អាមេរិក​ចេញ​​បញ្ជា​​ឲ្យប្រើ​​ទោស​ប្រហារជីវិ​ត​លើក​​ដំបូង​​គិត​តាំង​ពី​ឆ្នាំ​២០០៣

26-07-2019 10:14 am 244
រូបភាព​​ទីតាំង​ប្រើសម្រាប់ប្រហារជីវិតអ្នកទោស

​អគ្គ​រដ្ឋអាជ្ញា​អាមេរិក​លោក​William Barr បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា លោក​បានចេញ​បញ្ជា​ដោយផ្ទាល់​ទៅកាន់​ការិយាល័យ​ពន្ធនាគារ ឲ្យ​រៀបចំ​ពេលវេលា​ដើម្បី​កាត់ទោស​ប្រហារជីវិត​អ្នកទោស​៥​នាក់​។ លោក​Barr​និយាយថា​អ្នកទោស​ទាំង​៥​រូប រង​ការចោទប្រកាន់​ពីបទ​រំលោភ​និង​សម្លាប់​ក្មេងៗ​និង​មនុស្ស​ចាស់​។ កាលវិភាគ​កាត់ទោស​ប្រហារជីវិត​ពួកគេ​គឺ​នៅ​ខែធ្នូ​ឆ្នាំ​២០១៩ និង​ខែមករា​ឆ្នាំ​២០២០​។​

​លោក​Barr​បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ស្ថិតក្រោម​រដ្ឋបាល​នៃ​គណបក្ស​ទាំងពីរ ក្រសួង​យុត្ដិធម៌​បានសម្រេច​ប្រើ​ទោស​ប្រហារជីវិត ប្រឆាំង​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ដ​អំពើ​ឃោ​ឃៅ​បំផុត​។ ក្រសួង​យុត្ដិធម៌​គាំទ្រ​នីតិរដ្ឋ ហើយ​ជំពាក់​ជនរងគ្រោះ​និង​គ្រួសារ​របស់​ពួកគេ ក្នុងការ​អនុវត្ដ​ទោស​ទៅតាម​ប្រព័ន្ធ​យុត្ដិធម៌​។ ចំពោះ​ការប្រកាស​ប្រើ​ទោស​ប្រហារជីវិត​លើ​អ្នកទោស​នៅពេលនេះ គឺជា​លើកដំបូង​គិត​តាំងពី​ឆ្នាំ​២០០៣​។ 

​ក្រុម​សិទ្ធិមនុស្ស​បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការប្រើ​ទោស​ប្រហារជីវិត គឺ​បារម្ភ​ពី​ភាព​យុត្ដិធម៌​ក្នុង​ការកាត់ក្ដី​។ ពួកគេ​បានស្នើ​ឲ្យមាន​ការ​ពិតនិត្យពិច័យ​ឡើង​វិញ​ឲ្យបាន​ច្បាស់លាស់ ចៀសវាង​សម្រេចចិត្ដ​ទាំងប្រថុច​ញ៉ុច​៕

ព័ត៌មានផ្សេងទៀត