លោក​គួច ចំរើន​៖ កាត់​ទម្លាក់និង​នាំ​ខ្លួន​ម្ចាស់​ស្លាក​យីហោ​ចិន ដែលមិន​គោរព​ច្បាប់​កម្ពុជា​

29-07-2019 9:41 am 326

​អភិបាលខេត្ត​ព្រះសីហនុ បាន​ព្រមាន​បន្ត​ចាត់វិធានការ ចំពោះ​ការលើក​ស្លាក​យីហោ​ហាង របស់​ជនជាតិ​ចិន​ណា ដែល​មិន​គោរព​តាមច្បាប់​របស់​កម្ពុជា​។ ទន្ទឹមនឹងនោះ ក៏​នឹង​មាន​ការ​នាំខ្លួន​ម្ចាស់​ហាង ដើម្បី​អប់រំ និង​ផ្អាក​អាជីវកម្ម​ចោល​តែម្តង ប្រសិនបើ​រក​ឃើញ​ភាពមិនប្រក្រតី​លើ ទិដ្ឋាការ និង​សៀវភៅ​ការងារ​។ ដោយៈ​សៅ វិសាល​

​ភាពមិនប្រក្រតី​ជុំវិញ​ការ​តម្លើង​ស្លាក​យីហោ​ហាង​ចិន នៅ​ខេត្ត​ព្រះសីហនុ នៅតែ​បន្ត​កើនឡើង ជាហេតុ​នាំឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំងពីម​ហាជន​។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នឹង​បន្ត​ចាត់វិធានការ​ក្តៅ​ជុំវិញ​បញ្ហា​នេះ​។​

​តាមរយៈ​ហ្វេ​សប៊ុក​របស់​រដ្ឋបាល​ខេត្តព្រះសីហនុ បានបញ្ជាក់​ថា លោក​គួច ចំរើន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ នឹង​ចាត់វិធានការ​បន្ត ដោយ​មិន​ត្រឹម​ការ​កាត់​ស្លាក​ពាណិជ្ជកម្ម ដែល​មិន​គោរព​តាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទម្លាក់​ចុះ​នោះទេ ថែមទាំង​ត្រូវ​នាំយក​ម្ចាស់​អាជីវកម្ម​នោះ​មក​កាន់​សាលាក្រុង ដើម្បី​ធ្វើ​ការអប់រំ ត្រួតពិនិត្យ ទិ​ដ្ឋការ សៀវភៅ​ការងារ និង​ផ្អាក​អាជីវកម្ម​នោះ ដោយ​តម្រូវ​ឲ្យ​ស្នើ​សុំ​ច្បាប់​ជា​មុន​ទើប អនុញ្ញាត​ឲ្យមាន​អ្នកធា​នា​ត្រឡប់​ទៅ​វិញ និង​បើក​អាជីវកម្ម​ឡើងវិញ​។​

​សូមបញ្ជាក់​ថា ការលើក​ស្លាក​យីហោ​ហាង របស់​ជនជាតិ​ចិន ដែល​មក​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ហាក់​មិន​ត្រូវបាន​ត្រួតពិនិត្យ ឲ្យបាន​ដិតដល់​ពី​មន្ត្រីអាជ្ញាធរ​ខ្មែរឡើយ​។ ជាហេតុ នាំ​ឲ្យ​អត្ថន័យ នៃ​ឈ្មោះ​ស្លាក​យីហោ​នី​មួយៗ មិន​ត្រឹមត្រូវ​តាម​តួរ​អក្ស​របស់​ខ្មែរ​។​

​ជាក់ស្តែង​យីហោ​ហាង​ទាំងនោះ មានឈ្មោះ​ដូច​ជា “​តូប​លក់​សាច់​កម្ពុជា​” “​ហាង​លក់​នាយកដ្ឋាន​” “​រដូវ​ផ្កា​រីក អូន លក់​ដុំ​” “​សាច់មាន់ លោក​” និង​ឈ្មោះ​ហាង​ជាច្រើន​ទៀត ដែល​គ្មាន​អត្ថន័យ និង​ខ្លឹមសារ​ស្រប​តាម​ពាក្យ​ខ្មែរ​ទាល់តែសោះ​៕

ព័ត៌មានផ្សេងទៀត