​នគរបាលជាតិ​ប្រកាស​តាម​ចាប់ខ្លួន​លោក​សម រង្ស៊ី​តាម​គ្រប់​មធ្យោបាយ​

27-07-2019 10:41 am 632
  ស្តាប់
ស្តាប់ជាសំឡេង

​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ កក្កដា បាន​ប្រកាស​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី និង​បក្ខពួក តាម​គ្រប់​មធ្យោបាយ​ស្របតាម​ច្បាប់ ក្រោយ​ទទួលបាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​អតីត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ។ យ៉ាងណាក៏ដោយ​អគ្គស្នងការ​នគរបាល​ជាតិ អំពាវនាវ​ឱ្យ​ឈប់​ជា​បន្ទាន់​នូវ​រាល់​ចេតនា​រារាំង​ការអនុវត្ត​ដី​ការ​របស់​តុលាការ...

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅថ្ងៃនេះ បានប្រកាសថា នឹង​ចាត់វិធានការ​តាម​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ​ស្របតាម​ច្បាប់ ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព តាម​ដី​ការ​របស់​តុលាការ ក្នុង​ការស្វែងរក និង​ចាប់ខ្លួន​លោក សម រង្ស៊ី និង​បក្ខពួក យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះ​ថ្ងៃ​ទី​២៧ កក្កដា បានបញ្ជាក់​ថា ការប្រកាស​តាម​ចាប់ខ្លួន​នេះ ធ្វើឡើង​ក្រោយ​អង្គភាព​បានទទួល​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លោក សម រង្ស៊ី និង​បក្ខពួក ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ហើយ​បច្ចុប្បន្ន​កំពុង​គេចខ្លួន ។​

​ជាមួយគ្នានេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ក៏​អំពាវនាវ សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ចេតនា​រារាំង​ការអនុវត្ត​ដី​ការ​របស់​តុលាការ ព្រោះ​សកម្មភាព​រារាំង​ការអនុវត្ត​ដី​ការ​របស់​តុលាការ គឺជា​អំពើ​ដែល​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ។​

​ម្យ៉ាងទៀត អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ក៏​បាន​បន្ត​អំពាវនាវ​សាធារណជន​ជាតិ​និង​អន្តរជាតិ ចូលរួម​គាំទ្រ​ដល់​ការអនុវត្ត​ភារកិច្ច​របស់​កងកម្លាំង​អនុវត្ត​ច្បាប់ និង​កុំ​ធ្លាក់​ក្នុង​ឧបាយកល​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​កំពុង​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​បះបោរ​ប្រឆាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​សកម្មភាព​នេះ គឺ​ជា​ទង្វើ​ខុសច្បាប់ ហើយក៏​ជា​ទង្វើ​ដែល​បង្ក​ឱ្យមាន​អសន្តិសុខ​ដល់​សង្គម ។​

​គូសបញ្ជាក់ថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១៩ លោក សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្សប្រឆាំង ដែល​កំពុង​និរទេស បាន​រង​បណ្តឹង​រហូតដល់​ទៅ​១០ ក្នុងនោះ​បណ្តឹង​ចំនួន​៨ ត្រូវ​បាន​ជំនុំជម្រះ​រួចរាល់ ខណៈ​បណ្តឹង​២​ទៀត កំពុងស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ ៕

ព័ត៌មានផ្សេងទៀត