អ៊ីរ៉ង់​កាន់តែ​ផ្គើន​​ប្រកាស​​បាញ់​មី​ស៊ី​ល​​មិន​ខ្វល់​ពី​​បម្រាម​អាមេរិក​

28-07-2019 2:52 pm 407

​តាម​ប្រភពពី​យោធា​អ៊ីរ៉ង់​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ថា ប្រសិនបើ​ចាំបាច់​អ៊ីរ៉ង់​នឹង​ធ្វើតេស្ដ​មី​ស៊ី​ល​។ ប្រភព​ដដែល​បន្ដថា​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ឬ​អត់ អាស្រ័យ​លើ​កម្មវិធី​នុយក្លេអ៊ែរ​និង​ភាពចាំបាច់​របស់​អ៊ីរ៉ង់​។ ការ​ធ្វើតេស្ដ​មី​ស៊ី​ល​ជា​ការការពារ​ខ្លួន​ប្រឆាំងនឹង​ចេតនា​រំលោភបំពាន​ដែន​អធិបតេយ្យ គ្មាន​បំណង​ប្រឆាំង​ប្រទេស​ណា​ទេ​។ អ៊ីរ៉ង់​មិនចាំបាច់​សុំ​ការអនុញ្ញាត​ពី​ប្រទេស​មហាអំណាច​ណាមួយ​ឡើយ បើ​គ្រាន់តែ​ជាការ​ធ្វើតេស្ដ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួនឯង​នោះ​។​

​ការប្រកាស​ដូច្នេះ​ហាក់​កាន់តែ​ផ្គើន​នឹង​សហរដ្ឋអាមេរិក ដែល​កំពុង​រឹតបន្ដឹង​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ដើម្បីឲ្យរ​ដ្ឋ​មួយនេះ​បោះបង់​ចោលកម្ម​វិធី​នុយក្លេអ៊ែ​រ​។ ម្យ៉ាង​ក៏​ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ថា អ៊ីរ៉ង់​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​កាលពី​ថ្ងៃ​ពុធ​។ ដោយសារតែ​ភាពស្រពិចស្រពិល​របស់​អ៊ីរ៉ង់​ក្នុងការ​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទើប​ធ្វើឲ្យ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក សម្រេច​ដក​អ៊ីរ៉ង់​ចេញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។ 

​ក្រោយ​ដក​អាមេរិក​ចេញ​កាលពី​ខែឧសភា​ឆ្នាំ​២០១៨ អាមេរិក​បានប្រកាស​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​អ៊ីរ៉ង់​ឡើងវិញ ជាពិសេស​គឺ​ដោយសារតែ​កម្មវិធី​នុយក្លេអ៊ែរ​នេះឯង​។ លោក​ត្រាំ​ធ្លាប់​ចោទថា​អ៊ីរ៉ង់​មិនបាន​ឈប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយ​ថែមទាំង​ជួយ​គាំទ្រ​ដល់​ក្រុម​ភេរ​វករ​ដោយ​សម្ងាត់​ទៀត​។ រីឯ​អ៊ីរ៉ង់​ដោយ​ខឹង​អាមេរិក​ក៏​សម្រេច​នឹង​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​។ បន្ទាប់ពីនោះ​ភាព​តានតឹង​ក៏​ផ្ទុះឡើង​កាន់តែខ្លាំង រហូត​អាមេរិក​បញ្ជូន​កម្លាំង​ទ័ព​និង​សព្វាវុធ រួមមាន​នាវាចម្បាំង  នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់​B52​ជា​យន្ដហោះ​មាន​គ្រោះថ្នាក់​បំផុត ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​អ៊ីរ៉ង់​។​

​ម្ដងម្កាល​ការផ្ទុះ​សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក​ជាមួយ​អ៊ីរ៉ង់ ស្ទើរតែ​ផ្ទុះ​ជា​សង្គ្រាម​សព្វាវុធ​ទៅហើយ ធ្វើឲ្យ​អន្ដរជាតិ​ព្រួយបារម្ភ​រឹតតែ​ខ្លាំង​។ ករណី​ក្ដៅ​មួយទៀត​គឺ​ការអះអាង​បាញ់​ទម្លាក់​យន្ដហោះ​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក​ទៅវិញទៅមក ក៏​រុញច្រាន​ឲ្យ​ភ្លើងកំហឹង​ឆេះ​កាន់តែខ្លាំង​ជាង​មុន​។ ឥលូវ​មាន​ការប្រកាស​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ទៀត ដែល​ច្បាស់​ណាស់​ប្រសិនបើ​អ៊ីរ៉ង់​រឹងទទឹង​ជា​ដដែលៗ អាមេរិក​នឹង​ចាត់វិធានការ​កាន់តែ​តឹងរ៉ឹង​លើ​អ៊ីរ៉ង់ ហើយក៏​មិនអាច​ប៉ាន់ស្មាន​បានដែ​រថា សង្គ្រាម​សព្វាវុធ​អាច​កើតឡើង​ឬ​អត់​៕

ព័ត៌មានផ្សេងទៀត