លោក​គីម ជុង​អ៊ុន​​រម្លឹក​ខួប​​បទ​ឈប់​បាញ់​​នៃ​សង្គ្រាម​​កូរ៉េ​​តែ​មិន​រិះគន់​​ចំឈ្មោះ​អាមេរិក​

28-07-2019 11:39 am 497

មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​កាលពី​ថ្ងៃ​សៅរ៍ បាន​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប​៦៦​ឆ្នាំ​នៃ​បទ​ឈប់​បាញ់ ដែល​ឈានដល់​ការបញ្ចប់​សង្គ្រាម​កូរ៉េ​។ នៅក្នុង​ពិធី​លោក​បាន​ឧទ្ទិស​ដល់​អ្នកស្លាប់​ដោយសារ​សង្គ្រាម និង​បាន​កោតសរសើរ​ពី​ការលះបង់​របស់​ពួកគេ ហើយ​និយាយថា​ការលះបង់​នេះ​នឹង​បន្ដ​ចងចាំ​ក្នុង​ប្រវត្ដិសាស្ដ្រ​ជានិច្ច​។ ប៉ុន្ដែ​អ្វីដែល​ជា​ការកត់សម្គាល់ ការចូលរួម​របស់លោក​នៅក្នុង​ពិធី​ជាតិ​ពេលនេះ លោក​គីម​មិនបាន​រិះគន់​ចំឈ្មោះ​សហរដ្ឋអាមេរិក​ទេ ទោះបី​ការ​រម្លឹក​ខួប​ជា​ថ្ងៃ​ដែល​កូរ៉េខាងជើង​ហៅថា​ជ័យជម្នះ​លើ​សហរដ្ឋអាមេរិក​ក៏ដោយ​។​

​ករណី​ដែល​លោក​គីម ជុង​អ៊ុន​ព្យាយាម​មិន​រិះគន់​ចំឈ្មោះ​សហរដ្ឋអាមេរិក ក្រុមអ្នកតាមដាន​ស្ថានការណ៍​យល់ឃើញថា ទីក្រុង​ព្យុងយ៉ាង​ទំនង​មិន​ចង់ឲ្យ​ប៉ះពាល់​ដល់​កិច្ចចរចា​ស្ដីពី​ការរំលាយ​នុយក្លេអ៊ែ​រ ដែល​គ្រោង​ចាប់ផ្ដើម​ជាថ្មី​ក្នុងពេល​ឆាប់ៗ​។ តាមពិតទៅ​កិច្ចចរចា​គ្រោង​ធ្វើឡើង​នៅក្នុង​ប្រទេស​ថៃ​សប្ដាហ៍​ក្រោយ ប៉ុន្ដែ​ត្រូវ​លើក​ពេល​ទៅ​ខែក្រោយ​ឬ​យូរ​ជាង​នេះ ដោយសារតែ​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​លុបចោល​ការចូលរួម​។​

​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​កូរ៉េខាងជើង​ហាក់​មិន​សប្បាយចិត្ដ​ជាមួយ​អាមេ​រិក​និង​កូរ៉េខាងត្បូង​ឡើយ ដោយបាន​បាញ់​មី​ស៊ី​លពីរ​គ្រាប់​កាលពី​ព្រឹក​ថ្ងៃទី​២៥​កក្កដា​ដើម្បី​គំរាម​ផងដែរ​។ កូរ៉េខាងជើង​មិន​ពេញចិត្ដ​រឿង​ផែនការ​ធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង គ្រោង​រៀបចំឡើង​នៅ​ខែក្រោយ​។ សមយុទ្ធ​នេះ​ទោះបី​អាមេរិក​និង​កូរ៉េខាងត្បូង​ពន្យល់​ពី​ហេតុផល​អ្វី​ក៏ដោយ ក៏​កូរ៉េខាងជើង​ចាត់ទុកជា​រឿង​មិន​សមរម្យ​ប៉ះពាល់​ដល់​សន្ដិសុខ​។ 

​លោក​គីម ជុង​អ៊ុន​ធ្លាប់​និយាយថា កូរ៉េខាងជើង​មិនអាច​ឈប់​អភិវឌ្ឍ​ប្រព័ន្ធ​សព្វាវុធ​ដែលមាន​អានុភាព​បានទេ ព្រោះ​កូរ៉េខាងជើង​ត្រូវការពារ​ខ្លួន​ប្រឆាំង​ការគំរាមកំហែង​។ កូរ៉េខាងជើង​ត្រូវ​ទប់ស្កាត់​សក្ដានុពល​នៃ​ការគំរាមកំហែង​ដោយផ្ទាល់​ចំពោះ​សន្ដិសុខ​ពី​សំណាក់​កូរ៉េខាងត្បូង​។ លោក​គីម​បាន​រិះគន់​អាជ្ញាធរ​កូរ៉េខាងត្បូង ចំពោះ​ផែនការ​ធ្វើ​សមយុទ្ធ​យោធា​រួមជាមួយ​កងទ័ព​អាមេរិក​។​

​លោក​គីម​សង្កត់ធ្ងន់ថា ការ​ធ្វើតេស្ដ​មី​ស៊ី​ល​នៅពេលនេះ​គឺជា​ការព្រមាន​ដោយផ្ទាល់​ចំពោះ​កូរ៉េខាងត្បូង និង​ចោទប្រកាន់​កូរ៉េខាងត្បូង​ចង់​ដោះស្រាយ​បញ្ហា​តាម​វិធីសាស្ដ្រ​ពីរ​យ៉ាង ដោយ​មាត់​និយាយថា​គាំទ្រ​សន្ដិភាព ប៉ុន្ដែ​នៅ​នាំចូល​អាវុធ​ថ្មីៗ​ហើយ​ថែមទាំង​បន្ដធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​ទៀត​។ ដូច្នេះ​កូរ៉េខាងត្បូង​គួរ​បញ្ឈប់​សកម្មភាពរ​បស់​ខ្លួន​ជាបន្ទាន់ មិនគួរ​ធ្វើឲ្យមាន​កំហុស​ដោយសារ​តែមិន​អើពើ​និង​ការព្រមាន​ឡើយ​។​

​សម្រាប់​ក្រសួងការបរទេស​អាមេរិក​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​មាន​ការអត់ធ្មត់ មិនត្រូវ​បង្កហេតុ​បន្ថែម​ទេ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា អាច​ចាប់ផ្ដើម​កិច្ចចរចា​ស្ដីពី​ការរំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ឡើងវិញ​។ រីឯ​កូរ៉េខាងត្បូង​ក៏​ទទូ​ចឲ្យក្រុង​ព្យុងយ៉ាង​បញ្ឈប់​ទង្វើ​ធ្វើឲ្យ​ស្ថានការណ៍​រឹតតែ​តានតឹង និង​ត្រូវ​ឈប់​បង្ក​ការគំរាមកំហែង​ផ្នែក​យោធា​៕

ព័ត៌មានផ្សេងទៀត