អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រតិកម្មយ៉ាងខ្លាំង ដោយសម្តែងការសោកស្តាយ ទៅនឹងការប្រកាសរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ក្រុមអ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ បានធ្វើការចោទប្រកាន់ម្តងហើយម្តងទៀតដោយគ្មានមូលដ្ឋាន និងផ្អែកលើព័ត៌មានតែមួយជ្រុងមកលើយន្តការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ថាជាការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី ជាដើម។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបដិសេធយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើព័ត៌មានមិនពិត លម្អៀង ក្រោមរបៀបវារៈនយោបាយ និងស្តង់ដារពីរ។ ដើម្បីកុំឱ្យសាធារណមតិមានការយល់ច្រឡំ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបកស្រាយបំភ្លឺដូចខាងក្រោម៖
១. ករណីចាប់ខ្លួន លោកគង់ រ៉ៃយ៉ា និងលោកសួង នាគព័ន្ធ មិនមែនជាការរឹតត្បិតទៅលើសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធីនោះទេ តែជាការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ កុំឲ្យមានភាពចលាចលកើតឡើងនៅក្នុងសង្គម ដែលកើតចេញពីសកម្មភាព បង្កប់នូវចេតនាទុច្ចរិត ក្នុងការបង្កភាពចលាចល បញ្ឆេះកំហឹងប្រជាពលរដ្ឋ ឲ្យស្អប់ខ្ពើម និងបះបោរប្រឆាំងទៅនឹងរាជរដ្ឋាភិបាលស្របច្បាប់។
២. ករណីឃាតកម្មលោកកែម ឡី. តុលាការបានបិទបញ្ចប់សំណុំរឿងទីមួយ ដោយផ្តន្ទាទោសជនដៃដល់ឈ្មោះ អឿត អាង ហៅជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ចំណែកឯសំណុំរឿងមួយទៀត ដែលបំបែកចេញពីសំណុំរឿងទីមួយនេះ ក្នុងការស្វែងរកជនពាក់ព័ន្ធដ៏ទៃផ្សេងទៀត កំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការ ដែបាននឹងកំពុងអនុវត្តកិច្ចការរបស់ខ្លួន ដោយឯករាជ្យ និងយកចិត្តទុកដាក់ ស្របតាមច្បាប់ និងនីតិវិធីជាធរមានរបស់ប្រទេសកម្ពុជា។
៣. ករណីចំណាត់ការផ្លូវច្បាប់លើលោកអ៊ួន ឈិន និងលោកយាង សុទ្ធារិន មិនមែនជាការវាយប្រហារទៅលើសេរីភាព នៃការសម្តែងមតិ និងសេរីភាពសារព័ត៌មាននោះទេ ព្រោះសកម្មភាពរបស់អ្នកទាំងពីរ មិនមែនជា
ការអនុវត្តនូវវិជ្ជាជីវៈអ្នកសារព័ត៌មាននោះទេ តែសកម្មភាពទាំងនោះត្រូវបានសមត្ថកិច្ចរកឃើញថា ជាបទល្មើស និងត្រូវបានចោទពីបទ”ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្តរាយដល់ការការពារជាតិ” និងបទចោទផ្សេងៗទៀតតាមបញ្ញតិនៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើមូលដ្ឋានព័ត៌មានចារកម្ម រួមទាំងវត្ថុតាង និងភស្តុតាងផ្សេងៗទៀតដែលប្រមូលបាននៅនឹងកន្លែង។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់បន្ថែមថា វិធានការផ្លូវច្បាប់របស់រដ្ឋាភិបាលនាពេលកន្លងមក មិនមានគោលដៅជាក់លាក់ លើក្រុម ឬជនណាមួយ ដូចការចោទប្រកាន់ដែលគ្មានមូលដ្ឋាននោះទេ។ ក្នុងនាមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ជនគ្រប់រូបត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ រួមទាំងអ្នកសារព័ត៌មាន សកម្មជនគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនានាផងដែរ មិនមែនដោយសារពួកគេជានរណានោះទេ តែដោយសារបទល្មើសដែលពួកគេបានប្រព្រឹត្ត៕