អង្គការសង្គមស៊ីវិល ដែលធ្វើការស្រាវជ្រាវខាងផ្នែកបំបៅដោះកូននៅកម្ពុជា បានឱ្យដឹងថា ការបំបៅដោះកូនដោយម្សៅទឹកដោះគោ ជួបហានីភ័យខ្ពស់ជាងការបំបៅដោះកូនដោយទឹកដោះម្ដាយ ហើយអង្គការសង្គមស៊ីវិលទាំងនេះ បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ជួយផ្សព្វផ្សាយពីផលប៉ះពាល់ដោយការបំបៅដោះកូនដោយម្សៅទឹកដោះគោផងដែរ។
ការបំបៅកូនដោយទឹកដោះម្ដាយ ពិតជាមានសារសំខាន់ណាស់សម្រាប់ទារកតូចៗ ដែលទើបតែប្រសូត្រឡើងរហូតដល់រយៈពេល៦ខែ។ ផ្ទុយទៅវិញប្រសិនបើការបំបៅដោះកូន ដោយប្រើម្សៅទឹកដោះគោ ទារកតូចៗដែលទើបតែប្រសូត្រនឹងជួបហានីភ័យខ្ពស់ រហូតឈានដល់បាត់បង់ជីវិតទៀតផង។ នេះបើការបញ្ជាក់ពីអង្គការសង្គមស៊ីវិល ដែលស្រាវជ្រាវលើផ្មែកការបំបៅដោះកូន នៅក្នុងសិក្ខាសាលាជាមួយអ្នកសារព័ត៌មាន ដែលប្រព្រឹត្តធ្វើរយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០១៩។
លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសនៃអង្គការ ហេឡែន ខេលល័រ អន្តរជាតិ មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្ដាយ ពិតជាមានសារសំខាន់ណាស់សម្រាប់ទារកតូចៗ ព្រោះវាអាចផ្ដល់អាហារូបត្ថម្ភគ្រប់គ្រាន់ទៅដល់ទារកនោះ និងធ្វើឱ្យទារកមានប្រព័ន្ធការពារជំងឺផ្សេងៗ (អង់ទីគ័រ) ជាងទារក ដែលបំបៅដោយម្សៅទឹកដោះគោ។ លោកក្រើន បានអះអាងថា ការបំបៅដោះកូនដោយម្សៅទឹកដោះគោ ធ្វើឱ្យទារកនោះងាយរងគ្រោះជាងការបំបៅដោះកូនដោយទឹកដោះម្ដាយ ដោយសារកង្វះអាហារូបត្ថម្ភ ធ្វើឱ្យប្រព័ន្ធការពាររបស់ទារក មិនអាចការពារ និងទប់ទល់នូវការរាតត្បាតជំងឺផ្សេងៗ……………
សំឡេង៖
នាយកប្រចាំប្រទេសនៃអង្គការ ហេឡែន ខេលល័រ អន្តរជាតិរូបនេះ បានគូសបញ្ជាក់ថា ការខាតបង់ថវិកា ដោយសារការបំបៅដោះកូនដោយម្សៅទឹកដោះគោនោះ គឺចំណាយទៅលើទឹកដោះគោ ដែលរកឃើញថា មានប្រមាណជិត ១១០លានដុល្លារ ការព្យាបាលជំងឺរបស់ទារក និងម្តាយ ដែលមានប្រមាណជាង១លានដុល្លារ មរណៈភាពរបស់ទារក និងការខាតបង់ធនធានមនុស្ស និងបញ្ហាមួយចំនួនទៀត។
លោក ហ៊ូ ក្រើន បន្តថា ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុត ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភកុមារ។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបំបៅដោះកូនដោយទឹកដោះម្ដាយមានការធ្លាក់ចុះ។ លោកបានអះអាងថា តាមរយៈការស្រាវជ្រាវ បានរកឃើញថា ការបំបៅកូនដោយទឹកដោះម្ដាយ បានធ្លាក់ចុះពីចំនួន ៧៣.៥ភាគរយនៅឆ្នាំ២០១០ មកដល់ចំនួន ៦៤.៦ភាគរយនៅឆ្នាំ២០១៤កន្លងមក។ លោកបន្ថែមថា ដោយឡែក តួលេខនៃការបំបៅទារកដោយដបទឹកដោះគោ បានកើនឡើងឆាប់រហ័សពីចំនួន ១១.៨ភាគរយនៅឆ្នាំ២០០៥ ដល់ចំនួន ២៤.៧ភាគរយនៅឆ្នាំ២០១០ ហើយកើនឡើងដល់ចំនួនជាង ៣០ភាគរយនៅឆ្នាំ២០១៤។
លោកបានពន្យល់ថា ការចុះថយនៃការបំបៅដោះម្តាយនេះ ដោយសារការចុះខ្សោយនៃការអនុវត្តអនុក្រឹតលេខ១៣៣ នៅមានកម្រិត ការរីករាលដាលនៃការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ កង្វះខាតចំណេះដឹងអំពីការបំបៅទឹកដោះម្តាយ ខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ និងសង្គម ច្បាប់លំហែមាតុភាពនៅមានកម្រិត និងខ្វះខាតការគាំទ្រនៅកន្លែងធ្វើការ ព្រមទាំងការចំណាកស្រុកដើម្បីស្វែងរកឱកាសការងារ។
របាយការណ៍ស្រាវជ្រាវរួមមួយដែលត្រូវបានធ្វើឡើងរួមគ្នាដោយអង្គការទស្សនៈពិភពលោក និងអង្គការ Helen Keller អន្តរជាតិកាលពីឆ្នាំ២០១៨ កន្លងមក បានរកឃើញថា ៩៨ភាគរយ នៃផលិតផលម្សៅទឹកដោះគោ បានរំលោភលើអនុក្រឹតលេខ១៣៣ របស់រដ្ឋាភិបាលកម្ពុជា ដូចជា ពុំមានសារជាភាសាខ្មែរពេញលេញ ពុំមានសារលើកកម្ពស់គុណតម្លៃទឹកដោះម្ដាយ និងពុំមានសារព្រមានពីគ្រោះថ្នាក់នៃការបំបៅកូនដោយម្សៅទឹកដោះគោនោះឡើយ។
របាយការណ៍អង្គការសុខភាពពិភពលោក បានរកឃើញថា ការបំបៅទារកដោយម្សៅទឹកដោះគោ បានធ្វើឲ្យខាតបង់ថវិកាដល់ទៅ ៣៤១ពាន់លានដុល្លារនៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។ អង្គការសុខភាពពិភពលោក បានឲ្យដឹងទៀតថា ការបំបៅទារកដោយទឹកដោះម្ដាយ អាចជួយសង្គ្រោះជីវិតមនុស្សជាង ៨២ម៉ឺននាក់ និងជួយសង្គ្រោះស្ត្រីដល់ទៅ ២ម៉ឺននាក់ ពីជំងឺមហារីកសុដន់ក្នុងមួយឆ្នាំៗ។ អង្គការមួយនេះ បានលើកឡើងទៀតថា ការបំបៅទារកដោយទឹកដោះម្ដាយ ក៏ជួយដល់ដំណើរលូតលាស់រាង្គកាយ និងបញ្ញារបស់កុមារ ហើយវាពាក់ព័ន្ធយ៉ាងខ្ពស់ទៅនឹងលទ្ធផលសិក្សា និងសមត្ថភាពរបស់ក្មេងនាពេលអនាគតផងដែរ៕