ហ្គា​តេ​ម៉ាឡាចុះ​កិច្ចព្រមព្រៀង​ជន​ចំណាកស្រុក​ជាមួយ​អាមេរិ​ក​ក្រោយ​លោក​ត្រាំ​គំរាម​

27-07-2019 4:54 pm 162
  ស្តាប់
គ្រួសារជនចំណាកស្រុកនៅក្នុងប្រទេសហ្គាតេម៉ាឡា
ស្តាប់ជាសំឡេង

​នៅក្រោម​កិច្ចព្រមព្រៀង​នេះ ជន​ចំណាកស្រុក​ដែល​ធ្វើដំណើរ​ចេញ​មកពី​ប្រទេស​ហុងឌូ​រ៉ាស់ និង​អ៊ែល​សាវ៉ាឌ័រ ឆ្លងកាត់​តាម​ប្រទេស​ហ្គា​តេ​ម៉ាឡា នឹង​តម្រូវឲ្យ​បញ្ឈប់​ដំណើរ​ត្រឹមនេះ ហើយ​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅទីនេះ​ជាមុនសិន​។ ចំពោះ​ជនអន្តោប្រវេសន៍​ណា ដែល​មិន​បានធ្វើ​ដូច្នេះ នឹង​មិនមាន​សិទ្ធិ សុំ​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​ឡើយ​។ រដ្ឋាភិបាលហ្គា​តេ​ម៉ាឡា និយាយថា កិច្ចព្រមព្រៀង​នេះ មាន​រយៈពេល​ពីរ​ឆ្នាំ ហើយ​នឹងត្រូវ​ពិនិត្យឡើងវិញ​រៀងរាល់​បី​ខែម្ដង​។​

​ដំបូង​ឡើយ​តុលាការ​ធម្មនុញ្ញ​ហ្គា​តេ​ម៉ាឡា បាន​រារាំង​មិន​អនុញ្ញាតឲ្យ​លោក​ប្រធានាធិបតី​ហ្គា​តេ​ម៉ាឡា Jimmy Morales ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​នេះឡើយ ព្រោះ​មិនទាន់មាន​ការអនុម័ត​ពី​សភា​។ តែ​ក្រោយមក​លោក​ត្រាំ​បាន​គំរាម យកពន្ធ​និង​ថ្លៃ​លើ​សេ​វ៉ា​ផ្ទេរប្រាក់ ព្រមទាំង​គំរាម​ដាក់ទណ្ឌកម្ម​ផ្សេងៗ​ទៀត​។​

​និយាយ​តែ​ពី​ពន្ធ​លើ​ប្រាក់​បញ្ញើ​របស់ហ្គាតេ​ម៉ាឡា អាច​នឹង​ធ្វើឲ្យមាន​ការគំរាម​កំ​ហែង​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ​។ ប្រជាជន​ហ្គា​តេ​ម៉ាឡា​ដែល​រស់នៅ​ក្រៅប្រទេ​ស បាន​ផ្ញើ​ប្រាក់​ត្រឡប់មក​ប្រទេស​របស់​ពួកគេ​សរុប​ចំនួន​៩.៥​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៨​។ ពោល​ស្មើ​១២​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​។ នេះ​បើ​យោងទៅតាម​តួលេខ​របស់​ធនាគារពិភពលោក​។ ទទួល​ការ​គំរាម​ពី​លោក​ត្រាំ​បែបនេះ ប្រធានាធិបតី​ហ្គា​តេ​ម៉ាឡា បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជន​ចំណាកស្រុក​ជាមួយ​អាមេរិក​តែម្តង​។ ប៉ុន្តែ​ភ្លាមៗ មិន​ច្បាស់​ថា​មាន​ការយល់ព្រម​ពី​តុលាការ​ធម្មនុញ្ញ​ឬក៏​អត់​។​

គួរ​កត់សំគាល់ថា មិនមែន​មានតែ​ប្រទេស​ហ្គា​តេ​ម៉ាឡា​មួយទេ ដែល​រង​នូវ​ការ​គំរាម​ហែង​យកពន្ធ​របៀបនេះ​ពី​លោក​ត្រាំ ពោល ប្រទេស​នៅ​អាមេរិក​កណ្តាល​ផ្សេងទៀត តួយ៉ាង​ដូចជា​ប្រទេសមិក​ស៊ិកកូ ក៏​ជួបប្រទះ​បញ្ហា​នេះដែរ​។ បន្ទាប់ពី​និយាយ​ដោយ​មាត់ទទេរ​គ្មាន​ប្រសិទ្ធភាព លោក​ត្រាំ​បាន​ប្រើ​វិធានការ​ក្តៅ តាមរយៈ​ការ​គំរាម​តំឡើង​ពន្ធ​បន្តបន្ទាប់ ចាប់ផ្តើម​ពី ៥ ភាគរយ​និង​កើនឡើង​ដល់ ២៥ ភាគរយ ប្រសិនបើ​មិក​ស៊ិកកូ មិន​ចាត់វិធានការ​ធំៗ ទប់ស្កាត់​ជន​ចំណាកស្រុក​ទៅ​អាមេរិក​។ វិធានការ​នេះ​ក៏​ទទួលបាន​ផល ដោយ​មិក​ស៊ិកកូ សន្យា​រឹតបន្តឹង​ការ​ល្បាត​តាម​ព្រំដែន ហើយ​លោក​ត្រាំ​ក៏​សម្រេច​បោះបង់ចោល ការយកពន្ធ​លើ​មិក​ស៊ិកកូ​វិញ​ដែរ​៕

 

ព័ត៌មានផ្សេងទៀត