លោក​គីម ជុង​អ៊ុន​៖​​ការបាញ់​​មី​ស៊ី​ល​​ជាថ្មី​ដើម្បី​គំរាម​​ទៅ​កូរ៉េខាងត្បូង​

26-07-2019 10:59 am 250
រូបភាព​លោកគីម ជុងអ៊ុន​​កំពុងពិភាក្សា​ជាមួយមន្ដ្រី

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​២៦​កក្កដា​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ត្រួតពិនិត្យ​ការ​ធ្វើតេស្ដ​មី​ស៊ី​លពីរ​គ្រាប់​ដោយផ្ទាល់​កាលពី​ព្រឹក​ថ្ងៃទី​២៥​កក្កដា​។ មី​ស៊ី​ល​នេះ​ជា​អាវុធ​ប្រភេទ​ថ្មី ហើយ​ការធ្វើ​តេស្ដ​គឺជា​ការព្រមាន​មួយ​ដល់​កូរ៉េខាងត្បូង ឲ្យ​បញ្ឈប់​ការនាំ​ចូល​អាវុធ​និង​ឈប់​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​អាមេរិក​។ ការបាញ់​មី​ស៊ី​លពីរ​គ្រាប់​កាលពី​ព្រឹក​ថ្ងៃទី​២៥​កក្កដា គឺជា​លើកដំបូង​គិត​តាំងពី​លោក​គីម ជុង​អ៊ុន​និង​លោក​ដូណាល់ ត្រាំ ព្រមព្រៀង​ពិនិត្យឡើងវិញ​កិច្ចចរចា​រំលាយ​នុយក្លេអ៊ែរ​ដែល​កំពុង​ជាប់គាំង​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​KCNA​កូរ៉េខាងជើង បាន​ដកស្រង់​សម្ដី​លោក​គីម ជុង​អ៊ុន​ថា កូរ៉េខាងជើង​មិនអាច​ឈប់​អភិវឌ្ឍ​ប្រព័ន្ធ​សព្វាវុធ​ដែលមាន​អានុភាព​បានទេ ព្រោះ​កូរ៉េខាងជើង​ត្រូវការពារ​ខ្លួន​ប្រឆាំង​ការគំរាមកំហែង​។ កូរ៉េខាងជើង​ត្រូវ​ទប់ស្កាត់​សក្ដានុពល​នៃ​ការគំរាមកំហែង​ដោយផ្ទាល់​ចំពោះ​សន្ដិសុខ ពី​សំណាក់​កូរ៉េខាងត្បូង​។ សារព័ត៌មាន​កូរ៉េខាងជើង​មិនបាន​និយាយ​ឈ្មោះ​លោក​ត្រាំ​ឬ​អាមេរិក​ទេ ប៉ុន្ដែ លោក​គីម​បាន​រិះគន់​អាជ្ញាធរ​កូរ៉េខាងត្បូង ចំពោះ​ផែនការ​ធ្វើ​សមយុទ្ធ​យោធា​រួមជាមួយ​កងទ័ព​អាមេរិក​។​

​លោក​គីម​សង្កត់ធ្ងន់ថា ការ​ធ្វើតេស្ដ​មី​ស៊ី​ល​នៅពេលនេះ​គឺជា​ការព្រមាន​ដោយផ្ទាល់​ចំពោះ​កូរ៉េខាងត្បូង និង​ចោទប្រកាន់​កូរ៉េខាងត្បូង​ចង់​ដោះស្រាយ​បញ្ហា​តាម​វិធីសាស្ដ្រ​ពីរ​យ៉ាង ដោយ​មាត់​និយាយថា​គាំទ្រ​សន្ដិភាព ប៉ុន្ដែ​នៅ​នាំចូល​អាវុធ​ថ្មីៗ​ហើយ​ថែមទាំង​បន្ដធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​ទៀត​។ ដូច្នេះ​កូរ៉េខាងត្បូង​គួរតែបញ្ឈប់​សកម្មភាព​របស់ខ្លួន​ជាបន្ទាន់ មិនគួរ​ធ្វើឲ្យមាន​កំហុស​ដោយសារ​តែមិន​អើពើ​និង​ការព្រមាន​ឡើយ​។​

​សម្រាប់​ក្រសួងការបរទេស​អាមេរិក​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​មាន​ការអត់ធ្មត់ មិនត្រូវ​បង្កហេតុ​បន្ថែម​ទេ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​អាច​ចាប់ផ្ដើម​កិច្ចចរចា​ស្ដីពី ការរំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ឡើងវិញ​។ អាមេរិក​និង​កូរ៉េខាងជើង​ធ្លាប់​ប្ដេជ្ញា​នឹង​ចាប់ផ្ដើម​កិច្ចចរចា​ក្នុងពេល​ឆាប់ៗ​។ រីឯ​កូរ៉េខាងត្បូង​ក៏​ទទូ​ចឲ្យក្រុង​ព្យុងយ៉ាង​បញ្ឈប់​ទង្វើ​ធ្វើឲ្យ​ស្ថានការណ៍​រឹតតែ​តានតឹង និង​ត្រូវ​ឈប់​បង្ក​ការគំរាមកំហែង​ផ្នែក​យោធា​៕

ព័ត៌មានផ្សេងទៀត