លោក​ស ខេង សាទរ​ចំពោះ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​តែ​ស្នើឱ្យ​ពង្រឹង​បន្ថែម​

27-07-2019 11:36 am 266
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា លោក​រដ្ឋមន្ត្រី ស ខេង បាន​សាទរ​ចំពោះ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​រហូត​អាច​ចាប់ខ្លួន​បាន​មេខ្លោង និង​វត្ថុតាង​សំខាន់ៗ​នា​ពេលកន្លងមក ។ លោក​ថា ទោះបី​លទ្ធផល​ដែល​សម្រេច​បាន​មិន​ទាន់​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា តែ​សមត្ថកិច្ច​នៅតែ​បន្ត​អនុវត្ត​រហូត​អាចឈាន​ទៅ​រក​ការកាត់បន្ថយ និង​លុបបំបាត់​ទាំងស្រុង​ពី​កម្ពុជា​នៅពេល​ខាងមុខ...

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ថ្លែង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​គាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំងប្រទេស ។​

​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៦ កក្កដា លោក ស ខេង បាន​អះអាង​ថា តាមរយៈ​សកម្មភាព​ទាំងនេះ យើង​បាន​ចាប់ខ្លួន​មេក្លោង រួម​ទាំង​ជនល្មើស​មួយចំនួនធំ និង​បាន​រឹបអូស​គ្រឿងញៀន​និង​សារធាតុ​ផ្សំ​ជាច្រើន ព្រមទាំង​បាន​បញ្ជូន​ទៅ​តុលាការ​ជា​បន្តបន្ទាប់ ដើម្បី​ផ្តាន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។​

​លោក​រដ្ឋមន្ត្រី​បន្តថា ទោះបីជា​លទ្ធផល​បាន​សម្រេច​ជា​បន្តបន្ទាប់ មិនទាន់​បាន​ឆ្លើយតប​ពេញលេញ​ទៅនឹង​បំណងប្រាថ្នា​របស់​រាជរដ្ឋាភិបាលក្តី ក៏​សមត្ថកិច្ច នៅតែ​បន្ត​ខិតខំ​ពុះពារ​តស៊ូ​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នេះ រហូត​ធ្វើឱ្យ​បទល្មើស​គ្រឿងញៀន ត្រូវបាន​កាត់បន្ថយ និង​ឈាន​ទៅ​លុប​បំបាត់​ទាំងស្រុង​ពី​កម្ពុជា​នាពេល​អនាគត ។​

​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​សមត្ថកិច្ច​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​៤​កុំ គឺ​កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ កុំ​បន្ធូរដៃ និង​កុំ​អន្តរាគមន៍ ក្នុង​បទល្មើស​គ្រឿងញៀន ។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​បានឱ្យដឹងថា ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន ៣.៣៣៥​ករណី​, ឃាត់ខ្លួន ៧.០៩៧​នាក់​, ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៣១០​គីឡូក្រាម​, កញ្ឆា​ស្រស់ ៤៧.១០៣​ដើម រួម​ទាំង​មធ្យោបាយ​សម្ភារ​វត្ថុតាង​មួយ​ចំនួន ៕

ព័ត៌មានផ្សេងទៀត