ចាប់ខ្លួន​មនុស្ស​​ជាង​១​ពាន់​នាក់​​ក្នុង​ការប្រមូលផ្ដុំ​​តវ៉ា​នៅ​រុស្ស៊ី​

28-07-2019 8:27 am 381
រូបភាពប៉ូលិសរុស្ស៊ីកំពុងឃាត់ខ្លួនអ្នកតវ៉ា

​ប៉ូលិស​រុស្ស៊ី​បាន​ឃាត់ខ្លួន​មនុស្ស​ជាង​១​ពាន់​នាក់ នៅពេល​ពួកគេ​ប្រមូលផ្ដុំ​តវ៉ា​ប្រឆាំងនឹង​ការដក​បេក្ខជន​គណបក្សប្រឆាំង​ជាង​៥០​រូប មិនឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ក្នុងស្រុក​មួយ​។ មនុស្ស​ប្រមាណ​៣,៥០០​នាក់ បាន​ជួបជុំ​នៅខាងមុខ​ការិយាល័យ​អភិបាលក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃ​សៅរ៍​។ ពួកគេ​ទាមទារ​ឲ្យ​បេក្ខជន​គណបក្សប្រឆាំង អាច​មានឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ម៉ូស្គូ​នៅ​ខែកញ្ញា​បាន​។​

​អាជ្ញាធរ​បាន​បកស្រាយ​ថា បេក្ខជន​គណបក្សប្រឆាំង​ទាំងនោះ​ត្រូវបាន​ហាមឃាត់ ដោយសារតែ​ពួកគេ​គ្មាន​ឯកសារ​គ្រប់គ្រាន់​។ ដោយឡែក​ចំពោះ​ការតវ៉ា​កាលពី​ថ្ងៃ​សៅរ៍​ប៉ូលិស​ថា​ធ្វើឡើង​ដោយ​ខុសច្បាប់ ហើយ​ប៉ូលិស​បាន​បញ្ជា​ឲ្យ​ក្រុមបាតុករ​បញ្ឈប់​សកម្ម​ភាព​របស់​ពួកគេ ប៉ុន្ដែ​ពួកគេ​មិន​ស្ដាប់​ទើប​ឈានដល់​ការចាប់ខ្លួន​ដូច្នេះ​។ បើតាម​ការបញ្ជាក់​ពី​ក្រសួងមហាផ្ទៃ​រុស្ស៊ី យ៉ាងតិចណាស់​មនុស្ស​១,០៧៤​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​២០​ខែកក្កដា ក៏មាន​មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់​ចូលរួម​ក្នុង​ការប្រមូលផ្ដុំ​ក្នុង​ទីក្រុង​ម៉ូស្គូ​ផងដែរ ដើម្បី​ទាមទារ​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ដទៅដោយ​យុត្ដិធម៌​៕

ព័ត៌មានផ្សេងទៀត