ចិន​ផ្តល់​ហិរញ្ញប្បទាន​២៦​លាន​ដុល្លារ​ដល់​កម្ពុជា​លើ​គម្រោង​អភិវឌ្ឍ​ចំនួន​៣

26-07-2019 4:45 pm 238
  ស្តាប់
ស្តាប់ជាសំឡេង

​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ក្នុង​ទឹកប្រាក់​២៦​លាន​ដុល្លារ​ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​០២៦ ខែកក្កដា ឆ្នាំ​២០១៩ នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ។​ភាគី​កម្ពុជា​តំណាង​ដោយ​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ភាគី​ចិន តំណាង​ដោយ​លោក Deng Boqing អនុប្រធាន​ទី​ភ្នាក់ងារ​ចិន សម្រាប់​កិច្ច​សហប្រតិបត្តិការ អភិវឌ្ឍន៍​អន្តរជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​គម្រោង​ទាំង ០៣ រួមមាន​៖​គម្រោង​ទី​១៖ គម្រោង​ជួសជុល​អគារ​មិត្តភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ទី​២៖ គម្រោង​កិច្ចសហប្រតិបត្តិការ បច្ចេកទេស​អគារ​បច្ចេកវិទ្យា នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​និង គម្រោង​ទី​៣៖ គម្រោង​ផ្គង់​ផ្គង់​ម៉ាស៊ីន​ស្កែន ជូន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​នៅក្នុង​ឱកាស នៃ​ពិធី​ចុះហត្ថលេខា លើ​លិខិត​ប្តូរ​សារ​សម្រាប់​គម្រោង​ទាំង​០៣​ខាងលើ​នេះ​ដែរ លោក​រដ្ឋលេខាធិការ​ប្រចាំការ វង្សី វិស្សុត និង​លោក Deng Boqing ក៏​បាន​ធ្វើ​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក អំពី​កិច្ច​សហ​ប្រត្តិការ​ហិរញ្ញប្បទាន​ទ្វេភាគី​កន្លងមក ក៏​ដូច​ជា​ទិសដៅ នៃ​កិច្ចសហប្រតិបត្តិការ​នៅពេល​អនាគត ទាំង​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន ។​

​គម្រោង​នេះ​ក្នុង​គោលដៅ ដើម្បី​វិបុលភាព និង​សុខមាលភាព​នៃ​ប្រជាជន​កម្ពុជា ដោយ​ផ្តោត​សំខាន់ លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ទាំង​លើ វិស័យ​គមនាគមន៍ (​ផ្លូវ​/​ស្ពាន​), ប្រព័ន្ធធារាសាស្ត្រ និង​វិស័យ​អគ្គិសនី និង​ការប្រើប្រាស់ ហិរញ្ញប្បទាន​ឥត​សំណង សំដៅ​អភិវឌ្ឍន៍​វិស័យ​សង្គមកិច្ច​ដូចជា ការសាងសង់​សាលារៀន ផ្លូវ​ជនបទ និង​ការផ្គត់ផ្គង់​ទឹកស្អាត ព្រមទាំង​វិស័យ​មួយចំនួន ដែល​ជា​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​គួរ​បញ្ជាក់ដែរថា គិត​ចាប់ពី​ឆ្នាំ ២០០១ ដល់​ខែ​កក្កដា ឆ្នាំ​២០១៩ ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៦០០០​លាន ដុល្លារ​អាមេរិក ក្នុងនោះ ឥណទាន​សម្បទាន​មាន​សរុប​ចំនួន​ប្រមាណ ៤៤០០​លាន​ដុល្លារ​អាមេរិក ហិរញ្ញប្បទាន​ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ចំនួន​ប្រមាណ ១៦០០ លាន ដុល្លារ​អាមេរិក (​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​ឥត​ការប្រាក់​)៕

ព័ត៌មានផ្សេងទៀត