ឥណ្ឌា​ជំរុញ​អ៊ីរ៉ង់​ឲ្យ​ដោះលែង​នាវិក​ខ្លួន ដែល​នៅ​សេសសល់​

27-07-2019 2:31 pm 332
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា​លោក Raveesh Kumar បាន​និយាយថា នាវិក​ជនជាតិ​ឥណ្ឌា​៩​នាក់ ក្នុងចំណោម​១៣​នាក់ នៅក្នុង​នាវា​ដោត​ទង់ជាតិ​នៃ​ប្រទេស​ប៉ា​ណា​ម៉ាក ត្រូវបាន​អ៊ីរ៉ង់​ដោះលែង​ហើយ ហើយ​ពួកគេ​នឹង​ធ្វើដំណើរ​ត្រឡប់មកវិញ​ក្នុងពេល​ឆាប់ៗ​។ ប៉ុន្តែ​ឥណ្ឌា​បន្ត​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អ៊ីរ៉ង់ ដោះលែង​នាវិក​ឥណ្ឌា​ចំនួន​៣​នាក់​ទៀត ស្ថិតក្នុង​នាវា​ដែល​អ៊ីរ៉ង់​រឹបអូស​យក​ទៅក្នុង​ខែកក្កដា​នេះ​។ ឥណ្ឌា​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព នៅពេលដែល​នាវិក​នៅលើ​នាវា​តែមួយ​ជាមួយគ្នា តែ​មិន​ត្រូវបាន​ដោះលែង​ព្រម​គ្នា ហើយ​ថែមទាំង​គ្មាន​ការពន្យល់​មូលហេតុ រក្សាទុក​នាវិក​ទាំង​៣​នាក់​នោះ​ថែមទៀត​។​

​គួរ​ជម្រាបជូន​ថា នាវិក​ឥណ្ឌា​ចំនួន​១៣​នាក់ ត្រូវបាន​កង​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ នាំខ្លួន​ទៅ​ជាមួយនឹង​នាវា​មួយគ្រឿង ដែលមាន​ដោត​ទង់ជាតិ​ប្រទេស​ដា​ណា​ម៉ាក​។ នាវា​និង​នាវិក​ត្រូវបាន​ចាប់​ឃាត់ទុក ក្រោម​មូលហេតុ​ថា រត់ពន្ធ​ប្រេង​ដោយ​ខុសច្បាប់​។ នេះ​បើតាម​ការអះអាង​ពី​អ៊ីរ៉ង់​។​

​តាមពិតទៅ មាន​នាវិក​ឥណ្ឌា​ច្រើនជាង​១៩​នាក់ ត្រូវបាន​អ៊ីរ៉ង់​ឃាត់ខ្លួន នៅក្នុង​កប៉ាល់​ផ្សេងៗ​ពីគ្នា​ដែល​អ៊ីរ៉ង់​រឹបអូស​នៅក្នុង​ខែកក្កដា​នេះ​។ បើតាម​ឥណ្ឌា នាវិក​របស់ខ្លួន​ចំនួន​១៨​នាក់​ផ្សេងទៀត ត្រូវបាន​អ៊ីរ៉ង់​ឃាត់ខ្លួន​ជាមួយនឹង​កប៉ាល់ ដែល​ដោត​ទង់ជាតិ​អង់គ្លេស​ឈ្មោះថា Stena Impero​។ កប៉ាល់​មួយគ្រឿង​នេះ ត្រូវបាន​អ៊ីរ៉ង់​រឹបអូស​យកទៅ នៅ​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩ នៅ​ច្រក​សមុទ្រ Hormuz ដែលជា​ចំណុច​ផ្លូវទឹក​កំពុងមាន​ភាពចម្រូងចម្រាស​។ ឥណ្ឌា​ក៏បាន​ជំរុញ​ឲ្យ​អ៊ីរ៉ង់ ដោះលែង​នាវិក ដែល​ស្ថិតនៅលើ​កប៉ាល់​របស់​អង់គ្លេស​នេះ​ផងដែរ​។​

​ប្រទេស​ឥណ្ឌា មាន​ទំនាក់ទំនង​នយោបាយ និង​ថាមពល ជាមួយ​អ៊ីរ៉ង់​ជា​យូរអង្វែង​ណាស់​មកហើយ ប៉ុន្តែ​ទំនាក់ទំនង​នេះ ត្រូវបាន​កាត់បន្ថយ​ទាំងអស់ ចាប់តាំងពី​អាមេរិក ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំង​ការនាំ​ប្រេង​ចេញ​របស់​អ៊ីរ៉ង់​មក​៕

 ពាក្យគន្លឹះ  ឥណ្ឌានាវិកអ៊ីរ៉ង់

ព័ត៌មានផ្សេងទៀត