ដាក់​ទ័ព ដាក់​គ្រឿង​សព្វាវុធ កន្លែង​ចត​ជាដើម​។​

​ប៉ុន្តែ ភាគី​កម្ពុជា បាន​ទាត់ចោល​ទាំងស្រុង​រួចហើយ និង​ចាត់ទុក​ការផ្សព្វផ្សាយ​ព័ត៌មាន​ស្តីអំពី​កម្ពុជា ថា​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។​

​ដើម្បីឲ្យ​អស់​មន្ទឹល កាលពី​ព្រឹក​ថ្ងៃទី​២៦ កក្កដា កន្លងទៅ រដ្ឋាភិបាល តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួងការពារជាតិ បាន​នាំ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាង​៧០​នាក់ ចុះ​ពិនិត្យ​ផ្ទាល់ នៅ​ទីតាំង​មូលដ្ឋាន​កងជើង​ទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ​។ ក្រោយពី​ចុះទៅពិនិត្យ​ផ្ទាល់​ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​បាន​អះអាងថា មិនមាន​ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេស​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត