វៀតណាម​​ចាប់ខ្លួន​​ជន​ជាតិចិន​​៣៨០​នាក់​​ករណី​​បើក​ល្បែង​​អន​ឡាញ​​ខុសច្បាប់​

29-07-2019 11:16 am 290

​តាម​ការបញ្ជាក់​ពី​រដ្ឋាភិបាល​វៀតណាម​បានឲ្យដឹងថា បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣៨០​នាក់ ដោយ​ចោទប្រកាន់​ពីបទ​បើក​ល្បែង​អន​ឡាញ​ដោយ​ខុសច្បាប់​។ ភាគច្រើនបំផុត​ករណី​បើក​រកស៊ី​ផ្នែក​ល្បែង គឺជា​រឿង​ខុសច្បាប់​នៅក្នុង​ប្រទេស​វៀតណាម ទោះបីជា​ជនបរទេស​ទទួលបាន​ការអនុញ្ញាតឲ្យ​លេងល្បែង​នៅក្នុង​កាស៊ីណូ​ក៏ដោយ​។ កាលពី​ឆ្នាំមុន​វៀតណាម​និយាយថា នឹង​អនុញ្ញាតឲ្យ​ប្រជាជន​ក្នុង​តំបន់​មួយចំនួន អាច​លេងល្បែង​នៅ​កាស៊ីណូ​បាន​ប៉ុន្ដែ​ស្ថិតក្រោម​ការកំណត់​។​

​ដោយឡែក​ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​បាន​នៅពេលនេះ មាន​អាយុ​ចន្លោះ​ពី​១៨​ដល់​២៤​ឆ្នាំ ត្រូវ​ចាប់ខ្លួន​នៅពេល​ពួកគេ​បើក​ដំណើរការ​គេហទំព័រ​លេងល្បែង​អន​ឡា​ញ មាន​ទីតាំង​ធ្វើការ​នៅក្នុង​បន្ទប់​ជាង​១០០​ស្ថិតនៅក្នុង​ទីក្រុង​ហូជីមិញ​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ក្រសួង​សន្ដិសុខ​សាធារណៈ​។ ល្បែង​ដែល​ក្រុម​ជន​ជាតិចិន​បើក​នោះ មានដូចជា​ប្រភេទ​ល្បែង​កីឡា​និង​ប្រភេទ​ឆ្នោត ហើយ​បើ​ប៉ាន់ប្រមាណ​ពី​ចំនួន​ទឹកប្រាក់​នៃ​ការគ្រប់គ្រង​ល្បែង​អន​ឡាញ​នេះ មាន​រហូតដល់​៣​ពាន់​លាន​យ័ន ស្មើនឹង​ប្រមាណ​ជាង​៤៣៦​លាន​ដុល្លារ​អាមេរិក​។​

​សេចក្ដីថ្លែងការណ៍​បន្ថែ​ម​ថា នេះ​គឺជា​ការបើក​ដំណើរការ​ល្បែង​ដ៏​ធំជាងគេ​បំផុត គិត​តាំងពី​មាន​ជនបរទេស​មក​បើក​ល្បែង​អន​ឡាញ​ក្នុង​ទឹកដី​វៀតណាម​។ ប៉ូលិស​ក៏​រឹបអូស​បាន​សម្ភារ​ជាច្រើន​ទៀត ក្នុងនោះ​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ប្រមាណ​២​ពាន់​គ្រឿង និង​កុំព្យូទ័រ​៥៣០​គ្រឿងក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​។​

គួរ​បញ្ជាក់ថា ប្រទេស​វៀតណាម​គឺជា​ប្រទេស​ដែល​មានច្បាប់​តឹងរ៉ឹង​បំផុត ជុំវិញ​ការប្រើប្រាស់​បណ្ដាញ​អ៊ី​ន​ធឺ​ណេត ហើយ​បើ​គិតពី​ករណី​បើក​ការ​ភ្នាល់​ល្បែង​តាម​អន​ឡាញ​វិញ គឺជា​រឿង​ដែល​ខុសច្បាប់​ទាំងស្រុង​។ ក្រៅពីនេះ​ចំពោះ​ការប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួនទៀត​មាន​ហ្វេ​សប៊ុក​ជាដើម ក៏ត្រូវ​ស្ថិតក្រោម​ការឃ្លាំមើល​យ៉ាង​តឹងតែង​បំផុត និយាយ​ឲ្យ​ខ្លី​មិនត្រូវ​ប្រើប្រាស់​ខុសពី​ច្បាប់​ដែល​អាជ្ញាធរ​បានកំណត់​ឡើយ​៕

ព័ត៌មានផ្សេងទៀត