ផលិតផលសូត្រ​ ត្រូវបានចាត់ទុកជាទំនិញ​មានសក្តានុពលខ្ពស់​

26-07-2019 10:19 am 210
  ស្តាប់
ស្តាប់ជាសំឡេង

នាថ្ងៃទី២៥ កក្កដា លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិប្បកម្មផលិតសូត្រ ដែលមានដាំដើមមន និងចិញ្ចឹមកូនដង្កូវនាង ស្រាវយកសរសៃសូត្រនិងតម្បាញសូត្រ ដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីតាមដានវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។

លោកប៉ាន សូរស័ក្តិ បានលើកទឹកចិត្តដល់កសិករទាំងអស់ ឱ្យខិតខំថែរក្សាមុខរបរប្រពៃណីតម្បាញសូត្រ និងបានពន្យល់អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល, ការស្វែងរកទីផ្សារ និងការជំរុញលើកស្ទួយផលិតផលសូត្រមាស ឬសូត្រប្រណីតរបស់កម្ពុជា ដើម្បីធ្វើពិពិធកម្មការនាំចេញ និងកាត់បន្ថយការនាំចូលសរសៃសូត្រឆៅពីបរទេស។

ក្រសួងតែងចាត់ទុកផលិតផលសូត្រ ជាទំនិញមានសក្តានុពលខ្ពស់ទាំងវប្បធម៌និងសេដ្ឋកិច្ច កន្លងមកយើងតែងគាំទ្រសកម្មភាពផលិតសូត្រនៅតាមសហគមន៍ ហើយតាមរយៈគម្រោង AIMS យើងកំពុងខិតខំអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផលិតផលនេះ ដោយតភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ ដើម្បីជំរុញការនាំចេញ។ នេះបើតាមការលើកឡើងរបស់លោកប៉ាន សូរស័ក្តិ ។

គួរបញ្ជាក់ថា ដើម្បីលើកកម្ពស់ផលិតកម្មសូត្រមាស សំដៅបង្កើតការងារជូនស្ត្រីនៅតំបន់ជនបទ និងធ្វើពិពិធកម្មការនាំចេញផលិតផល រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានចងក្រងយុទ្ធសាស្រ្តសូត្រជាតិ ឆ្នាំ២០១៦-២០២០ ដោយផ្តោតលើការអភិរក្សប្រពៃណីវប្បធម៌តម្បាញសូត្រ ការបណ្តុះបណ្តាលបច្ចេកទេស និងការធ្វើទំនើបកម្មផលិតកម្មសូត្រមាស ប្រកបដោយចីរភាព៕

 

ព័ត៌មានផ្សេងទៀត