លោក​ហ៊ុន សែន​ស្នើ​IFAD​ផ្តល់​បទពិសោធន៍​ជួយ​ដំណាំ​ស្រូវ​នៅ​កម្ពុជា​

26-07-2019 7:04 pm 212
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួប​នា​ថ្ងៃទី​២៦ កក្កដា បាន​ស្នើ​ដល់​ប្រធាន​អង្គការ​IFAD ជួយ​ផ្តល់​បទពិសោធន៍ ការសិក្សា​ស្រាវជ្រាវ​ដល់​កម្ពុជា ស្របពេល​ដែល​ការដាំដុះ​ដំណាំ​ស្រូវ​នៅ​កម្ពុជា កំពុង​ជួប​បញ្ហា​ប្រឈម ដោយសារ​ការប្រែប្រួល​អាកាសធាតុ ...

​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ជំនួប​ជាមួយ​លោក Gilbert Houngbo ប្រធាន​អង្គការ​IFAD នា​ថ្ងៃ​ទី​២៦ កក្កដា បាន​ស្នើ​ឱ្យ​អង្គការ IFAD ជួយ​ពិនិត្យមើល និង​ចែករំលែក​នូវ​បទពិសោធន៍​ដែល​មាន និង​ការស្រាវជ្រាវ ដើម្បី​ជួយ​ដល់​កម្ពុជា ។ 

​លោក ហ៊ុន សែន ថ្លែងថា កម្ពុជា​កំពុង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឱ្យ​ប្រជាកសិករ​អាច​ដាំ​ដុះ​លើ​ទីតាំង​ដែល​សមស្រប នឹង​ដំណាំ​កសិកម្ម​នីមួយៗ​ដែល​អាច​ទទួលបាន​ទិន្នផល​ខ្ពស់​, ជំរុញ​ការអនុវត្ត​ប្រពលវប្បកម្ម និង​ជំរុញ​ការដាំដុះ​នៅលើ​ផ្ទៃដី​ដែល​មាន​ស្រាប់ ដោយ​ពុំ​ចាំបាច់​ពង្រីក​ផ្ទៃដី​កសិកម្ម ។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​អំពី​កង្វល់​របស់​កម្ពុជា ក្នុង​ការសិក្សា​ស្រាវជ្រាវ​រក​ពូជស្រូវ​ដែល​អាច​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ព្រោះ​ក្នុង​តំបន់​មួយចំនួន​នៅ​កម្ពុជា មាន​កម្តៅ​ឡើង​ជាង​៤២​អង្សា ដែល​សីតុណ្ហភាព​នេះ ពិតជា​អាច​បំផ្លាញ​ដំណាំ​ស្រូវ​បាន ។​

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែងបន្ត​ថា កម្ពុជា​បាន​គ្រោង​នាំ​អង្ករ​ចេញ​ចំនួន​១​លាន​តោន តែ​យើង​ធ្វើ​បាន​ជោគជ័យ​តែ​៥០%​នៃ​គម្រោង​តែប៉ុណ្ណោះ ។ លោក​អះអាង​ថា​កត្តា​មិន​ជោគជ័យ​គឺ​មាន​មូលហេតុ​ចំនួន​ពីរ ទី​១.​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ផលិត​ស្រូវ​ដើម្បី​នាំចេញ​ដូច​កម្ពុជា ហើយ​ទី​២.​ការផលិត​របស់​កម្ពុ​ជា​នៅ​មាន​តម្លៃ​ខ្ពស់​នៅឡើយ ៕

ព័ត៌មានផ្សេងទៀត